website_news:2022110407

សង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលទប់ស្កាត់ករណីជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព

https://www.rfa.org/khmer/ ដោយ ឡេង ម៉ាលី 2022-04-07

មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ករណីជួញដូរមនុស្សនៅតែជាក្ដីកង្វល់សម្រាប់ពលរដ្ឋ ជាពិសេស ចំពោះស្ត្រី ដែលប្រឈមនឹងបោកបញ្ឆោតលោមលួង ពីក្រុមចាប់ជំរិតយកទៅកន្លែងធ្វើអាជីវកម្មជួញដូរផ្លូវភេទ។ តិកម្មនេះ ធ្វើឡើងក្រោយពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបង្ហាញថា ករណីការជួញដូរផ្លូវភេទលើអនីតិជនក្រោម ១៨ឆ្នាំនៅរងការគំរាមកំហែងច្រើននៅកម្ពុជា។ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សសង្កេតឃើញថា ករណីជួញដូរមនុស្សនៅកម្ពុជាមិនទាន់មានភាពធូរស្រាលនៅឡើយ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ មេសាថា ករណីជួញដូរមនុស្សនៅតែមានសន្ទុះខ្លាំង ជាពិសេស ការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទ និងប្រើអំពើហិង្សាលើអនីតិជនជាស្ត្រីអាយុក្រោម ១៨ឆ្នាំ។ លោកមើលឃើញថា អាជ្ញាធរហាក់មិនបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសជួញដូរមនុស្សឱ្យមានប្រសិទ្ធនៅឡើយ ទើបធ្វើឱ្យកម្ពុជានៅតែជាប់ចំណាត់ថ្នាក់ក្នុងការតាមដានពីករណីជួញដូរផ្លូវភេទលើអនីតិជនជាស្ត្រី៖ «ជាពិសេស អំពើហិង្សាបៀតបៀន ជួញដូរផ្លូវភេទជាដើម។ យើងបារម្ភចំពោះអនីតិជនជាស្ត្រីត្រូវបានកើតឡើងខ្ពស់។ ដូច្នេះករណីនេះ ទាមទារឱ្យរដ្ឋាភិបាលបង្កើនការបង្ក្រាប ទប់ស្កាត់ ចំពោះករណីការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ ជាពិសេស ទៅលើកុមារីអាយុក្រោម ១៨ឆ្នាំ»។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកាលពីឆ្នាំ២០២១ នៅថ្ងៃទី៧មេសា ថាករណីជួញដូរមនុស្សនៅតែមានច្រើនគួរឱ្យកត់សម្គាល់។ លោក ស ខេង ព្រួយបារម្ភថាករណីជួញដូរមនុស្សនេះបន្តកើតមានឡើងក្នុងបរិបទការរីករាលដាលកូវីដ-១៩ និងអំពាវនាវឱ្យអាជ្ញាធរកុំឱ្យមានការធ្វេសប្រហែសនឹងក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស៖ «ពួកឧក្រិដ្ឋជន ដែលយកមុខរបរទុច្ចរិតគឺ ការជួញដូរមនុស្សនេះ គេមិនបានបោះបង់ចោល ឬបង្អង់ដៃក្នុងការជួញដូរមនុស្សនោះទេ។ ប្រហែលជាគេអាចងាយស្រួលឆកឱកាសថែមទៀតក្នុងពេលដែលយើងកំពុង ជាប់ដៃដោះស្រាយបញ្ហាវិបត្តិគ្រោះធម្មជាតិ វិបត្តិអសន្តិសុខ បញ្ហាជម្លោះផ្សេងៗ វិបត្តិសុខភាពសាធារណៈ។ គេចាត់ទុកថា ជាឱកាសដ៏ល្អសម្រាប់គេ ដើម្បីគេធ្វើសកម្មភាពជួញដូរមនុស្សនេះ»។

របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបង្ហាញថា កាលពីឆ្នាំ២០២១ កន្លងទៅ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរមនុស្សចំនួន ២៣៥ករណី ហើយសមត្ថកិច្ចបានបញ្ជូនជនល្មើសចំនួន ៤០០នាក់ ទៅតុលាការ។ ចំណែកឯជនរងគ្រោះមានចំនួន ១.៣៩០នាក់ ក្នុងនោះមានស្ត្រី ៥៩៥នាក់ ដែលបានសង្គ្រោះពីករណីជួញដូរមនុស្សនេះ។ ចំពោះករណីអាជីវកម្មពេស្យាចារវិញ អាជ្ញាធរបង្ក្រាបបានចំនួន ១២៤ករណី ក្នុងនោះ ៨៦ករណីជាអនីតិជនបានរងការរំលោភបំពានបៀតបៀនផ្លូវភេទ។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នេះថា មូលហេតុដែលនាំឱ្យករណីជួញដូរមនុស្សនៅតែបន្តកើតមានឡើង គឺដោយសារសង្គមវិលទៅរកភាពក្រីក្រដោយជំងឺកូវីដ-១៩ ទើបធ្វើឱ្យក្រុមជនល្មើស ដែលមានបណ្ដាញនៅតាមបណ្ដាប្រទេសផ្សេងៗ បានប្ដូរទិសដៅកេងប្រវ័ញ្ច និងជួញដូរនៅកម្ពុជា។

ទោះជាយ៉ាងណា លោក អំ សំអាត មើលឃើញថា ករណីជួញដូរមនុស្សនៅតែជាបញ្ហាប្រឈមមិនមានការទប់ស្កាត់ឱ្យបានប្រសិទ្ធភាពនៅឡើយទេ។ លើសពីនេះ លោកមើលឃើញថា ករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្មជំរិតទារប្រាក់ របស់ក្រុមឧក្រិដ្ឋជនបរទេសដែលភាគច្រើនជាជនជាតិចិនក៏បានកើតឡើងច្រើនក្នុងរយៈពេលចុងក្រោយនេះដែរ។

កាលពីដើម ខែមីនា ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយដោយពួកគេព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងនៃការជួញដូរមនុស្សការចាប់បង្ខំឱ្យធ្វើពលកម្ម អំពើទាសភាព និងទារុណកម្ម នៅតាមបរិវេណអគារនានានៅកម្ពុជា។ ពួកគេក៏បានបញ្ជាក់ថា ការរំលោភបំពានពាក់ព័ន្ធនឹងជនបរទេស ដែលត្រូវបានចាប់ជំរិត លក់ ជួញដូរ ឬត្រូវបោកបញ្ឆោត ឱ្យទទួលការងារនៅក្នុងខេត្តមួយចំនួន រួមមាន ខេត្តព្រះសីហនុ ភ្នំពេញ ពោធិ៍សាត់ កោះកុងជាដើម។ ជនរងគ្រោះដែលបានរត់គេចខ្លួនរួច បានរាយការណ៍ថា ពួកគេត្រូវបានធ្វើបាបទាំងរាងកាយ ផ្លូវចិត្ត រងអំពើហិង្សាពីសំណាក់ក្រុមដែលបង្ខាំងពួកគេ។

ទាក់ទងនឹងបញ្ហាជួញដូរមនុស្សនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យគោរពតាមនីតិវិធីស៊ើបអង្កេតដ៏ត្រឹមត្រូវមួយ និងដោយយកចិត្តទុកដាក់ ហើយត្រូវចាប់ជនល្មើស ដែលជួញដូរមនុស្សនិងជួញដូរផ្លូវភេទទៅផ្ដន្ទាទោសឱ្យបានតឹងរ៉ឹងបំផុត។ លើសពីនេះកម្ពុជា ត្រូវពង្រឹងបេសកកម្មការទូតជាមួយប្រទេសពាក់ព័ន្ធនានា ដើម្បីជួយជនរងគ្រោះជនរងគ្រោះកម្ពុជានៅបរទេសរួមទាំងប្រទេសគ្មានតំណាងអង្គទូតកម្ពុជាជាដើម។ ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជាត្រូវ ប្រឹងប្រែងត្រួតពិនិត្យភ្នាក់ងារជ្រើសរើសពលករឯកជន និងឈ្មួញកណ្ដាល ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬគ្មានអាជ្ញាប័ណ្ណសម្រាប់ជ្រើសរើសយកទៅធ្វើការនៅក្រៅប្រទេស ដើម្បីជៀសវាងការក្លែងបន្លំនិងការជួញដូរផ្សេងៗ ទៀត៕

website_news/2022110407.txt · Last modified: 2022/04/11 09:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki