website_news:2022110202

កុមារប្រើពេលច្រើនលើអ៊ីនធឺណិត អាចប្រឈមការគំរាមកំហែង បោកប្រាស់ ការបៀតបៀនផ្លូវភេទ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 10 February 2022 | 10:59 ICT

ភ្នំពេញៈ មន្ដ្រីរាជរដ្ឋាភិបាល និងសង្គមស៊ីវិលអះអាងថា ការប្រើប្រាស់ពេលវេលាច្រើនរបស់កុមារលើប្រព័ន្ធអ៊ីនធឺណិតអាចប្រឈមនឹងបញ្ហាផ្សេងៗដូចជាការគំរាមកំហែង ការបោកប្រាស់ ការបៀតបៀនផ្លូវភេទជាដើម ខណៈការរីករាលដាលនូវជំងឺកូវីដ ១៩ បាននាំមកនូវការផ្លាស់ប្ដូរជាច្រើនដល់របៀបរបបរស់នៅ និងការរៀនសូត្ររបស់កុមារ។

លោកស្រី ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្លែងក្នុងយុទ្ធនាការគាំទ្រទិវាអន្តរជាតិ ដើម្បីសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ ២០២២ កាលពីថ្ងៃទី ៨ ខែកុម្ភៈនេះថា ក្នុងពិភពលោកបច្ចុប្បន្នប្រព័ន្ធអ៊ីនធឺណិតមានស្ទើរគ្រប់ទីកន្លែង និងបានក្លាយជាវេទិកាកំពុងពេញនិយមបំផុតក្នុងការប្រាស្រ័យទាក់ទងគ្នា។ ជាមួយគ្នានេះប្រទេសកម្ពុជាសេវាអ៊ីនធឺណិតក៏មានស្ទើរគ្រប់ទីកន្លែងដែរ ប្រជាពលរដ្ឋអាចប្រើប្រាស់វានៅទីកន្លែងណា ពេលណាក៏បានឱ្យតែមានទូរស័ព្ទស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិកដែលអាចភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតបាន។ លោកស្រីថ្លែងថា៖ «ការអភិវឌ្ឍនូវបច្ចេកវិទ្យាបានផ្ដល់ផលជាវិជ្ជមាន និងអវិជ្ជមាន ហើយចំពោះអ្នកប្រើប្រាស់ជាកុមារក៏មានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ដែរ ដែលក្នុងនោះក្នុងចំណោមអ្នកប្រើប្រាស់ ៣ នាក់ គឺមាន ១ នាក់ជាកុមារ»។ លោកស្រីបន្តថា ប្រព័ន្ធអ៊ីនធឺណិតមិនត្រឹមតែជាទីកន្លែងដែលកុមារអាចស្វែងរកព័ត៌មាន រឿងរ៉ាវ ការរៀនសូត្រ ការស្រាវជ្រាវ ចំណេះដឹង និងលេងកម្សាន្ត ឬភ្ជាប់ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទីកន្លែងផ្ដល់នូវហានិភ័យ និងគ្រោះថ្នាក់យ៉ាងខ្លាំងដល់កុមារ និងអ្នកប្រើប្រាស់ជាច្រើនដែរ ដោយសារតែពួកគេមិនបានយល់ពីគុណសម្បត្ដិ និងគុណវិបត្ដិ ឬមិនទាន់ចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវ។

លោកស្រីបានឱ្យដឹងថា ប្រព័ន្ធអ៊ីនធឺណិតបានផ្ដល់ហានិភ័យដល់កុមារដូចជា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ការលួងលោម ការរុកកួនឆាឆៅ និងបញ្ហាជាច្រើនទៀត។ កុមារ និងយុវជនអាចមានកង្វល់ ពាក់ព័ន្ធនឹងឯកជនភាព ដោយសារតែពួកគេបានទទួលសារជាតំណភ្ជាប់ជាអត្ថបទ រូបភាព វីដេអូ ដែលពួកគេមិនចង់បាន រួមនឹងខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងផ្លូវភេទ និងមាតិកាញុះញង់ អុចអាលបំភិតបំភ័យជាដើម។ លោកស្រីអះអាងថា៖ «ក្នុងពេលថ្មីៗចុងក្រោយនេះការរីករាលដាលនូវជំងឺកូវីដ ១៩ បាននាំមកនូវការផ្លាស់ប្ដូរជាច្រើនដល់របៀបរបបរស់នៅ និងការរៀនសូត្ររបស់កុមារ ជាក់ស្ដែងការសិក្សានៅសាលាត្រូវបានជំនួសដោយការប្រើប្រាស់ប្រព័ន្ធអនឡាញមានន័យថាកុមារត្រូវការប្រើប្រាស់ពេលវេលាច្រើនលើប្រព័ន្ធអ៊ីនធឺណិតដែលគេអាចប្រឈមនឹងបញ្ហាផ្សេងៗ ដូចជាការគំរាមកំហែង ការបោកប្រាស់ ការបៀតបៀនផ្លូវភេទ ការធ្វើបាបពីជនមិនស្គាល់មុខមកលើអារម្មណ៍ និងស្មារតីរបស់ពួកគេ»។ តាមស្ថិតិ National Center for Missing and exploited Children របស់សហរដ្ឋអាមេរិកបានបង្ហាញករណីនៃរបាយការណ៍ ស្ដីពីសម្ភារកេងប្រវ័ញ្ចផ្លូវភេទចំពោះកុមារលើបណ្ដាញអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាបានកើនឡើងទ្វេដងក្នុងអំឡុងពេលកូវីដ ១៩ នេះ គឺពីប្រមាណ ៩ ម៉ឺនករណីក្នុងឆ្នាំ ២០១៩ កើនដល់ ១៨ ម៉ឺនករណីក្នុងឆ្នាំ ២០២០។

លោកស្រី ទេព រ៉ូដា បញ្ជាក់ថា តួលេខទាំងនេះ គឺជាតួលេខសរុបនៃការរាយការណ៍ដែលបានមកពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកដែលពួកគេអាចស្វែងរកដឹងពីទីតាំងនៃការបង្ហោះ (Upload) ឬចែករំលែករូបភាព ឯកសារទាំងនោះលើប្រព័ន្ធរបស់ខ្លួន។ លោកស្រី រ៉ូដា ថ្លែងថា ចំពោះករណីក្នុងប្រទេសកម្ពុជា កិច្ចពិគ្រោះយោបល់ជាមួយយុវជន និងកុមារ ដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២០ បានរកឃើញថា ១៥ ភាគរយនៃកុមារដែលចូលរួមកិច្ចពិគ្រោះយោបល់បានរាយការណ៍ថា ពួកគេធ្លាប់មានមនុស្សមិនស្គាល់មុខទាក់ទងមកលើបណ្ដាញសង្គម។ កុមារ ២ ភាគរយទៀតបានរៀបរាប់ថា ពួកគេធ្លាប់ត្រូវបានជនមិនស្គាល់មុខស្នើឱ្យចែករំលែករូបភាព សកម្មភាពបែបមិនសមរម្យ និងសកម្មភាពបែបស្និទ្ធស្នាលនៅចំពោះមុខកាមេរ៉ាដែលភ្ជាប់ទៅនឹងអ៊ីនធឺណិត។ ដោយមានកំណើនចរាចរណ៍លើការរំលោភបំពាន និងការចែកចាយបន្តនូវរូបភាព អាសអាភាស របស់កុមារលើបណ្ដាញអ៊ីនធឺណិត ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅលើសកលលោក បាននិងកំពុងចាត់វិធានការទប់ស្កាត់ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់ពួកគេ។

អង្គការសកម្មភាពដើម្បីកុមារ (APLE) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងសាខាកាកបាទក្រហមកម្ពុជារាជធានី ដោយមានការឧបត្ថម្ភ គាំទ្រពីអង្គការដៃគូ ក្រុមហ៊ុនឯកជន និងគណៈកម្មាធិការសុវត្ថិភាពអ៊ីនធឺណិតនៅថ្ងៃទី ៨ ខែកុម្ភៈ បានសហការគ្នាប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិ ដើម្បីសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ ២០២២ នៅវិទ្យាស្ថានជាតិអប់រំ។ ការប្រារព្ធយុទ្ធនាការនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងយ៉ាងទូលំទូលាយអំពីសុវត្ថិភាពអ៊ីនធឺណិតនៅកម្ពុជា។ យុទ្ធនាការនេះក៏ជាការលើកកម្ពស់ការចូលរួមធ្វើឱ្យបច្ចេកវិទ្យាអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រឌិត។ តាមរយៈយុទ្ធនាការនេះធ្វើឡើងដើម្បីផ្សព្វផ្សាយទៅដល់កុមារ និងយុវជនវ័យក្មេង ឪពុកម្តាយ និងអ្នកថែទាំកុមារ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនអ៊ីនធឺណិត អ្នកធ្វើការសម្រេចចិត្ត និងអ្នកនយោបាយដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមចំណែកក្នុងការធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិតកាន់តែល្អប្រសើរ និងមានសុវត្ថិភាព។

តាមសេចក្ដីប្រកាសព័ត៌មាន យុទ្ធនាការនេះប្រារព្ធឡើង ក្រោមប្រធានបទរួមមួយគឺ «រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារតាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ» ដោយមានអ្នកចូលរួមជាង ៣០០ នាក់ រួមមាន កុមារ យុវជន មន្ត្រីរាជរដ្ឋាភិបាល គ្រូបង្រៀន បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងប្រតិបត្តិករអ៊ីនធឺណិត។ ដោយឡែក តាមរយៈយុទ្ធនាការនេះនឹងរៀបចំកម្មវិធីបែបនេះជាមួយកុមារ និងយុវជននៅតាមសាលារៀនចំនួន ២ ទៀតក្នុងរាជធានីភ្នំពេញនាពេលខាងមុខ ដោយមានអ្នកចូលរួមជាង ៣០០ នាក់បន្ថែមទៀត។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាថ្លែងក្នុងពិធីប្រកាសយុទ្ធនាការនេះថា ក្នុងនាមក្រសួងអប់រំ ក្នុងនាមប្រជាជន តាមរយៈសកម្មភាពយុទ្ធនាការនៅក្នុងពេលនេះ និងបង្ហាញទៅកាន់សកលលោកថា កម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅអភិវឌ្ឍន៍តាមគន្លងមួយយ៉ាងត្រឹមត្រូវ។ លោកស្រីថ្លែងថា៖ «អ្វីដែលយើងធ្វើនៅថ្ងៃនេះ បានបញ្ជាក់នូវសុឆន្ទៈរបស់យើងទាំងអស់គ្នាក្នុងការប្ដេជ្ញាចិត្ដ ធ្វើដំណើរប្រកបដោយសុឆន្ទៈលើការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាឆ្លើយតបទៅនឹងទំនើបកម្មនៃបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្ម ៤.០»។

លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការសកម្មភាពដើម្បីកុមារថ្លែងថា ការចូលរួមប្រារព្ធទិវាសុវត្ថិភាពអ៊ីនធឺណិតនេះ បានសម្ដែងនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការការពារកុមារពីគ្រប់ទម្រង់ទាំងអស់នៃការរំលោភបំពាន រួមទាំងការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងបានក្លាយជាចំណែកដ៏ធំមួយនៃការផ្លាស់ប្តូរឥរិយាបថ និងការជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិត ប្រកបដោយការទទួលខុសត្រូវ ការគោរព ការចេះគិតពិចារណា និងភាពច្នៃប្រឌិត។ លោក សំលៀង សីលា បានថ្លែងថា៖ «យើងសង្ឃឹមថា ទិវានេះនឹងក្លាយទៅជាទិវាជាតិមួយដែលត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ»៕

website_news/2022110202.txt · Last modified: 2022/02/14 09:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki