website_news:2022110503

ក្រសួងចាប់ផ្ដើមបន្តសុពលភាពបណ្ណ និងលិខិតពលករធ្វើការនៅប្រទេសថៃនាថ្ងៃនេះ

https://www.postkhmer.com/ អោម ប៊ុនធឿន | Publication date 09 May 2022 | 09:48 ICT

ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រសួងនឹងចាប់ផ្តើមបន្តសុពលភាពបណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាបានឱ្យដឹងថា សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាទាំងអស់ដែលមានបណ្ណពលករ-កម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ដែលបានផុតសុពលភាព ឬសុពលភាពនៅសល់ក្រោមរយៈពេល ៦ ខែ អាចមកបន្តសុពលភាពបានដោយដាក់ពាក្យស្នើសុំ និងទទួលឯកសារបន្តសុពលភាព OCWC និង TD តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារនៃព្រះរាជាណាចក្រថៃឡង់ដ៍តាមគេហទំព័រ https://cambodia-doe.com តែមួយគត់។ លិខិតជូនដំណឹងរបស់លោក អ៊ិត សំហេង ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ បានឱ្យដឹងថា ការដាក់ពាក្យស្នើសុំបន្តសុពលភាពទាំងនេះតម្រូវឱ្យភ្ជាប់ឯកសារមួយចំនួនដូចជា៖ ស្គែនរូបថតទំហំ ៤x៦ របស់ពលករកម្ពុជា ស្គែន OCWC ដែលផុតសុពលភាពចូលក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម, ស្គែន TD ដែលបានផុតសុពលភាព ឬសុពលភាពនៅសល់ក្រោមរយៈពេល ៦ ខែ ចូលក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម និងផ្តល់ឯកសារសំណៅដើម OCWC និង TD ដល់មន្ត្រីនាយកដ្ឋានមុខរបរនៃក្រសួងការងារ នៃព្រះរាជាណាចក្រថៃឡង់ដ៍តែមួយគត់ ដែលមានអាសយដ្ឋាន Mitmaitri Road, Dindaeng, Bangkok 10400, Thailand ។

ចំពោះដំណើរការឯកសារ នាយកដ្ឋានមុខរបរនៃក្រសួងការងារនៃព្រះរាជាណាចក្រថៃឡង់ដ៍ នឹងបញ្ជូនទិន្នន័យពាក្យស្នើសុំបន្តសុពលភាពរបស់ពលករកម្ពុជាមកប្រព័ន្ធទិន្នន័យ OCWC និង TD របស់គណៈកម្មការផ្តល់ភាពស្របច្បាប់តាមរយៈ API។ ជាមួយគ្នានេះ ត្រូវប្រគល់ឯកសារសំណៅដើម OCWC និង TD មកការិយាល័យតំណាងរបស់អនុព័ន្ធការងារកម្ពុជាដែលមានទីតាំងនៅក្នុងនាយកដ្ឋានមុខរបររបស់ថៃ ដើម្បីបញ្ជូនបន្តទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ លោករដ្ឋមន្ត្រីក្រសួងការងារបានឱ្យដឹងថា គណៈកម្មការផ្តល់ភាពស្របច្បាប់នឹងផ្ទៀងផ្ទាត់ទិន្នន័យ និងអនុម័តបន្តសុពលភាព OCWC និង ID។ រីឯការទទួលឯកសារសំណៅដើម OCWC និង TD ពីនាយកដ្ឋានមុខរបរនៅការិយាល័យតំណាងរបស់អនុព័ន្ធការងារកម្ពុជាដែលមានទីតាំងនៅក្នុងនាយកដ្ឋានមុខរបរនៃក្រសួងការងារនៃព្រះរាជាណាចក្រថៃឡង់ដ៍តែមួយគត់។ លោកបន្តថា គណៈកម្មការផ្តល់ភាពស្របច្បាប់ និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃសហការជាមួយនាយកដ្ឋានមុខរបរ និងមន្ទីរការងារនៃក្រសួងការងារថៃដើម្បីចែក OCWC និង TD ដែលបានបន្តសុពលភាពរួចរាល់ជូនពលករកម្ពុជា/និយោជកនៅការិយាល័យតំណាងរបស់អនុព័ន្ធការងារកម្ពុជាដែលមានទីតាំងនៅក្នុងនាយកដ្ឋានមុខរបររបស់ថៃ។

ការពិនិត្យពាក្យស្នើសុំបន្តសុពលភាព និងអនុម័ត OCWC និង TD មានរយៈពេល ៥ ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងករណីឯកសារបញ្ជូនមកត្រឹមត្រូវ។ ចំណែកតម្លៃបន្តសុពលភាព OCWC និង TD ចំនួន ១ ៤០០ (មួយពាន់បួនរយ) បាត ក្នុងពលករម្នាក់។ លោកបញ្ជាក់ថា៖ «បងប្អូនពលករកម្ពុជា/និយោជកអាចមកទទួលឯកសារបន្តសុពលភាព OCWC និង TD ទៅតាមការណាត់ នៅការិយាល័យតំណាងរបស់អនុព័ន្ធការងារកម្ពុជា ដែលមានទីតាំងនៅក្នុងនាយកដ្ឋានមុខរបរនៃក្រសួងការងារ នៃព្រះរាជាណាចក្រថៃឡង់ដ៍ដែលមានអាសយដ្ឋាន Mitmaitri Road, Dindaeng, Bangkok 10400, Thailand»។ លោក គឹម សេង នាយកក្រុមហ៊ុន SKMM INVESTMENT ដែលនាំពលករ-ខ្មែរ ទៅធ្វើការនៅថៃ ថ្លែងនៅថ្ងៃទី ៨ ខែឧសភាថា ក្រសួងការងារពិតជាបានជួយសម្រួលដល់ពលករដែលទៅធ្វើការងារ និងស្នាក់នៅប្រទេសថៃបានច្រើនក្នុងនោះមានទាំងការផ្តល់វីសា និងជួយបន្តសុពលភាពបណ្ណពលករ និងលិខិតធ្វើដំណើរពលករកម្ពុជានៅប្រទេសថៃ។ លោកបន្តថា ការជួយសម្រួលក្នុងការបន្តសុពលភាពបណ្ណពលករ និងលិខិតធ្វើដំណើរមានប្រយោជន៍សម្រាប់ពលករដោយមិនចាំបាច់ចំណាយពេលវេលាត្រឡប់មកកម្ពុជាដោយគ្រាន់តែបំពេញបែបបទដាក់តាមប្រព័ន្ធស្វ័យប្រវត្តិ និងប្រគល់ឯកសារសំណៅដើមទៅការិយាល័យតំណាងរបស់អនុព័ន្ធការងារកម្ពុជានៅប្រទេសថៃ។

លោក ឈុំ ពិសី នាយកក្រុមហ៊ុន CPS Best Team Services ថ្លែងនៅថ្ងៃទី ៨ ខែឧសភាថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ បានធូរស្បើយបានផ្ដល់អំណោយផលដល់ការបញ្ជូនពលករទៅធ្វើការនៅថៃដោយស្របច្បាប់។ក្រុមហ៊ុនរបស់លោកបាន និងកំពុងប្រកាសជ្រើសរើសពលករស្របតាមច្បាប់នៃកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា (MOU) រវាងកម្ពុជា-ថៃជាបន្តបន្ទាប់។ លោកថា ក្រោយកូវីដមានការបន្ធូរបន្ថយជាងមុនដែលមានអំណោយផលដល់ពលករ និងភាគីខាងក្រុមហ៊ុននៅថៃមិនសូវពិបាកក្នុងការចំណាយច្រើនពេលពលករចូលទៅធ្វើការនៅថៃ។ លោកថ្លែងថា៖ «បន្ធូរបន្ថយទី ១ គេអត់ធ្វើចត្តាឡីស័កដូចមុន ហេតុនេះមិនមានការចាំបាច់ក្នុងការចំណាយច្រើនសម្រាប់ការធ្វើចត្តាឡីស័ក ហើយឥឡូវហ្នឹងគេកាត់បន្ថយឯកសារខ្លះៗដែលធ្វើឱ្យពលករងាយស្រួលផងដែរគ្រាន់តែមិនទាន់ទូលាយដូចមុនកូវីដ»៕

website_news/2022110503.txt · Last modified: 2022/05/11 20:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki