website_news:2022101106

អាជ្ញាធរវៀតណាមចាប់ខ្លួនមនុស្ស ៨ នាក់ ជាសមាជិកបណ្ដាញជួញដូរទារក

https://postkhmer.com/international/2022-11-03-1508-243078.html វណ្ណ ស័ក្ដិ | Publication date 03 November 2022 | 15:08 ICT

កាសែតវៀតណាមអ៊ិចប្រែសបានផ្សាយថា ប៉ូលិសនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាមបានចាប់ខ្លួនមនុស្ស ៨ នាក់ ដែលគេជឿថា បានទិញទារកទើបនឹងកើតមកលក់បន្ត។ អាជ្ញាធរវៀតណាមបានចាប់ខ្លួនស្ត្រីវ័យ ២៩ ឆ្នាំម្នាក់ ដែលត្រូវសង្ស័យថា ជាមេខ្លោងនិងមនុស្ស ៧ នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធ។ ប៉ូលិសវៀតណាម កំពុងស៊ើបសួរចម្លើយនិងស៊ើបអង្កេតពីបទ៖ «ជួញដូរមនុស្សអាយុក្រោម ១៦ ឆ្នាំ» និង «ក្លែងបន្លំឯកសារ»។ លោកវរសេនីយ៍ឯក Tran VanhChinh ស្នងការរងនគរបាលខេត្ត Binh Duong បាននិយាយថា៖ «បណ្ដាញជួញដូរមនុស្សនេះដំណើរការមិនត្រឹមតែនៅក្នុងទីក្រុង Binh Duong ប៉ុណ្ណោះទេ ប៉ុន្តែទីក្រុង និងខេត្តមួយចំនួនទៀត។ ប៉ូលិសកំពុងកំណត់មុខសញ្ញា ជនសង្ស័យ ១៦ នាក់ផ្សេងទៀត» ។ ការចាប់ខ្លួនស្ត្រីវ័យ២៩និងបក្ខពួករបស់នាង បានកើតឡើង បន្ទាប់ពីប៉ូលិស Binh Duong បានបង្ក្រាបការជួញដូរទារកទើបនឹងកើតនៅមន្ទីរពេទ្យសម្ភព Binh Duong កាលពី ២ ខែមុន។

អ្នកស៊ើបអង្កេតបាននិយាយថា ក្រុមបណ្ដាញជួញដូរទារកនោះបានទាក់ទងម្តាយដែលទើបសម្រាលកូនរួច ដើម្បីបញ្ចុះបញ្ចូលឱ្យគេលក់កូន ប៉ុន្តែម្ដាយនោះមិនចង់ឱ្យកូនរបស់ពួកគេទៅអ្នកដែលចង់ទិញក្មេងនោះឡើយ។ក្រុមអ្នកទិញទារកនោះជាគូស្វាមីភរិយាដែលមិនមានកូន។ ក្នុងនាមជាឈ្មួញកណ្តាល សមាជិកបណ្ដាញជួញដូរនឹងទទួលបានកម្រៃជើងសារ។ ក្នុងករណីផ្សេងទៀត បណ្ដាញជួញដូរទារក បានទិញទារកក្នុងតម្លៃពី ២០ ទៅ ៣០លានដុង (៨០៥-១ ២០០ ដុល្លារអាមេរិក) ហើយលក់វាទៅឱ្យគូស្នេហ៍ដែលចង់មានកូនក្នុងតម្លៃ ៤០-៥០ លានដុង។ ពួកគេថែមទាំង រត់ការរៀបចំផ្តល់សំបុត្រកំណើតក្លែងក្លាយសម្រាប់ទារកផងដែរ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថាបណ្ដាញដែលត្រូវបង្ក្រាបបាននេះ បានដំណើរការទិញដូរទារកចំនួន ៣១ ករណីរួចទៅហើយ។ ករណីជួញដូរកុមារនិងទារកនេះមិនមែនជារឿងថ្មីទេនៅសង្គមវៀតណាម។ កាលពីខែមេសា តុលាការនៅប្រទេសវៀតណាមបានផ្ដន្ទាទោសបុរសម្នាក់អាយុជាង ៤០ឆ្នាំ ឱ្យជាប់ទោស ១៤ឆ្នាំ បន្ទាប់ពីរកឃើញថាបុរសម្នាក់នេះបាន លក់កូនស្រីរបស់ខ្លួនដែលមានអាយុជាង ១៣ ឆ្នាំ ទៅឱ្យជនជាតិចិន ក្នុងតម្លៃជាង ៤ ពាន់ដុល្លារ។ កាលពីខែសីហា នៅខេត្តភាគខាងជើងវៀតណាម ប៉ូលិសបានចាប់ខ្លួនមនុស្សសរុបចំនួន ៣នាក់ យកទៅដាក់គុក។ ស្តី្រម្នាក់ជាម្ដាយដែលស្វែងរកលក់កូនតូចរបស់ខ្លួនដែលមានអាយុត្រឹមជាង ២ ឆ្នាំ និង ២ នាក់ទៀតជាឈ្មួញកណ្ដាលដែលរកម៉ូយមកទិញក្មេង។ តាមច្បាប់វៀតណាមទោសធ្ងន់បំផុតនៃ «អ្នកជួញដូរមនុស្សក្រោម ១៦ ឆ្នាំ» គឺដាក់ពន្ធនាគារអស់ ១ ជីវិត៕

website_news/2022101106.txt · Last modified: 2022/11/10 10:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki