website_news:2022101103

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ នៅកម្ពុជាមិនមានការជួញដូរមនុស្សរាប់ម៉ឺនករណី ដូចការចោទមួយចំនួននោះទេ

http://freshnewsasia.com/index.php/en/localnews/264516-2022-11-03-07-04-35.html 2022-11-03

(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា នៅកម្ពុជាមិនមានការជួញដូរមនុស្សដល់ទៅរាប់ម៉ឺនករណី ដូចការចោទពីមជ្ឈដ្ឋានអន្តរជាតិមួយចំនួននោះទេ។ លោកស្រីអះអាងបែបនេះ ក្នុងសិក្ខាសាលាស្តីពី ការបង្កើតផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃផែនការជាតិ ឆ្នាំ២០២២-២០២៣ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ពិតជាមានអំពើជួញដូរមនុស្ស ដែលកើតឡើងនៅទឹកដីកម្ពុជា ក្នុងចំណោមជនបរទេស ប៉ុន្តែលោកស្រីលើកឡើងថា ទឹកដីកម្ពុជាត្រូវបានប្រើប្រាស់ ដើម្បីធ្វើបទល្មើស ហើយហើយជាបទល្មើសថ្មី ដោយសារតែទាក់ទងគ្នាតាមប្រព័ន្ធអនឡាញ (Online) ។ លោកស្រីបន្ថែមថា ប្រទេសទាំងឡាយក៏គាត់ទទួលស្គាល់ថា រឿងជួញដូរមនុស្សនេះ មិនមែនមានតែនៅកម្ពុជានោះទេ។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះ «មុនដំបូង គាត់នាំគ្នាចោទ នាំគ្នាចង្អុលមកកម្ពុជា ក៏ដូចជាបន្ទោសបង្អាប់ថា កម្ពុជាមានអ្នកដែលមានការជួញដូរមនុស្ស ឬមានអ្នករងគ្រោះច្រើនណាស់ អញ្ចឹងយើងក៏ចង់ដឹងដែរ ហើយយើងក៏ឈឺចាប់ដែរ ព្រោះយើងមិនចង់ឲ្យមានកើតរឿងហ្នឹងទេ ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមធ្វើប្រតិបត្តិការ ដោយបើកទូលាយឲ្យមានការផ្តល់ព័ត៌មានឲ្យច្បាស់។ ដល់ពេលយើងធ្វើការសង្គ្រោះទៅតាមបណ្តឹង ដែលទទួលតាមហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង អគ្គស្នងការដ្ឋានគរបាលជាតិ អគ្គនាយកអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងតាមប្រព័ន្ធ Hotline ឲ្យតែបានលឺ និងច្បាស់ព័ត៌មាន គឺយើងចុះបើកប្រតិបត្តិការ។ ប៉ុន្តែ ក្រោយធ្វើប្រតិបត្តិការសង្គ្រោះគាត់មកហើយ មួយចំនួនគាត់បដិសេធថា គាត់អត់បានរងគ្រោះទេ។ មានមួយចំនួនពិតជាមានការកេងវញ្ចរហូតដល់ការធ្វើទារុណកម្ម ប៉ុន្តែវាមិនមែនរាប់ពាន់រាប់ម៉ឺនដូចគេនិយាយទេ»។ លោកស្រីបន្តថា «អ្នកដែលបដិសេធថា មិនបានរងគ្រោះទេ តែហេតុអ្វីមានបណ្តឹង គាត់បកស្រាយថា ដោយសារឪពុកម្តាយគាត់បារម្ភ ឬមួយស្ថានទូតគាត់បារម្ភ តែខ្លួនគាត់ផ្ទាល់អត់បានរងគ្រោះទេ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានការទទួលខុសត្រូវ គឺយើងមិនអនុញ្ញាតឲ្យពួកគាត់ នៅធ្វើការបន្តទៀត នៅកន្លែងដែលគ្មានសុវត្ថិភាពទេ។ មានអគារអាជីវកម្មមួយចំនួន គឺយើងបានបិទជាស្ថាពរ ៥អគារ ហើយមាន ៤អគារទៀត កំពុងតែធ្វើការស្រាវជ្រាវ»។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៥៥៦ករណី មានមនុស្ស ១,៤៣២នាក់។

២៖ បានស្រាវជ្រាវអង្កេត រកឃើញ ២៨២សំណើ និងបិទសំណុំរឿង ១៣៧សំណើ (រកឃើញមនុស្ស ៦៦២នាក់, ឃាត់ខ្លួនជនសង្ស័យ ៨២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

បើតាមលោកស្រី ជូ ប៊ុនអេង ក្រោយការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង គឺកម្ពុជាក៏រកឃើញជនបរទេសមួយចំនួន មកធ្វើការដោយខុសច្បាប់នៅកម្ពុជាផងដែរ ហើយពួកគេត្រូវបានបណ្តេញចេញ។ លោកស្រីបញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងប្រតិបត្តិការនេះ ក៏យើងរកឃើញដែរថា មានជនបរទេសជាច្រើន កំពុងសម្ងំលាក់ខ្លួន នៅក្នុងប្រទេសយើងដោយគ្មានច្បាប់។ ឧទាហរណ៍ គាត់មកជាទេសចរណ៍ទេ តែមកចូលធ្វើការនៅកន្លែងហ្នឹង។ អញ្ចឹងយើងត្រូវពិន័យ ព្រោះកម្ពុជាមិនមែនជាកន្លែងចេញចូលតាមចិត្តទេ»។

សូមជម្រាបថា នៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន២៦៣នាក់ទៀត ស្រី២៦នាក់មាន០៤សញ្ជាតិ ក្នុងនោះ ជនជាតិបង់ក្លាដេស ចំនួន២នាក់, ជនជាតិថៃ ចំនួន១៦នាក់ ជនជាតិវៀតណាមចំនួន១៧១នាក់ និងជនជាតិចិនចំនួន៧៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជនបរទេសចំនួន២៦៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។

អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន១២២ករណី ធៀបនឹង៩ខែ ឆ្នាំ២០២១ មានចំនួន ២៦៩ករណី ថយចុះចំនួន ១៤៧ករណី ស្មើនឹង ៥៤,៦៤%។ របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ក្នុងចំណោមនោះ រួមមាន៖

* ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ១៤៧ករណី (ស្រី១៦នាក់) អនីតិជន ១៣នាក់។ ក្នុងនោះ ជនសង្ស័យដែលជាជនបរទេសចំនួន ២២នាក់ មាន៤សញ្ជាតិ គឺជនជាតិចិន ១៩នាក់ ជនជាតិថៃ ១នាក់ ជនជាតិវៀតណាម ១នាក់ និងបង់ក្លាដេស ១នាក់។

* សង្រ្គោះជនរងគ្រោះ ២៥៤នាក់ (ស្រី១៩០នាក់) ក្នុងនោះអាយុក្រោម ១៥ឆ្នាំ ១០០នាក់ អាយុ១៥ទៅ១៧ឆ្នាំ ២៩នាក់ និងអាយុពី ១៨ឆ្នាំឡើងទៅ ១២៥នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៣២នាក់ (ស្រី៣១នាក់) និងប្រគល់ឲ្យគ្រួសារ ២២២នាក់ (ស្រី១៥៩នាក់)។

ករណីទាំងនោះ មានករណីអំពើជួញដូរមនុស្ស ត្រូវបានបង្ក្រាប ២៣ករណី ធៀបនឹង៩ខែឆ្នាំ២០២១ មាន១៧៨ករណី ថយចុះ ១៥៥ករណី។ ចំណែកឯ ករណីធ្វើអំពើអាជីវកម្មផ្លូវភេទ បានបង្ក្រាប ៩៩ករណី ធៀបនឹង៩ខែឆ្នាំ២០២១ មាន៩១ករណី កើនឡើង ៨ករណី៕

website_news/2022101103.txt · Last modified: 2022/11/10 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki