website_news:2022090908

រដ្ឋមន្ដ្រីមហាផ្ទៃ ចាត់ទុកការជួញដូរមនុស្ស នៅកម្ពុជា មានអង្គការចាត់តាំង ព្រោះមេខ្លោងសុទ្ធតែបរទេស

https://dap-news.com/national/2022/09/08/277285/ ByDR103Posted on September 8, 2022

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកករណីជួញដូរមនុស្សកើតមានឡើង នៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ មានអង្គការចាត់តាំង ព្រោះមេខ្លោង និងអ្នកប្រព្រឹត្តបទល្មើសនេះ ស្ទើរតែសុទ្ធសឹង ជាជនបរទេសទាំងអស់។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេច ស ខេង បានបញ្ជាក់ថា ប្រទេសកម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ដោយសារតែការជួញដូរមនុស្ស ហើយករណីនេះ ត្រូវបានគេចាត់ទុកកម្ពុជា ចូលក្នុងបញ្ជីខ្មៅ និងប្រទេសជាប់លេខបី ដែលមានភាពប្រងើយកន្តើយ ក្នុងការទប់ស្កាត់បទល្មើសមួយនេះ។ សម្ដេច បញ្ជាក់ថា «កម្ពុជាជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តិបទល្មើស ដែលជាមេខ្លោងនោះ ៩៩.៩៩ភាគរយ គឺមិនមែនខ្មែរ ហើយការរៀបចំមនុស្សចេញមកពី ប្រទេសខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរផងដែរ»។ សម្តេច បានបញ្ជាក់បន្ថែមទៀតថា មេខ្លោងនៃការជួញដូរមនុស្សនេះ គឺជាជនជាតិវៀតណាម ជនជាតិចិនតៃវ៉ាន់ ជនជាតិចិន ជនជាតិឥណ្ឌូនេស៊ី ជនជាតិម៉ាឡេស៊ី និងជនជាតិថៃដើម។

យ៉ាងណាក៏ដោយ សម្តេច ស ខេង បានធ្វើការអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួមគ្នាឲ្យបានសកម្មបន្ថែមទៀត ក្នុងកិច្ចការទប់ស្កាត់នូវបទល្មើស នៃការជួញដូរមនុស្សនេះ ខណៈបទល្មើសនេះបានកំពុងកើតឡើង នៅលើទឹកដីកម្ពុជា គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងនោះ។ សម្ដេច ស ខេង បន្ថែមថា មានបទល្មើសថ្មីមួយ លិចឡើងយ៉ាងសាហាវចុងក្រោយ នៅកម្ពុជា វាមិនមែនជាបទល្មើសប្រពៃណីទេ គឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ សម្ដេច បញ្ជាក់ថា «ឥឡូវនេះមានបទល្មើសថ្មីមួយ ដែលលិចឡើងយ៉ាងសាហាវចុងក្រោយ នៅកម្ពុជារបស់យើងនេះ ដើម្បីខ្ញុំ យកឱកាសនេះបញ្ជាក់ វាមិនមែនជាបទល្មើសប្រព្រៃណីទេ បទល្មើសមុនប្រពៃណី នោះគឺបទល្មើសឆបោតាមប្រព័ន្ធទូរគមនាគមន៍ នេះហើយជាបញ្ហា កំពុងកើតមានសព្វថ្ងៃនេះ»។ សូមរំលឹកថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេស បានចំនួន៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។

ដោយឡែក នាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ សរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះ សរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ៕

website_news/2022090908.txt · Last modified: 2022/09/09 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki