website_news:2022090906

ហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ទទួលបានពាក្យបណ្តឹងចំនួន១២៥ ទាក់ទងនឹងការស្នើអន្តរាគមន៍លើករណីបង្ខាំង និងជួញដូរពលកម្ម

http://freshnewsasia.com/index.php/en/localnews/256500-2022-09-07-10-46-02.html 2022-09-07 05:46pm

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតមកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលពាក់បណ្តឹងសរុបចំនួន ១២៥បណ្តឹងហើយ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេច។ លោកបានបញ្ជាក់ថា បណ្តឹងទាំង ១២៥នោះ គឺពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ជួយសង្គ្រោះជនបរទេស ដែលត្រូវបានអះអាងថាបង្ខាំង និងជួញដូរកម្លាំងពលកម្ម នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីសម្តេចបានអំពាវនាវឱ្យភាគីទាំងអស់ រួមទាំងបរទេសផងដែរ សហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងករណីទាំងនេះ។ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ សរុបពាក្យបណ្ដឹងទាំង ១២៥នេះ គឺចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់ សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្តេចក្រឡាហោម បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ។ សម្តេចក៏បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការផ្ដល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេលកន្លងមកពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះផងដែរ៕

website_news/2022090906.txt · Last modified: 2022/09/09 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki