website_news:2022100104

ពលរដ្ឋខ្មែរ២៤នាក់ និងពលរដ្ឋថៃ៥នាក់ ត្រូវយោធាថៃឃាត់ខ្លួន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៩ ខែ មករា ឆ្នាំ ២០២២ ម៉ោង ១៣:៥៣

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានឲ្យដឹងថា ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ យោធាកងរយប្រាណទី១,៣០៥ បានចុះដើរល្បាតក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ហើយក៏ប្រទះឃើញមនុស្សគួរឲ្យសង្ស័យមួយក្រុមដើរមកតាមច្រករបៀង រួចសំដៅចូលមកប្រទេសថៃ ក្នុងបរិវេណភូមិកុតហ៊ីន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ចំនួន១៣នាក់ ក្នុងនោះប្រុស០៦នាក់ ស្រី០៦នាក់ និងក្មេងស្រីម្នាក់ ទើបនាំខ្លួនមកសួរនាំបន្ថែម។ ក្រោយពីសមត្ថកិច្ចថៃសួរនាំ ទើបបានឲ្យដឹងថា ពលរដ្ឋខ្មែរមួយក្រុមនេះទៅធ្វើការខាងសំណង់នៅស្រុកបាងកះពិ ក្រុងបាងកក ដោយចំណាយប្រាក់ថ្លៃមេខ្យល់ជូនមក និងធ្វើដំណើរនេះ ក្នុងម្នាក់ៗ៧,០០០បាត។ បន្ទាប់ក៏មានកម្លាំងយោធាអង្គភាពចំពោះកិច្ចទី១២ ក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរបន្ថែម២នាក់ទៀត ក្នុងនោះប្រុសម្នាក់ នៅបរិវេណជិតច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយយក្រោយពីសួរនាំ ពួកគេបានឆ្លើយថា ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ដោយចំណាយប្រាក់ឲ្យមេខ្យល់ជនជាតិខ្មែរមិនស្គាល់ឈ្មោះ ក្នុងម្នាក់ៗ៥,០០០បាត ក្នុងបំណងទៅធ្វើការខាងសំណង់នៅខេត្តស្រះកែវ។ សមត្ថកិច្ចថៃតាមបន្ទាត់ព្រំដែន ក៏បានបញ្ជាក់ថា៖ កម្លាំងទាហានថៃប្រចាំស្រុកតាប្រាយ៉ា ខណៈកំពុងដើរល្បាត ក៏ប្រទះឃើញពលរដ្ឋខ្មែរចំនួន០៩នាក់បន្ថែមទៀត ដែលក្នុងនោះប្រុស០៤នាក់ និងស្រី០៥នាក់នាក់ នៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ដែលពួកគាត់ទាំងនោះ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ហើយមានបំណងទៅធ្វើការនៅស្រុកអារញ្ញ ខេត្តស្រះកែវ ។ ដូច្នេះសរុបទាំង០៣ករណីខាងលើនេះ គឺមានពលរដ្ឋខ្មែរចំនួន២៤នាក់ ក្នុងនោះស្រី១៣នាក់ (ក្មេងស្រីម្នាក់)។

សមត្ថកិច្ចថៃតាមបន្ទាត់ព្រំដែន បានបញ្ជាក់ទៀតថា បន្ទាប់មកទៀត ទាហានថៃក៏បានឃាត់ខ្លួនស្ត្រីជនជាតិថៃ៣នាក់ និងមេខ្យល់ជនជាតិថៃ២នាក់ ដែលកំពុងលួចឆ្លងដែនចូលមកប្រទេសកម្ពុជាវិញផងដែរ នៅត្រង់បរិវេណភូមិទព័សៀម ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។ ហើយក្រោយពេលសមត្ថកិច្ចថៃ សួរនាំពលករខ្មែរទាំង២៤នាក់ និងពលរដ្ឋថៃទាំង៥នាក់រួចរាល់ ក៏បានបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

website_news/2022100104.txt · Last modified: 2022/01/10 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki