website_news:2022100804

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រជុំពិគ្រោះយោបល់ លើការរៀបចំផែនការកិច្ចការពារកុមាររយៈពេល ៣ ឆ្នាំ ២០២៣-២០២៥

https://www.rasmeinews.com/ AUG 10, 2022

ដោយៈទេពកង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំមួយ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ នៅសាលប្រជុំសាលាខេត្ត ដើម្បីពិគ្រោះយោបល់ លើការរៀបចំផែនការកិច្ចការពារកុមារក្នុងខេត្តរយ:ពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ ២០២៥ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីការចូលរួមផ្ដល់មតិ របស់តំណាងក្រសួងពាក់ព័ន្ធ និងតំណាងអង្គការជាដៃគូ លើការងារមួយចំនួន ដែលទាក់ទងទៅនឹងកិច្ច ការពារកុមាររួចមក លោកស្រី តុង ណារីប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានមានប្រសាសន៍បើកអង្គប្រជុំនោះថាៈ កុមារ គឺជាទំពាំងស្នងឫស្សី សម្រាប់បន្តវេនទៅថ្ងៃអនាគត ហើយចាប់តាំងពីប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិកុមារ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់ រួមទាំងការផ្តល់សច្ចាប័នលើលិខិតតូបករណ៍អន្តរជាតិ ការបង្កើតច្បាប់ជាតិ លិខិតបទដ្ឋាន គតិយុត្ត ផែនការយុទ្ធសាស្ត្រ និងផែនការជាតិពាក់ព័ន្ធនិងកុមារ។

លោកស្រី បានបន្តថាៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យមានសុខសន្តិភាពពេញលេញ ធ្វើឲ្យស្ថានភាពសង្គម មានលក្ខណៈល្អប្រសើរ កុមារ ត្រូវបានលើកស្ទួយ និងគោរពសិទ្ធិជាមូលដ្ឋានទាំងបួន មានលក្ខណៈល្អប្រសើរជាលំដាប់។ ដោយឡែក កុមារនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាកុមារទូទាំងប្រទេសដែរ ត្រូវបានរាជរដ្ឋាភិបាល ជំរុញការយកចិត្តទុកដាក់ថែទាំ ការពារ ពិសេសពីថ្នាក់ដឹកនាំខេត្ត គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត ក្រុង ស្រុក មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថាប័នពាក់ព័ន្ធនឹងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយភាពទទួលខុសត្រូវតាមបណ្តាមូលដ្ឋាន សហគមន៍រៀងៗខ្លួន ប៉ុន្តែ កុមារមួយចំនួន កំពុងស្ថិតក្នុងស្ថានភាពលំបាករងគ្រោះ និងងាយរងគ្រោះ ដែលបណ្តាលមកពីកត្តាជីវភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចពលកម្ម ការរងផលប៉ះពាល់ដោយ ជំងឺកូវីដ១៩ ការកេងប្រវ័ញ្ចផ្លូវភេទ គ្រោះថ្នាក់ដោយប្រការផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ធម្មជាតិ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថានជាដើម។

លោកស្រី បានស្នើឲ្យសមាជិក សមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញសង្ខេបខ្លឹមសារ នៃផែនការកិច្ចការពារកុមារ ផ្តោតលើការថែទាំជំនួស និងអំពើហិង្សាលើកុមារ និងសូមឱ្យសមាជិក សមាជិកាទាំងអស់ ទទួលយកផែនការនេះទៅអនុវត្តនៅមូលដ្ឋានរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ៕

website_news/2022100804.txt · Last modified: 2022/08/10 11:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki