website_news:2022100201

ពលករខ្មែរជាង ១ពាន់នាក់បានវិលពីថៃ តាមច្រកខេត្តបាត់ដំបង ក្នុងសប្ដាហ៍ទី១ខែនេះ ព្រោះកង្វះការងារ

https://news.btv.com.kh/ 02/09/2022 04:02 PM

បាត់ដំបង៖ ក្នុងរយៈពេល១សប្ដាហ៍ ដើមខែកុម្ភៈ ឆ្នាំ២០២២នេះ មានពលករខ្មែរប្រមាណ១៤០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈពលករភាគច្រើនមាន កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានយកសំណាកធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ នៅចំណុចច្រក ព្រំដែន ហើយចំពោះអ្នកវិជ្ជមាន ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាល អ្នកអវិជ្ជមានគ្មានកាតចាក់វ៉ាក់សាំង ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ចំណែកអ្នកអវិជ្ជមានមានកាតចាក់វ៉ាក់សាំងគ្រប់២ដូស ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរជាង១ពាន់នាក់ ដែលវិលត្រឡប់មក ពីប្រទេសថៃ មានពលករចំនួន២នាក់ ត្រូវបានធ្វើធ្វើតេស្តរកឃើញជំងឺកូវីដ១៩ និងត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមណ្ឌលព្យាបាលស្រុកសំពៅលូន។

បើតាមក្រុមពលករ បានឱ្យដឹងថា ពួកគេបានវិលត្រឡប់មកស្រុកកំណើតវិញ ដោយសារកង្វះការងារជាពិសេសក្នុងមួយរយៈពេលចុងក្រោយនេះ ភាគីថៃបានចុះរឹតបន្តឹងវិធានការសុខាភិបាល នៅតាមកន្លែងធ្វើការងារ និងតាមទីសាធារណៈ ក្រោមហេតុផលទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ហើយគ្រប់ការធ្វើ សំណាក និងព្យាបាលជំងឺកូវីដ១៩ សុទ្ធតែតម្រូវឱ្យបង់ប្រាក់ ដែលជាហេតុអ្វីឱ្យពលករគ្មានលទ្ធភាពបង់លុយតាមការទាមទាររបស់អាជ្ញាធរថៃ។ វិធានការសុខាភិបាលនៅច្រកព្រំដែនខេត្តបាត់ដំបង ត្រូវបានបន្តរឹតបន្តឹងដើម្បីទប់ស្កាត់ការចម្លង ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ខណៈរំហូរពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ មានការកើនឡើងជាបន្តបន្ទាប់។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ កងកម្លាំងចម្រុះការពារព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការទំនាក់ទំនង និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បី ទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយមិនស្របច្បាប់៕អត្ថបទ៖ នឿត សុភក្ត្រ

website_news/2022100201.txt · Last modified: 2022/02/10 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki