website_news:2022110409

ពលករមកពីថៃ ចូលតាមខេត្តបន្ទាយមានជ័យកើនឡើង ខណៈបុណ្យចូលឆ្នាំខិតជិតមកដល់

https://btv.com.kh/ 04/08/2022 12:04 PM

បន្ទាយមានជ័យ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែគៀកជិតឈានមកដល់ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានត្រឡប់មកស្រុកកំណើតវិញ តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តរឹតបន្តឹងត្រួតពិនិត្យវិធានការសុខាភិបាល។

ថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ បានកើនឡើងតាំងពីសប្តាហ៍ចុងក្រោយខែមីនា ហើយបន្តកើនឡើងក្នុងសប្តាហ៍ដំបូងខែមេសា ដោយក្នុងមួយថ្ងៃមានចំនួនយ៉ាងហោចណាស់ប្រមាណ១ពាន់។ ឯកឧត្តម បន្តថា ក្នុងចំណោមនោះ បានឆ្លងដែនតាមច្រកចំនួន៤ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកបឹងត្រកួន ស្រុកថ្មពួក ច្រកបឹងបេង ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខណៈច្រកដែលមានពលករឆ្លងដែនច្រើនជាងគេមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកអូរបីជាន់។

ឯកឧត្តម បញ្ជាក់ថា ទោះបីមានការកើនឡើងនៃចំនួនពលករមកពីថៃ ប៉ុន្តែក្រុមការងារជំនាញដែលឈរជើងតាមបណ្តាព្រំដែនបន្តអនុវត្តវិធានការសុខាភិបាលម៉ឺងម៉ាត់ ពោលគឺអ្នកមិនទាន់បានចាក់វ៉ាកសាំងដូសមូលដ្ឋាន ឬយ៉ាងហោចណាស់ចំនួនដូសនោះនឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក។ ឯកឧត្តម បន្តថា រាល់ការឆ្លងដែនរបស់ពលករទាំងអស់តម្រូវឲ្យធ្វើតេស្តសម្រាប់អ្នកដែលមានអាការៈមិនស្រួលខ្លួន ហើយអ្នកបានចាក់វ៉ាក់សាំង ដូសទី២រួចរាល់ អនុញាត ឲ្យត្រឡប់ទៅផ្ទះ និងអ្នកមិនទាន់ចាក់ត្រូវធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃ ដែលកំណត់ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក បានរៀបចំចាក់វ៉ាក់សាំងជូនពួកគេ។ ឯកឧត្តម អ៊ុំ រាត្រី បន្ថែមថា ដើម្បីឆ្លើយតបចំពោះបញ្ហាកំណើនពលករ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជំនាញឈរជើងជាប់ជាប្រចាំរង់ចាំទទួលពលករមកពីថៃ និងបានរៀបចំទីតាំងធ្វើចត្តាឡីស័ក និងព្យាបាល សំដៅធានាឲ្យបានពីការរីករាលមេរោគកូវីដ១៩ក្នុងសហគមន៍ ខណៈប្រទេសថៃនៅថ្ងៃទី៨ ខែមេសានេះ បានរកឃើញករណីឆ្លងចំនួនជាង ២ម៉ឺនករណី និងស្លាប់៨៩នាក់៕ អត្ថបទ សេក ឧត្តម

website_news/2022110409.txt · Last modified: 2022/04/11 09:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki