website_news:2022101003

ពលរដ្ឋម៉ាឡេស៊ី ១៤ នាក់ ត្រូវអាជ្ញាធរកម្ពុជាជួយសង្គ្រោះចេញពីករណីជួញដូរមនុស្

https://www.postkhmer.com/national/2022-10-07-1554-241964.html សេក ប្រាក់ | Publication date 07 October 2022 | 15:54 ICT

មានប្រជាពលរដ្ឋម៉ាឡេស៊ី ចំនួន ១៤ នាក់ផ្សេងទៀតត្រូវបានរដ្ឋាភិបាលកម្ពុជាជួយសង្គ្រោះចេញពីករណីជួញដូរមនុស្ស និងបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ីវិញ។ នេះបើតាមការបញ្ជាក់របស់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី ៦ តុលា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី បានឱ្យដឹងថា មានពលរដ្ឋម៉ាឡេស៊ី ចំនួន ៨ នាក់ បានទៅដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ខណៈដែលពលរដ្ឋម៉ាឡេស៊ី ដែលជាជនរងគ្រោះករណីជួញដូរមនុស្ស ៦ នាក់ផ្សេងទៀត បានទៅដល់នៅយប់ថ្ងៃព្រហស្បតិ៍ដដែល។ ក្រសួងការបរទេសម៉ាឡេស៊ី បានអរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានរួមសហការ និងការប្តេជ្ញាចិត្តក្នុងការជួយស្វែងរក និងជួយសង្គ្រោះពលរដ្ឋម៉ាឡេស៊ី ដែលរងគ្រោះដោយសារក្រុមឧក្រិដ្ឋជន។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសតាមរយៈស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ បាននិងកំពុងសហការជាមួយស្ថានទូតនៃប្រទេសរៀងៗខ្លួនក្នុងទីក្រុងគូឡាឡាំពួ នឹងបន្តប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋម៉ាឡេស៊ីដែលជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋកម្ម ដែលផ្តល់ការងារក្លែងបន្លំនៅក្រៅប្រទេស។

លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់កិច្ចសហប្រតិបត្តិការពេញលេញជាមួយស្ថានតំណាងបរទេស ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្រោមគ្រប់រូបភាព។ លើសពីនេះ ក៏បានសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ក្នុងការជួយសង្គ្រោះពលរដ្ឋបរទេសដែលត្រូវបានសង្ស័យថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ លោកថា៖ «ករណីម៉ាឡេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានពិភាក្សាគ្នាតាមទូរសព្ទជាមួយ ឯកឧត្តម Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លីនៅរាជធានីភ្នំពេញ នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក»។

បើតាមលោក ជុំ សុន្ទរី រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្តល់ជំនួយជាច្រើន និងបានបំពេញការងារដ៏ល្អ ក្នុងការជួយសង្គ្រោះជនរងគ្រោះ។ តាមការបញ្ជាក់ គឺ មានជនជាតិម៉ាឡេស៊ីជាច្រើននាក់បានចូលមកកម្ពុជា ដើម្បីធ្វើជំនួញ និងធ្វើការយ៉ាងជោគជ័យ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះដែលរងគ្រោះដោយសារការបោកប្រាស់ការងារ។ គិតត្រឹមថ្ងៃទី ៦ តុលា ជនរងគ្រោះម៉ាឡេស៊ីសរុប ២៧៣ នាក់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។ ក្នុងនោះមានមនុស្សចំនួន ២១៣ នាក់ត្រូវបានបញ្ជូនទៅផ្ទះសម្បែង ខណៈ ៦០ នាក់ដែលនៅសេសសល់ កំពុងត្រូវបានឃាត់ខ្លួន ដើម្បីត្រៀមបញ្ជូនចេញ។

លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏បានអំពាវនាវឱ្យជនរងគ្រោះ ដែលអាជ្ញាធរជួយសង្គ្រោះបាន ត្រូវសហការជាមួយសមត្ថកិច្ច ដើម្បីបញ្ចៀសកុំឱ្យការទទួលបានព័ត៌មានមិនពិតប្រាកដ និងអាចធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់អាជ្ញាធរ៕

website_news/2022101003.txt · Last modified: 2022/10/10 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki