website_news:2022090907

បុរស២នាក់ចោទក្រុមហ៊ុននាំពលករស្របច្បាប់មួយថា «សន្យាហើយមិនទទួលខុសត្រូវ»

https://kohsantepheapdaily.com.kh/article/1594892.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ០៨ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ១០:២៧ ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់បានស្កាត់រកអ្នកយកព័ត៌មានតាមដងផ្លូវដោយរៀបរាប់ថាពួកខ្លួនបានចំណាយប្រាក់ម្នាក់អស់២០០ដុល្លារ ព្រោះចង់ទៅធ្វើការស្របច្បាប់លើទឹកដីថៃដឹងអីក្រុមហ៊ុននាំពលករស្របច្បាប់មួយបានត្រឹមតែសន្យា និងយកប្រាក់ហើយបែរជាមិនទទួលខុសត្រូវទៅវិញ។

បុរសទាំង២នាក់ខាងលើ ម្នាក់ឈ្មោះសម ឌីណែត អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត និងម្នាក់ឈ្មោះតាំង ពៅ អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ បុរសទាំង២នាក់ប្រាប់កោះសន្តិភាពថា ក្នុងអំឡុងខែឧសភា ២០២២ ពួកខ្លួនត្រូវបានស្ត្រីម្នាក់ឈ្មោះភា ជាបុគ្គលិកក្រុមហ៊ុននាំពលករស្របច្បាប់ «ក្រុមហ៊ុនព្រីមៀមមេនផៅវ័រសឺវីសឯ.ក» មានការិយាល័យនៅខាងជើងឈាងខាងលិចសាលាក្រុងប៉ោយប៉ែត ជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ណែនាំឲ្យធ្វើលិខិតឆ្លងដែន ដើម្បីបានចេញទៅធ្វើការនៅប្រទេសថៃ ផ្នែកអេឡិចត្រូនិច។ បុរសទាំង២នាក់បន្តថា លុះស្តាប់កាណែនាំពីរបៀបបំពេញឯកសារ និងពីច្បាប់ការងារនៅក្នុងប្រទេសថៃនៅសាខាក្រុមហ៊ុនខាងលើរួច ឈ្មោះផាន ភេទប្រុស ជាបុគ្គលិកក្រុមហ៊ុនក៏នាំពួកខ្លួនទៅកាន់ការិយាល័យធ្វើលិខិតឆ្លងដែន ក្នុងភូមិនិងសង្កាត់ផ្សារកណ្តាល។

ពួកគាត់បន្តថា ក្រោយធ្វើលិខិតឆ្លងដែនរួចខាងក្រុមហ៊ុនប្រាប់ឲ្យរងចាំរយៈពេលយ៉ាងយូរ២ខែទើបបានចេញដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅធ្វើការនៅប្រទេសថៃ។ បុរសទាំង២នាក់បន្តទៀតថា លុះដល់រយៈពេលកំណត់ពួកខ្លួនទៅសួរនាំរឿងចេញដំណើរទៅប្រទេសថៃបែជាខាងក្រុមហ៊ុននិយាយថា ឥឡូវក្រុមហ៊ុនប្តូរគោលការណ៍ហើយ គឺមិនទៅកាត់ប្រាក់ធ្វើការម្នាក់១៨.០០០បាតនៅប្រទេសថៃ ដូចគម្រោងពីមុនឡើយពោល គឺបើចង់ទៅត្រូវបង់ប្រាក់ម្នាក់១៨០០០បាតនៅដីខ្មែរជាមុនសិន។ បុរសទាំង២នាក់បន្តថា បើខាងក្រុមហ៊ុនណែនាំឲ្យច្បាស់លាស់ពួកខ្លួន ក៏មិនចំណាយប្រាក់ម្នាក់២០០ដុល្លារដែរ ។ មិនតែប៉ុណ្ណោះខាងក្រុមហ៊ុនឲ្យពួកខ្លួនឡើងទៅដកលិខិតឆ្លងដែនវិញបើមិនព្រមបង់ប្រាក់ម្នាក់១៨០០០បាត ដើម្បីចង់បន្តដំណើរទៅធ្វើការលើទឹកដីថៃ ។ ហើយពេលពួកខ្លួនទារប្រាក់ម្នាក់២០០ដុល្លារវិញ បែរជាខាងក្រុមមិនទទួលខុសត្រូវ និងរុញដាក់គ្នាពីម្នាក់ទៅម្នាក់និងនិយាយថាបុគ្គលឹកចាស់ៗទៅអស់ហើយនៅតែពួកខ្លួនជាអ្នកថ្មីមិនដឹងអីទេ។ឈ្មោះសម ឌីណែត និយាយថា ព្រោះតែចង់បំពេញបំណងកូនម្តាយខ្លួនសុខចិត្តដោះក្រវឹលពីត្រចៀកយកទៅលក់ ដើម្បីបានប្រាក់ឲ្យខ្លួនធ្វើលិខិតឆ្លងដែននិងទៅធ្វើការដោយស្របច្បាប់លើទឹកដីគេ ។

ជុំវិញករណីខាងលើលោក ស៊ន សារិន ប្រធានក្រុមហ៊ុនព្រីមៀមមេនផៅវ័រសឺវីសឯ.កបានបដិសេធថា លោកមិនបានដឹងរឿងរ៉ាវខាងលើទេ ដោយនិយាយថា ដរាបណាបុរសទាំង២នាក់ ហៅអ្នកពាក់ព័ន្ធទទួលឯកសារ ឬប្រាក់កន្លងមកជួបទើបដឹង។ ពេលសាកសួរបន្តថា តើក្រុមហ៊ុនរបស់លោកមានការិយាល័យនៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់កណ្តាលក្រុងប៉ោយប៉ែត និងមានបុគ្គលិកប្រុសស្រីឈ្មោះភា ឬឈ្មោះផានដែរឬទេ? លោកទទួលស្គាល់ថា មានមែនហើយថា បុគ្គលិកប្រុសឈ្មោះផាន បានឈប់យូរហើយ ខណៈបុគ្គលិកស្រីឈ្មោះភា ត្រូវបានលោកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលដើម្បីស្រាវជ្រៀវហៅសួរនាំ ព្រោះធ្វើការខុសលក្ខ័ណ្ឌរបស់ក្រុមហ៊ុនធ្វើឲ្យកើតមានបញ្ហា ៕

website_news/2022090907.txt · Last modified: 2022/09/09 10:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki