website_news:2022111003

កម្ពុជាធ្លាក់ទៅក្នុងបញ្ជីក្រហម បន្ទាប់ពីការទប់ស្កាត់បទល្មើសជួញដូរមនុស្សមិនទាន់មានប្រសិទ្ធិភាព

https://www.rfi.fr/km//20220720-?ref=tg iចុះផ្សាយនៅថ្ងៃ៖ 20/07/2022 - 08:43 ដោយ៖ជួប នរក្សា

កម្ពុជាធ្លាក់ទៅក្នុងបញ្ជីក្រហម ឬចំណាត់ថ្នាក់កម្រិតទី៣ ក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីការទប់ស្កាត់បទល្មើសជួញដូរមនុស្ស មិនទាន់មានប្រសិទ្ធិភាព។ នេះគឺជាការបង្ហាញឲ្យដឹងនៅក្នុង របាយការណ៍ ស្តីអំពី ការជួញដូរមនុស្សប្រចាំឆ្នាំ២០២២ ចេញផ្សាយដោយក្រសួងការបរទេសអាមេរិក នៅថ្ងៃនេះ។

រដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្តង់ដារអប្បរមា និងមិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងអ្វី ដើម្បីលុបបំបាត់ការជួញដូរនៅក្នុងប្រទេស។ ដោយបូករួមទាំងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ លើសមត្ថភាពប្រឆាំងការជួញដូរមនុស្សផងនោះ ទើបកម្ពុជាបានធ្លាក់ទៅកម្រិតទី៣ នៃរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកពេលនេះ។ អំពើពុករលួយជាប្រព័ន្ធ បានបន្តរារាំងដល់ប្រតិបត្តិការពង្រឹងច្បាប់ ទំនួលខុសត្រូវអ្នកជួញដូរ និងការផ្តល់សេវាជួយជនរងគ្រោះ។ របាយការណ៍ជួញដូរមនុស្សរបស់អាមេរិក បានអះអាងថា អាជ្ញាធរកម្ពុជាមិនបានបើកការស៊ើបអង្កេត ទៅលើម្ចាស់អាជីវកម្ម ដែលបានចាប់មនុស្សប្រុសស្រី និងកុមាររាប់ពាន់នាក់ ដើម្បីជួញដូរក្នុងសេវាកម្មកម្សាន្ត សិប្បកម្មឡឥដ្ឋ និងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត។ ម្យ៉ាងវិញទៀត អាជ្ញាធរក៏បរាជ័យក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលរងការជួញដូរយ៉ាងសកម្មក្នុងចំណោមប្រជាជន ដែលងាយរងគ្រោះ។

បើទោះបីជាមានការចាប់ខ្លួន និងកាត់ទោសជនជួញដូរមនុស្សជាបន្តបន្ទាប់ ក៏ប៉ុន្តែរបាយការណ៍ពេលនេះ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញរបាយការណ៍ស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ ជាក់ស្តែងក្នុងឆ្នាំ២០២១ មានសេចក្តីរាយការណ៍ថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យជួញដូរមនុស្សចំនួន ៣៧០នាក់ ដែលក្នុងនោះមាន មេខ្យល់ ៣២២នាក់ ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានរាយការណ៍បច្ចុប្បន្នភាព អំពីការចាប់ខ្លួនទាក់ទងទៅនឹងបទល្មើសជួញដូរមនុស្ស។

គួរកត់សម្គាល់ថា ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ កម្ពុជាបានស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២នៃការឃ្លាំមើល ក៏ប៉ុន្តែសម្រាប់របាយការណ៍នៅឆ្នាំ២០២២ បានធ្លាក់ទៅដល់កម្រិត៣ ឬបញ្ជីខ្មៅ។ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនាពេលនេះ ក៏ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសារព័ត៌មាន Al Jazeera បានចេញផ្សាយនូវវីដេអូឯកសារស៊ើបអង្កេត មួយអំពីការជួញដូរមនុស្សនៅកម្ពុជា។ នៅកម្ពុជា ដែលវីដេអូឯកសារ បង្ហាញថា មានក្រុមឧក្រិដ្ឋជនកំពុងជួញដូរយុវជន និងស្ត្រីរាប់ពាន់នាក់មកពីទូទាំងអាស៊ី ឲ្យចូលទៅក្នុងបរិវេណ ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងប្រទេសកម្ពុជា ដោយបង្ខំឱ្យពួកគេធ្វើការងារបោកប្រាស់តាមអ៊ីនធឺណេត។

ទោះជាយ៉ាងណា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកពេលនេះ លើកឡើងថា កម្ពុជាត្រូវតែពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ដោយបើកការស៊ើបអង្កេត និងកាត់ទោសជនល្មើសឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គមធ្វីតទ័រថា អាមេរិកនឹងធ្វើការជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ដោយឈរជាមួយប្រជាជនកម្ពុជាដែលគាំទ្រ និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ៕

website_news/2022111003.txt · Last modified: 2022/10/11 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki