website_news:2022090903

មន្ត្រីរដ្ឋាភិបាល៖ ការស៊ើបអង្កេតលើការជួញដូរមនុស្សមកកម្ពុជានៅតែបន្ត

https://www.khmertimeskh.com/501146629//?p=1146629 Khmer Times September 7, 2022

មន្ត្រីរដ្ឋាភិបាលបានរាយការណ៍អំពីបញ្ហាជនជាតិវៀតណាម ដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាលនៅទីក្រុងហាណូយកាលពីថ្ងៃទី៦ ខែកញ្ញា។ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu មានប្រសាសន៍ថា ក្រសួងការបរទេស និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជាបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងសន្តិសុខសាធារណៈ ក្រសួងការពារជាតិ និងតាមមូលដ្ឋាន ជាពិសេសនៅតាមព្រំដែនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ដើម្បី ផ្ទៀងផ្ទាត់ព័ត៌មាន និងអនុវត្តវិធានការការពារប្រជាពលរដ្ឋ។ លោកបន្តថា កម្លាំងជំនាញ និងបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ត្រូវបានបង្កើតឡើង ដើម្បីត្រៀមទទួលសំណើសុំជំនួយ និងជួយប្រជាពលរដ្ឋ ខណៈការព្រមានពាក់ព័ន្ធ ត្រូវបានបង្ហោះតាមគេហទំព័រ និងបណ្តាញសង្គមផងដែរ។

លោកថាមិនទាន់មានចំនួនពិតប្រាកដនៃជនជាតិវៀតណាមដែលត្រូវបានបោកប្រាស់មកធ្វើការនៅកម្ពុជានោះទេ ដោយលោកបានបន្ថែមថា ភ្នាក់ងារតំណាងវៀតណាមបានសម្របសម្រួលក្នុងការជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តជនវៀតណាមប្រមាណ ៦០០ នាក់ ក៏ដូចជាផ្តល់ជំនួយទាក់ទងនឹងនីតិវិធីច្បាប់សម្រាប់មនុស្សជាច្រើនទៀត។ លោក Vu បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភ្នាក់ងារតំណាងរបស់វៀតណាមប្រចាំនៅកម្ពុជានឹងបង្កើនការសម្របសម្រួលជាមួយក្រសួង ផ្នែកនានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តការពារប្រជាពលរដ្ឋ និងកម្មករវៀតណាម។

លោកឧត្តមសេនីយ៍ទោ To An Xo ប្រធានការិយាល័យ និងជាអ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈបានមានប្រសាសន៍ថា ក្រសួងបានដឹកនាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលសណ្តាប់ធ្នាប់សង្គម និងនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងនគរបាលតាមមូលដ្ឋាន ជាពិសេសអ្នកជាប់ព្រំដែនកម្ពុជា ដើម្បីសម្របសម្រួលជាមួយកម្លាំងការពារព្រំដែន ដើម្បីស៊ើបអង្កេត និងផ្ទៀងផ្ទាត់បណ្តាញជួញដូរមនុស្សពីវៀតណាមមកកម្ពុជា។លោកកត់សម្គាល់ថា ការស៊ើបអង្កេតដំបូងបានទទួលលទ្ធផលល្អ។ VNA

website_news/2022090903.txt · Last modified: 2022/09/09 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki