website_news:2022111004

រដ្ឋាភិបាលឥណ្ឌាថា ពលករខ្លួនជាង១៣០នាក់ ត្រូវបានសង្គ្រោះពីការងារឆរបោកនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា

https://www.rfa.org/khmer/news/social-economy/india-external-affairs-ministry-spokesperson-said-80-indian-job-scam-workers-rescued-from-cambodia-and-laos-10092022184732.html ដោយ មាន ឫទ្ធិ2022.10.09

រដ្ឋាភិបាលឥណ្ឌាប្រកាសថា ពលករខ្លួនសរុបជាង ១៣០នាក់ ត្រូវបានសង្គ្រោះចេញពីការងារឆរបោកនៅក្នុងប្រទេសកម្ពុជា ឡាវ (Laos) និងប្រទេសមីយ៉ាន់ម៉ា (Myanmar) ក្រោយពីពួកគេបានចាញ់បោកភ្នាក់ងារផ្តល់ឱកាសការងារក្លែងក្លាយក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសថៃ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អេ.ភី (AP) របស់អាមេរិក កាលពីថ្ងៃទី០៨ ខែតុលា។

ទីភ្នាក់ងារសារព័ត៌មាននេះបានស្រង់ប្រសាសន៍អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសឥណ្ឌាថា ពលករឥណ្ឌាមួយចំនួនត្រូវបានគេចាប់បង្ខាំងនៅក្នុងប្រទេសទាំងនេះ និងបង្ខំឱ្យប្រព្រឹត្តអំពើឆរបោកនៅលើប្រព័ន្ធអ៊ីនថឺណិត។ មន្ត្រីរូបនោះឱ្យដឹងថា ពលករជនជាតិឥណ្ឌាប្រមាណ ៨០នាក់ ត្រូវបានជួយសង្គ្រោះចេញពីប្រទេសកម្ពុជា និងឡាវ។ រីឯ ពលករឥណ្ឌាជិត៥០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនចេញពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសឥណ្ឌាវិញ។ កាលពីថ្ងៃទី១៩ ខែកញ្ញា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានណែនាំឱ្យពលរដ្ឋខ្លួនដែលមានបំណងស្វែងរកការងារធ្វើនៅកម្ពុជា ឱ្យប្រុងប្រយ័ត្នចំពោះការឆរបោក ដោយត្រូវពិនិត្យមើលប្រវត្តិរបស់ក្រុមហ៊ុន អង្គការ ឬស្ថាប័នផ្តល់ការងារនៅកម្ពុជាទាំងនោះឱ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តធ្វើដំណើរមកកម្ពុជា។ ស្ថានទូតឥណ្ឌាថា មានការកើនឡើងនូវករណីដែលជនជាតិឥណ្ឌាជាច្រើននាក់បានធ្លាក់ខ្លួនចូលអន្ទាក់នៃអំពើ ឬភ្នាក់ងារជួញដូរមនុស្សតាមរយៈការសន្យាផ្តល់ឱកាសការងារធ្វើល្អនៅកម្ពុជា។

ទីភ្នាក់ងារសារព័ត៌មានអាមេរិក អេ.ភី រាយការណ៍ឱ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ជនជាតិម៉ាឡេស៊ីសរុប ២១នាក់ ត្រូវបានជួយសង្គ្រោះពីក្រុមឧក្រិដ្ឋជនជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា និងឡាវ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និយាយថា គិតមកទល់ពេលនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានសង្គ្រោះពលរដ្ឋខ្លួនបានចំនួន ២៧៣នាក់ ក្នុងចំណោមពលរដ្ឋម៉ាឡេស៊ីសរុប ៤០១នាក់ ដែលត្រូវបានគេរាយការណ៍មកថា កំពុងបាត់ខ្លួននៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ៕

website_news/2022111004.txt · Last modified: 2022/10/11 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki