website_news:2022101104

កម្ពុជា-បារាំងពិភាក្សាគ្នាពីកិច្ចសហប្រតិបត្ដិការក្នុងវិស័យសន្ដិសុខ

https://postkhmer.com/national/2022-11-03-0926-243065.html ឡាយ សាមាន | Publication date 03 November 2022 | 09:26 ICT

ភ្នំពេញៈ ប្រទេសកម្ពុជា និងសាធារណរដ្ឋបារាំងកំពុងពិភាក្សាអំពីគំនិតផ្តួចផ្តើមជាផ្លូវការនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងភាគីទាំង ២ និងបានកំណត់គោលដៅលើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សជាការងារអាទិភាពមួយក្នុងចំណោមការងារផ្សេងទៀត ខណៈកម្ពុជាកំពុងជួបប្រទះលើបញ្ហានេះ។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនាឱកាសឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jacques PELLET ចូលជួបពិភាក្សាការងារកាលពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២២ ។

ប្រធានបទសំខាន់នៃជំនួបនោះរួមមាន គំនិតផ្ដួចផ្ដើមបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរវាងភាគីទាំង ២ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាទៅលើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសកិច្ចប្រតិបត្តិការក្នុងរយៈពេលចុងក្រោយនៅខេត្តព្រះសីហនុរួមនឹងការត្រៀមលក្ខណៈរបស់កម្ពុជាឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ ២០២៣ ។

ក្នុងជំនួបនោះដែរ លោក ស ខេង បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងភាគីទាំង ២ និងបានថ្លែងអំណរគុណចំពោះប្រទេសបារាំង ក៏ដូចជាសហភាពអឺរ៉ុបសម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ។ លោកបានថ្លែងថា៖«កិច្ចសហប្រតិបត្តិការនេះ នឹងបន្តមានវឌ្ឍនភាពជាលំដាប់ជាពិសេសលើវិស័យស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវក្រសួងមហាផ្ទៃក្នុងនោះ ក៏មានកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខជាតិផងដែរ»។ ដើម្បីពន្លឿនគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនេះ លោក ស ខេង បានណែនាំឱ្យមន្ត្រីនៃភាគីទាំង ២ ចាប់ផ្ដើមពិភាក្សាបន្ថែមទៀត ដើម្បីកំណត់កិច្ចការអាទិភាព និងកិច្ចការដែលភាគីទាំង ២ ផ្ដោតការយកចិត្តទុកដាក់ក្នុងការបង្កើតឱ្យមានក្របខ័ណ្ឌសហប្រតិបត្តិការល្អជាមួយគ្នា ខណៈលោកកត់សម្គាល់លើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។

លោក ស ខេង ក៏បានជម្រាបលោក Jacques PELLET ផងដែរថា រហូតមកទល់ពេលនេះ អាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តកិច្ចការនេះយ៉ាងសកម្មហើយរាជរដ្ឋាភិបាលកម្ពុជាក៏មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ដែរ។ លោកថា៖ «តាមរយៈលទ្ធផលអនុវត្តកន្លងមក គឺទទួលការសាទរពីមជ្ឈដ្ឋានផ្ទៃក្នុង និងបណ្ដាប្រទេសជាមិត្តក្នុងតំបន់។ កិច្ចការនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងប្រទេសមានជនរងគ្រោះត្រូវបានគេឆបោកមកកាន់កម្ពុជា និងទាំងក្នុងប្រទេសកម្ពុជាដើម្បីកាត់ផ្ដាច់ទំនាក់ទំនង និងឫសគល់នៃការរត់ពន្ធ ការជួញដូរ និងការឆបោកនាំមនុស្សឆ្លងដែនខុសច្បាប់»។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jacques PELLET បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសកិច្ចប្រតិបត្តិការចុងក្រោយនៅខេត្តព្រះសីហនុក៏អាចជាប្រធានបទមួយដែលភាគីទាំង ២ អាចកំណត់ក្នុងក្របខ័ណ្ឌនៃការបង្កើតកិច្ចសហប្រតិបត្តិការនេះបានដែរ។ លោកថ្លែងថា៖ «ខ្ញុំចង់ស្វែងយល់នូវវឌ្ឍនភាពដែលអាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តលើការងារនេះ»។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងថា អាជ្ញាធរខេត្តព្រះសីហនុបែងចែកកម្លាំងសំខាន់ៗ ដើម្បីបង្ក្រាបបទល្មើសនានាដោយកម្លាំង ១ ផ្នែកសហការជាមួយកម្លាំងពីក្រសួងមហាផ្ទៃស្រាវជ្រាវបោសសម្អាតករណីជួញដូរមនុស្ស កម្លាំង ១ ផ្នែកស្រាវជ្រាវបង្ក្រាបទីតាំងលេងល្បែងនានា និងកម្លាំងតាមមូលដ្ឋានបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ។ លោកថា៖ «អាជ្ញាធរខេត្ត-ព្រះសីហនុយើងខ្ញុំបាន និងកំពុងសស្រោកសស្រាំធ្វើកិច្ចការទាំងអស់នេះប្រកបដោយប្រសិទ្ធភាព»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងនោះគិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២២ ក្រសួងបានទទួលបណ្ដឹងសរុបចំនួន ២៨៩ ករណីពីសាមីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន។ លោកថា៖ «ពាក្យបណ្ដឹងទាំងឡាយនេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ស្ដែងបន្តបន្ទាប់ គឺប្រមាណ ៩៥ ភាគរយជាការពិត»៕

website_news/2022101104.txt · Last modified: 2022/11/10 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki