website_news:2022101001

សម្តេចក្រឡាហោម ស ខេង បង្ហាញថា បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់ ២៣២ករណី ត្រូវបានដោះស្រាយ

https://cen.com.kh/archives/545242.html Posted ByPen Srey NeatOctober 7, 2022

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញថា ការងាររបស់សមត្ថកិច្ចពាក់ព័ន្ធ មានភាពជឿនលឿនជាវិជ្ជមាន។

កិច្ចប្រជុំ ដែលធ្វើឡើនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង នេះ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ការដាក់ចេញផែនការប្រតិបត្តិការ និងយន្តការពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យសំណើអន្តរាគមន៍ដល់ជនរងគ្រោះ និងស្ថានភាពបទល្មើស ត្រូវបានលាងសម្អាត និងប្រែប្រួលប្រសើរឡើង។

របាយការណ៍បង្ហាញទៀតថា គិតត្រឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា ទទួលបានសំណើដូចជា ៖

១.តាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង មានសំណើ ចំនួន ៤២៥ករណី សុំអន្តរាគមន៍សង្គ្រោះ ដែលក្នុងមានមនុស្សសរុប ១,០៦៧នាក់ , មាន ១៣សញ្ជាតិ។

២.តាមការស្រាវជ្រាវស៊ើបអង្កេតបឋម សំណើជួយសង្គ្រោះ ២៣២ករណី ត្រូវបានអនុវត្តដោះស្រាយ, ក្នុងនោះ បិទក្រុមហ៊ុន ៥ទីតាំង និងផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំងទៀត។

ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់។ សម្រាប់ជនសង្ស័យទាំង ៦៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន ៖ ជនជាតិចិនចំនួន ៥២នាក់, ជនជាតិខ្មែរចំនួន ១៣នាក់ និងជនជាតិវៀតណាមចំនួន ០២នាក់។

គួរបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតអំពាវនាវដល់សាធារណជន ជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ជួយសង្គ្រោះជនរងគ្រោះដែលធ្លាក់ក្នុងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

website_news/2022101001.txt · Last modified: 2022/10/10 09:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki