website_news:2022110404

១ថ្ងៃខាងថៃបញ្ជូនពលករខ្មែរ៤៥០នាក់មកស្រុកកំណើតចូលឆ្នាំ

https://kohsantepheapdaily.com.kh/ បាត់ដំបង០៧ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ១០:៣២

ខេត្តបាត់ដំបង៖ ពលករខ្មែរក្មេង ចាស់ ប្រុស ស្រី ប្រមាណ៤៥០នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកស្រុកកំណើតវិញក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង៧ព្រឹក រហូតដល់ម៉ោង៤រសៀលថ្ងៃទី០៦ មេសា តាមច្រករបៀងប៉ុស្ដិ៍អង់តែន ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ។ មន្រ្តីនគរបាលការពារព្រំដែនបានឲ្យដឹងថា ពលករខ្មែរទាំងនោះ មិនមានកាន់លិខិតឆ្លងដែនស្របច្បាប់ទេ។ ពួកគេភាពច្រើនជាកម្លាំងពលករឆ្លងដែនលួចលាក់តាមរយៈមេខ្យល់ ទៅស៊ីឈ្នូលកាប់អំពៅក្នុងទឹកដីនៃប្រទេសថៃ។ បើតាមការសាកសួរ ពួកគេភាគច្រើនបានឆ្លងដែនទៅធ្វើការនៅទឹកដីថៃ តាំងពីអំឡុងខែធ្នូ ឆ្នាំ២០២១ ហើយពេលនេះអស់ការងារធ្វើ ទើបពួកគេវិលត្រឡប់មកស្រុកកំណើតវិញ ស្របពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជិតចូលមកដល់។

ប៉ុន្តែយ៉ាងណាក្ដី បើតាមសមត្ថកិច្ចបានប្រាប់ថា ពលករខ្មែរទាំងនេះ ភាគច្រើនសុទ្ធតែមានប័ណ្ណចាក់វ៉ាក់សាំង តែមានក្មេងតូចៗខ្លះមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ដែរ ។ ក្រុមគ្រួពេទ្យបានប្រឹងប្រែងយ៉ាងមមារញឹកក្នុងការត្រួតពិនិត្យ និងធ្វើតេស្ដលើពលករខ្មែរក្មេង ចាស់ ប្រុសស្រី ទាំងនោះ ក្រែងពួកគេមានវិជ្ជមានមេរោគកូវីដ ១៩។

ប៉ុន្តែបើតាមយោងលើការធ្វើតេស្ដរហ័សទៅលើក្រុមពលករទាំងនោះ គឺអវិជ្ជមានទាំងអស់។ មន្រ្តីព្រំដែនបានផ្ដល់ព័ត៌មានបឋមថា ក្រោយពីក្រុមគ្រួពេទ្យពិនិត្យធ្វើតេស្ដកូវីដរួច អាជ្ញាធរបានអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនហើយ៕

website_news/2022110404.txt · Last modified: 2022/04/11 09:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki