website_news:2022101105

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលកំពុងរីករាលដាល និងក្លាយជាក្តីព្រួយបារម្ភមួយសម្រាប់ពិភពលោក

https://freshnewsasia.com/index.php/en/localnews/264538-2022-11-03-08-32-13.html 2022-11-03

(ភ្នំពេញ)៖ លោក ចុង ផែត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ បានលើកឡើងថា ក្នុងបរិបទនៃយុគសម័យនៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា និងអ៉ីនធឺណិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ កំពុងរីករាលដាល និងក្លាយជាក្តីបារម្ភមួយសម្រាប់ពិភពលោកទាំងមូល។ លោកបានឱ្យដឹងថា នៅក្នុងកំឡុងពេលកូវីដ១៩ និងបន្តរហូតមកទល់ពេលនេះ ការប្រើប្រាស់ប្រព័ន្ធអនឡាញក្នុងចំណោមសិស្សានុសិស្សមានការកើនឡើងយ៉ាងគំហុកទាំងនៅទីក្រុងក៏ដូចជាតាមជនបទផងដែរដែលបង្កឱ្យមានផលបះពាល់ទាំងវិជ្ជមាននិងអវិជ្ជមាន។

លោក ចុង ផែត បានចូលរួមអបអរសាទរចំពោះអង្គការឆាលហ្វាន កម្ពុជា ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេលបួនឆ្នាំ២០២២-២០២៥ ព្រមគ្នាជាមួយការដាក់ឱ្យដំណើរអនុវត្តគម្រោងការសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញផង។

លោកបានលើកឡើងថា កិច្ចការពារកុមារ គឺជាកាតព្វកិច្ចស្នូលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគោលនយោបាយជាតិតាមវិស័យពាក់ព័ន្ធសំខាន់ៗ ដើម្បីការពារពង្រឹង និងលើកម្ពស់សិទ្ធិកុមារ។ កម្ពុជា គឺជារដ្ឋហត្ថលេខីមួយនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី សិទ្ធិកុមារ នៅឆ្នាំ១៩៩២ និងអនុវត្តនូវអនុសញ្ញានេះ បានរីកចម្រើនជាប្រចាំរហូតមកដល់បច្ចុប្បន្ន ។យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋធានារក្សាការពារសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមានជីវិតរស់នៅ, សិទ្ធិទទួលបានការអប់រំរៀនសូត្រ, សិទ្ធិត្រូវបានទទួលការគាំពារ នៅក្នុងស្ថានភាពមានសង្គ្រាម និងការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច ឬកាមគុណលើកុមារជាដើម។

មន្ត្រីជាន់ខ្ពស់រូបនេះ បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការឆាលហ្វានកម្ពុជា ក្នុងបន្តជំរុញការអភវិឌ្ឍវិស័យអប់រំនៅកម្ពុជាដើម្បីជួយកុមារកម្ពុជា ឱ្យក្លាយជាសរសរទ្រូងដ៏រឹងមាំក្នុងការទ្រទ្រង់កំណើនធនធានមនុស្ស និងផលប្រយោជន៍សម្រាប់ប្រទេសជាតិ។ លោក ចុង ផែត បានបញ្ជាក់ថាស្ថានការណ៍នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធទាំងលើការលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងដ៏ត្រឹមត្រូវ អំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញព្រមទាំងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តវិធានការពារផងដែរ។ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់អំពើរំលោភបំពានលើកុមារ, អង្គការឆាលហ្វានកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានរៀបចំពិធីផ្សព្វផ្សាយពីផែនការយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់ឆ្នាំ២០២២-២០២៥ និងដាក់ឱ្យដំណើរការគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអ៉ីនធឺណេត ដើម្បីការពារកុមារពីការរំលោភបំពានផ្សេងៗ នៅក្នុងយុគសម័យដែលអ៉ីនធឺណេត មានការវិឌ្ឍន៍យ៉ាងខ្លាំង។

សម្រាប់ផែនការ៤ឆ្នាំ ទៅមុខទៀតអង្គការឆាលហ្វាន ដែលជាអង្គការបរទេស និងធ្វើការផ្តោតលើកុមារនឹងបន្តអាទិភាពរបស់ខ្លួនលើវិស័យអប់រំ កិច្ចគាំពារកុមារការសិក្សាសង្គម និងផ្លូវចិត្តការឆ្លើយតបនឹងគ្រោះមហន្តរាយរួមទាំងការស្តារឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនអង្គការឆាលហ្វាននឹងរំលេចការវិនិយោគលើគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអ៉ីនធឺណេត និងគម្រោងកីឡាដើម្បីការអភិវឌ្ឍ។ គម្រោងដែលមានឈ្មោះថា “swipe safe” ដែលផ្ដួចផ្ដើមដោយអង្គការឆាលហ្វាន និងដែលមានគោលបំណងការពារកុមារតាមប្រព័ន្ធអ៉ីនធឺណេត នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី៣ ខែវិច្ឆិកានេះតទៅ ដោយវិនិយោគច្រើនលើការរៀបចំមេរៀនបណ្ដុះបណ្ដាលការបង្កើតអេបសម្រាប់ទូរស័ព្ទ និងការប្រគល់ឧបករណ៍ឌីជីថល ដើម្បីបណ្តុះបណ្តាលក្រុមកុមារ និងយុជនក្រុមឪពុកម្ដាយអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថាកុមារមានសុវត្ថិភាព នៅពេលប្រើប្រាស់អ៉ីនធឺណេត រៀនតាមអនឡាញ ឬប្រើប្រាស់សម្រាប់សកម្មភាពកំសាន្តនានា ហើយពួកគេអាចស្វែងរកជំនួយបាននៅពេលមានការរំលោភបំពានតាមអនឡាញកើតឡើង។

បើតាមលោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេស នៃអង្គការឆាលហ្វានកម្ពុជា បានគូសបញ្ជាក់ថា៖ «ពិធីនៅថ្ងៃនេះបានកត់សម្គាល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសម្រាប់អង្គការឆាលហ្វាន ដែលកុមារច្រើនជាង១លាននាក់ បានចូលរួមដោយប្រយោល និងប្រហែល ២២ម៉ឺននាក់ បានចូលរួមដោយផ្ទាល់ជាមួយគម្រោងអភិវឌ្ឍន៍នានា របស់ឆាលហ្វានកន្លងមក ជាពិសេសនៅក្នុងវិស័យអប់រំ និងកិច្ចគាំពារកុមារ។ សមិទ្ធផលនេះបានពង្រឹងប្រតិបត្តិការរបស់អង្គការឆាលហ្វាន នៅកម្ពុជា និងជាកត្តាលីករជួយជំរុញការព្យាយាមរបស់ឆាលហ្វានក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់កុមារជាពិសេសកុមារដែលងាយរងគ្រោះបំផុត»។ ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ជាមួយដំណើរឆ្ពោះទៅមុខរបស់ខ្លួនអង្គការឆាលហ្វាននឹងវិនិយោគលើការប្រើប្រាស់បច្ចេកវិទ្យានានា ឱ្យអស់លទ្ធភាព ដើម្បីកែទម្រង់គម្រោងកម្មវិធីអភិវឌ្ឍន៍របស់ខ្លួន ឱ្យបានផលកាន់តែច្រើនដល់កុមារ ដែលនៅដាច់ស្រយាលបំផុត៕

website_news/2022101105.txt · Last modified: 2022/11/10 10:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki