website_news:2022100301

រកឃើញពលករខ្មែរ ៩នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃបញ្ជូនមកកម្ពុជា

https://gntimes.com/ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២

បាត់ដំបង៖ ពលករខ្មែរ ប្រុស-ស្រី ជាង ៣០០នាក់ ត្រូវបានភាគីថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកព្រំដែន ស្ថិតក្នុងស្រុកកំរៀង ក្នុងចំណោមពលករទាំងជាង ៣០០នាក់ មាន ៩នាក់ វិជ្ជមានកូវីដ-១៩ ។ នគរបាលការពារនៅតាមបន្ទាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២២ នេះ កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ សមត្ថកិច្ចបន្តថា បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចឃើញថា ពលករសរុបមាន ៣២១នាក់ ស្រី ១៣០នាក់ ក្មេង ៤០នាក់ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល វិជ្ជមានកូវីដ ៩នាក់ ស្រី ៤នាក់ ។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីធ្វើតេស្តសំណាកហើយ ពលករ ១១៧នាក់ ស្រី ៤៣នាក់ និងក្មេង ១៤នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងសរុប ១៩៥នាក់ ស្រី ៨៣នាក់ និងក្មេង ២៦នាក់ ក្នុងនោះ បានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ ៥ឆ្នាំ ដល់ ១៨ឆ្នាំ ១៦នាក់ ស្រី ៦នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

website_news/2022100301.txt · Last modified: 2022/03/10 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki