website_news:2022110504

ពលរដ្ឋឆ្លងដែនតាមច្រកប៉ោយប៉ែតកើនឡើង ខណៈអាជ្ញាធរខ្មែរ គ្រោងជួបថៃបើកច្រក ២ទៀត

https://www.btv.com.kh/ 2022/05/10 10:57:46 am

ភ្នំពេញ៖ កំណើនប្រជាពលរដ្ឋ និងពលករខ្មែរ ឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអាជ្ញាធរនៃខេត្តបន្ទាយមានជ័យ បានគ្រោងជួបពិភាក្សាជាមួយអាជ្ញាធរថៃ ដើម្បីបើកច្រកតំបន់ចំនួន ២ទៀត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ចាប់ពីថ្ងៃបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ការធ្វើដំណើររបស់ពលរដ្ឋឆ្លងដែនទៅមកប្រទេសធម្មតា ប៉ុន្តែនារយៈពេលចុងក្រោយមកនេះមានការកើនឡើង ដោយសារអាជ្ញាធរបានជួយសម្រួលនូវឯកសារគតិយុត្តផ្សេងៗ កាន់តែមានភាពងាយស្រួល ។ ឯកឧត្តមបានបន្តថា សម្រាប់ការធ្វើប័ណ្ណព្រំដែន ក៏មានការកើនឡើង ព្រោះប្រជាពលរដ្ឋមានតម្រូវការឆ្លងទៅខេត្តស្រះកែវ នៃប្រទេសថៃ ពិសេសអ្នកទៅប្រកបរបរនៅក្នុងផ្សារថៃមួយឈ្មោះ “រោងក្លឿ” ហើយអាជ្ញាធរខេត្តបន្ទាយមានជ័យ គ្រោងជួបអាជ្ញាធរនៃប្រទេសថៃ បើកច្រកតំបន់ ២ទៀត គឺច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដើម្បីសម្រួលដល់ការងារផ្សេងៗ របស់ពលរដ្ឋនៃប្រទេសទាំងពីរ ។ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទន្ទឹមនេះអាជ្ញាធរតាមបន្ទាត់ព្រំដែន នៅតែបន្តអនុវត្តនូវវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងធ្វើការផ្សព្វផ្សាយ ដល់ពលករដែលចេញមកពីថៃ មិនទាន់ចាក់វ៉ាក់សាំង ឲ្យពួកគេទៅចាក់ឲ្យបានគ្រប់គ្នា ។

គួរបញ្ជាក់ថា អាជ្ញាធរនៃប្រទេសថៃ បានសម្រេចបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ជាមួយកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យពលរដ្ឋអាចធ្វើដំណើរចេញចូលឡើងវិញ ដោយមានភ្ជាប់ជាមួយនូវលិខិតឆ្លងដែន (Passsport), ប័ណ្ណព្រំដែន (Border Pass) រួមទាំងមានប័ណ្ណបញ្ជាក់ការវ៉ាក់សាំងកូវីដ-១៩ ផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

website_news/2022110504.txt · Last modified: 2022/05/11 20:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki