website_news:2022110103

អ្នកជួញដូរមនុស្សប្រើបណ្តាញសង្គមដើម្បីល្បួងអ្នកស្វែងរកការងារធ្វើមកកម្ពុជា

https://www.khmertimeskh.com/ 11/01/2022

អ្នកជួញដូរមនុស្សក្នុងប្រទេសវៀតណាមកំពុងស្វែងរកវិធីច្នៃប្រឌិតបន្ថែមទៀ តដើម្បីល្បួងជនរងគ្រោះនៅក្រៅប្រទេសដើម្បីធ្វើការកេងប្រវ័ញ្ច។ តាមរយៈបណ្តាញសង្គមដូចជា Facebook ឬ Zalo ពួកគេផ្តល់ការងារដែលមានប្រាក់ខែល្អនៅកាស៊ីណូ ឬហ្គេមអនឡាញក្នុងប្រទេសកម្ពុជា មុនពេលចាប់ផ្តើមការដាក់អន្ទាក់របស់ពួកគេ។ក្រោយមកដល់ប្រទេសកម្ពុជា ការងារទាំងនេះប្រែទៅជាការងារមិនពិត។ ផ្ទុយទៅវិញ ពួកគេត្រូវបានបង្ខំឱ្យសងបំណុលរបស់ពួកគេ ជាញឹកញាប់តាមរយៈការជួញដូរផ្លូវភេទ។ ត្រឹមតែមួយសប្តាហ៍កន្លងទៅនេះ ប៉ូលីសខេត្ត Đồng Nai បានចាប់ខ្លួនមនុស្សបីនាក់ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការរៀបចំការជួញដូរមនុស្សមកប្រទេសកម្ពុជា សម្រាប់សកម្មភាពពេស្យាចារ។ ជនសង្ស័យមានឈ្មោះ Nguyễn Tiến Dũng អាយុ ២៤ ឆ្នាំ មកពីខេត្ត Hà Tĩnh Lộc Thi Luân អាយុ ២១ ឆ្នាំមកពីខេត្ត Nghệ An និង Ngô Nguyễn Đông Khoa អាយុ ៥៣ ឆ្នាំមកពីទីក្រុងហូជីមិញ ។ Dũng បានសារភាពចំពោះប៉ូលីសថា គាត់បានទទួលប្រាក់ចំនួន ១០ លានដុង ($448) សម្រាប់មនុស្សម្នាក់ៗដែលគាត់បានបញ្ជូនមកប្រទេសកម្ពុជាដើម្បីធ្វើការ។ Khoa បានយកជនរងគ្រោះរបស់គាត់នៅទីក្រុងហូជីមិញ ហើយនាំពួកគេទៅព្រំដែនកម្ពុជា។ បន្ទាប់មក គាត់បានប្រាប់ជនរងគ្រោះឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា។ ក្នុងរយៈពេលមួយខែចុងក្រោយនេះ អ្នកទាំងបីត្រូវបានគេសង្ស័យថាបានជួញដូរស្ត្រីវៀតណាមរាប់សិបនាក់ឲ្យធ្វើការពេស្យាចារនៅហាងខារ៉ាអូខេ និងម៉ាស្សាក្នុងប្រទេសកម្ពុជា។ បើតាមលោកវរសេនីយ៍ទោ Võ Nhật Hồng Phúc លោក Dũng ជាមេក្រុមជួញដូរមនុស្ស។ ក្រុមនេះបានផ្សព្វផ្សាយការងារជាសាធារណៈនៅលើបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ឬ Zalo ដើម្បីល្បួងយុវជនដែលកំពុងស្វែងរកការងារ។

ពួកគេបានល្បួងជនរងគ្រោះមកប្រទេសកម្ពុជាដោយសន្យាអោយការងារដែលមានភាពសប្បាយៗនិងបានប្រាក់ខែខ្ពស់ចាប់ពីរាប់សិបលានដល់រាប់រយលានដុង។ ពួកគេបានប្រើរថយន្តទៅយកជនរងគ្រោះ រួចយកទៅតាមច្រកព្រំដែនក្នុងខេត្ត Long An និងខេត្ត Tây Ninh ។ ជនរងគ្រោះត្រូវបាននាំមកប្រទេសកម្ពុជាដោយខុសច្បាប់។នៅថ្ងៃទី២៨ ខែធ្នូ ប៉ូលីសខេត្ត Đồng Nai ក៏បានចាប់ខ្លួនបុរស ៣ នាក់ និងស្រ្តីម្នាក់ផងដែរ ពីបទជាប់ពាក់ព័ន្ធការជួញដូរមនុស្ស រៀបចំការធ្វើចំណាកស្រុកខុសច្បាប់ និងនាំមនុស្សទៅក្រៅប្រទេសដើម្បីពេស្យាចារ។ ជនរងគ្រោះម្នាក់ឈ្មោះ D បានរាយការណ៍ថា នៅដើមខែមេសា ឆ្នាំ២០២១ នាងត្រូវបានផ្តល់ការងារនៅហាងខារ៉ាអូខេ និងភោជនីយដ្ឋានមួយកន្លែង ដែលមានប្រាក់បៀវត្សរ៍ប្រចាំខែពី ៨០-១០០ លានដុង (៣៤០០-៤.៣០០ ដុល្លារអាមេរិក)។ ពេលមកដល់ស្រុកខ្មែរ ការងារមិនបានដូចការរំពឹងទុកនោះទេ។ នៅពាក់កណ្តាលខែមិថុនា D និងជនរងគ្រោះមួយចំនួនទៀតបានរត់គេចខ្លួនហើយពួកគេបានទាក់ទងទៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាដើម្បីសុំជំនួយ។

ការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញភស្តុតាងដែលថា ជនសង្ស័យទាំងបួននាក់បាននាំស្ត្រីវៀតណាមជិតដប់នាក់ដែលមានអាយុពី ១៨-២៥ ឆ្នាំមកប្រទេសកម្ពុជាក្នុងចន្លោះខែមករាដល់ខែមិថុនាឆ្នាំ ២០២១ ដោយបង្ខំពួកគេឱ្យបម្រើផ្លូវភេទដល់ភ្ញៀវតាមហាង ហាងខារ៉ាអូខេ និងហាងម៉ាស្សា។ បើតាមតំណាងបុស្តិ៍ព្រំដែន Hà Tiên ចាប់ពីដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះ មន្ត្រីប៉ុស្តិ៍បានជួយសង្គ្រោះពលរដ្ឋវៀតណាមជាង ២០០នាក់ ពីកម្ពុជា។ ជនរងគ្រោះត្រូវបានគេល្បួងមកកម្ពុជាឱ្យធ្វើការនៅតាមក្រុមហ៊ុន គ្រឹះស្ថានហ្គេម សេវាកម្សាន្ត និងក្រុមហ៊ុននៅកំពង់សោម។

លោកវរសេនីយ៍ឯក Nguyen Nguyễn Đức Việt អនុប្រធានប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Hà Tiên បាននិយាយថា ក្នុងករណីជាច្រើនជនរងគ្រោះត្រូវបានគេបោកបញ្ឆោត។ លោក Việt បាននិយាយថាជនរងគ្រោះខ្លះចង់រត់គេចពីថៅកែរបស់ពួកគេប៉ុន្តែមិនបានសម្រេច។ អ្នកខ្លះបានរងរបួសដោយលោតពីលើអគារដើម្បីចង់បានសេរីភាពមកវិញ។ លោក Việt បានបន្តទៀតថា “ស្ត្រីទាំងនោះត្រូវបានសន្យាអោយធ្វើការនៅក្នុងគ្រឹះស្ថានហ្គេម និងក្រុមហ៊ុន ប៉ុន្តែត្រូវបានគេលក់ទៅកន្លែងពេស្យាចារ”។ លោកបានបន្ថែមថា៖ «ប្រសិនបើសុខភាពជនរងគ្រោះមិនល្អគ្រប់គ្រាន់ក្នុងការធ្វើការ ថៅកែបង្ខំពួកគេឲ្យប្រើថ្នាំមេតំហ្វេតាមីន»។

កម្មករប្រុសម្នាក់អាយុ៣០ឆ្នាំដែលត្រូវបានគេជួយសង្គ្រោះពីគ្រឹះស្ថានមួយនៅខេត្តព្រះសីហនុបាននិយាយថាគាត់មិនអាចជឿថាគាត់នៅមានជីវិតដើម្បីត្រឡប់ទៅប្រទេសវៀតណាមវិញទេ។ បុរសអាយុ៣០ឆ្នាំ ជាជនរងគ្រោះដោយការកេងប្រវ័ញ្ចកម្លាំងពលកម្ម ។ គាត់មកកម្ពុជាដើម្បីរកការងារធ្វើ ប៉ុន្តែត្រូវបានឃុំខ្លួន និងជាប់ខ្នោះគ្រប់ពេល។ គាត់បានដេកព្យួរពីលើដំបូល ព្រោះគាត់មិនត្រូវបានអនុញ្ញាតឱ្យអង្គុយ ឬឈរឡើយ ។ គាត់បាននិយាយថា “ខ្ញុំមិនដឹងថាត្រូវហៅអ្នកណាឱ្យជួយទេ” គាត់បន្ថែមថានៅពេលនោះគាត់គ្រាន់តែគិតអំពីវិធីរស់រានមានជីវិតជាជាងវិធីត្រលប់ទៅប្រទេសវៀតណាមវិញ។ គាត់ត្រូវបានគេជួយសង្គ្រោះជាមួយយុវជនវៀតណាម ៨ នាក់ផ្សេងទៀត។ ពួកគេមកពីខេត្ត Hà Nam, Nam Dinh និង Hải Dương។ ពួកគេបាននិយាយថាពួកគេជាមិត្តភក្តិនឹងគ្នានៅជនបទ ហើយបានទៅប្រទេសកម្ពុជាដើម្បីស្វែងរកការងារតាមរយៈការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិកតាមបណ្តាញសង្គម។ ពួកគេបានសន្យាផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែពី ៣០ ទៅ ៤០ លានដុង ក្រៅពីកន្លែងស្នាក់នៅ។ ប៉ុន្តែ ពួកគេធ្វើការអស់រយៈពេលយូរដោយមិនបានប្រាក់ខែ។ ពេលពួកគេសុំលុយគេចាប់ដាក់ខ្នោះហើយបង្អត់បាយ។ ហើយអរគុណចំពោះភាពចិត្តល្អរបស់អ្នកយាមម្នាក់ដែលពួកគេអាចទាក់ទងពិភពខាងក្រៅ ហើយត្រូវបានជួយសង្គ្រោះ។ VNS

website_news/2022110103.txt · Last modified: 2022/01/11 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki