website_news:2022111005

សង្គមស៊ីវិលជំរុញរដ្ឋាភិបាលផ្សាយរបាយការណ៍ស្ដីពីឧក្រិដ្ឋជនជួញដូរមនុស្សនៅកម្ពុជាប្រកបដោយតម្លាភាព

https://www.rfa.org/khmer/news/human-rights/civil-society-urges-govt-to-release-of-human-trafficking-criminals-report-on-transparency-10082022090528.html ដោយ ជាតិ ចំណាន 2022.10.08

មន្ត្រីអង្គការសង្គមស៊ីវិលជំរុញរដ្ឋាភិបាលឯកបក្សផ្សព្វផ្សាយរបាយការណ៍ ស្ដីពីឧក្រិដ្ឋកម្មជួញដូរមនុស្សប្រកបដោយតម្លាភាព និងទូលំទូលាយ ដើម្បីជាប្រយោជន៍សម្រាប់មហាជន និងអន្តរជាតិ។ ការជំរុញនេះ បន្ទាប់ពីរដ្ឋាភិបាលចេញរបាយការណ៍ថា សមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសជាង ៥រយនាក់ (៥១១) ចេញពីការជួញដូរមនុស្ស និងកន្លែងបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជា។ ប៉ុន្តែ រដ្ឋាភិបាលមិនបញ្ជាក់ពីទីតាំងជាក់លាក់អំពីការជួយសង្គ្រោះជនបរទេសទាំងនោះទេ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការរឹតត្បិត ឬការលាក់បាំងព័ត៌មានអំពីឧក្រិដ្ឋកម្មជួញដូរមនុស្សពីសំណាក់រដ្ឋាភិបាល លោក ហ៊ុន សែន គឺជាហេតុនាំឱ្យមហាជន និងសហគមន៍អន្តរជាតិ មានមន្ទិលសង្ស័យថា ការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជនគ្មានប្រសិទ្ធភាព។

នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែតុលា ថា ការបង្ក្រាបរបស់អាជ្ញាធរលើទីតាំងនៃក្រុមឧក្រិដ្ឋជនជួញដូរមនុស្សនេះ រដ្ឋាភិបាលគួរតែបង្ហាញរបាយការណ៍ដោយប្រកបដោយតម្លាភាព ដើម្បីឱ្យមហាជន និងអន្តរជាតិមានទំនុកក្នុងការផ្ដល់ព័ត៌មានបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ៖ «ឱ្យសាធារណជនបានដឹងថា តើទីតាំងណាខ្លះដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស? ដើម្បីឱ្យពួកគាត់ហ្នឹងតាមមើលថា ទីតាំងថាត្រូវបានបិទ ឬមិនបិទ។ ប្រសិនជាមិនបិទទេ វាអាចហ្នឹងមានកើតមានករណី [ជួញដូរមនុស្ស] ហ្នឹងបន្តទៅទៀត ឬក៏អាចឱ្យប្រជាពលរដ្ឋ ឬក៏ជនបរទេស គាត់អាចដឹងបើសិនជា ឈ្មោះទីតាំង ឬឈ្មោះក្រុមហ៊ុននៅកន្លែងណាទៀត ពួកគាត់នឹងពិចារណា ដើម្បីកុំឱ្យមានការចាញ់បោក។ ការបង្ក្រាបជាស្នាដៃរដ្ឋាភិបាលហើយ ប៉ុន្តែរបាយការណ៍បង្ហាញអំពី តម្លាភាពវាជារឿងសំខាន់ សម្រាប់ក្នុងការទប់ស្កាត់ ឬបង្ការទៅថ្ងៃក្រោយទៀត»។

ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ ធ្វើឡើងក្រោយពេលដែលអាជ្ញាធររដ្ឋាភិបាលឯកបក្សអះអាងថា ចាប់តាំងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៧ តុលា សមត្ថកិច្ចទទួលបានបណ្ដឹងជាង ៤រយករណី (៤២៥) ដែលក្នុងនោះមានមនុស្សសរុបជាង ១ពាន់នាក់ (១.០៦៧)។ ក្នុងនោះក្រុមឧក្រិដ្ឋជនធ្វើសកម្មភាពនៅខេត្តព្រះសីហនុច្រើនជាងគេដែលមានជាង ២រយករណី។ ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចេញពីកន្លែងជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់បានជាង ៥រយនាក់ (៥១១) និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ខ្មែរ និងវៀតណាមសរុបជិត ១រយនាក់ (៦៧នាក់)។ ជនរងគ្រោះដែលសមត្ថកិច្ចជួយសង្គ្រោះកន្លងមករួមមានជនជាតិឥណ្ឌូណេស៊ី (Indonesia) វៀតណាម (Vietnam) ថៃ (Thailand) ម៉ាឡេស៊ី (Malaysia) ចិន (China) ប៉ាគីស្ថាន (Pakistan) ឥណ្ឌា (India) មីយ៉ាន់ម៉ា (Myanmar) ហ្វីលីពីន (Philippines) តួកគី (Turkey) អាមេរិក (USA) អង់គ្លេស (UK) កូរ៉េខាងត្បូង ( South Korea) ជាដើម។ ក្រសួងមហាផ្ទៃមិនបានបញ្ជាក់ឈ្មោះទីតាំងភូមិសាស្ត្រ ឬក្រុមហ៊ុនណាមួយ ដែលសមត្ថកិច្ចបានជួយសង្គ្រោះជនរងចេញពីកន្លែងជួញដូរមនុស្ស និងបង្ខាំងមនុស្សខុសច្បាប់នេះនៅឡើយទេ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីសុំការបញ្ជាក់ជុំវិញរបាយការណ៍នេះបានទេនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែតុលា។

ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍នានាដែលបានរាយការណ៍កន្លងមក ឧក្រិដ្ឋកម្មជួញដូរមនុស្ស និងបង្ខាំងមនុស្សដោយខុសច្បាប់នេះភាគច្រើនកើតមាននៅតាមតំបន់អភិវឌ្ឍដោយជនជាតិចិនដូចជានៅខេត្តព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ ក្រុងប៉ោយប៉ែត ខេត្តកណ្ដាល និងនៅរាជធានីភ្នំពេញជាដើម។ ថ្មីៗនេះ បុគ្គលិកធ្វើការងារនៅមជ្ឈមណ្ឌលទីក្រុងហេងហេង (Heng Heng Entertainment City Center) នៅក្រុងបាវិតខេត្តស្វាយរៀង ក៏បានទម្លាយប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងដែរថា មានជនបរទេសរាប់រយនាក់កំពុងរង់ចាំការជួយសង្គ្រោះពួកគេចេញពីបរិវេណអគារធ្វើទារុណកម្ម និងកន្លែងការងារឆបោកតាមប្រព័ន្ធអនឡាញ (Online)។

ទាក់ទងនឹងរឿងនេះដែរ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា អំពើជួញដូរមនុស្សនេះបានរំលោភបំពានសិទ្ធិមនុស្ស និងធ្វើឱ្យអាប់ឱនមុខមាត់កម្ពុជាធ្ងន់ធ្ងរ ហើយប្រទេសនៅជុំវិញពិភពលោកកំពុងមានការស្អប់ខ្ពើម។ លោក នៅតែបន្តស្នើយ៉ាងទទូចដល់អាជ្ញាធរ និងស្ថាប័នតុលាការពង្រឹងការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជនជួញដូរមនុស្សនៅកម្ពុជា។ លោកជឿជាក់ថា បើអាជ្ញាធរមានសមត្ថកិច្ចគ្មានឆន្ទៈក្នុងការស៊ើបអង្កេតឱ្យបានស៊ីជម្រៅលើមេខ្លោងធំៗ ដែលជាប់ពាក់ព័ន្ធនៅពីក្រោយនៃឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ នោះឧក្រិដ្ឋកម្មអំពើជួញដូរមនុស្សនៅកម្ពុជានឹងរីកដុះដាលកាន់តែខ្លាំងបន្ថែមទៀត៖ «ទោះបីថារកឃើញ មានអ្នកនៅពីក្រោយនៃអំពើជួញដូរជាអ្នកធំ មានបុណ្យសក្ដិ មានទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយ គឺថាយើងស្នើឱ្យអាជ្ញាធរមានចំណាត់ការឱ្យបានស្នើភាពគ្នា ធ្វើម៉េចឱ្យមានសមភាព ចំពោះផ្លូវច្បាប់ ហើយកុំឱ្យមានការលើកលែង។ នេះជារឿងមួយត្រូវតែចាត់វិធានការឱ្យម៉ឺងម៉ាត់ ហើយជៀសវាងកុំឱ្យមានការប្រព្រឹត្តនូវអំពើពុករលួយក្នុងការជួញដូរមនុស្សនេះ និងស្នើទៅដល់ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យ អនុវត្តច្បាប់ចំពោះអ្នកដែលប្រព្រឹត្តនូវអំពើជួញដូរមនុស្សទាំងអស់ហ្នឹង យកមកផ្ដន្ទាទោស ធ្វើម៉េចអនុវត្តទៅតាមច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត»។

ថ្វីបើបែបនេះក្ដី ក្រុមមន្ត្រីការពារសិទ្ធិមនុស្ស មើលឃើញថា អាជ្ញាធររដ្ឋាភិបាលហាក់ព្យាយាមបិទបាំងព័ត៌មានមួយចំនួនទាក់ទងនឹងទីតាំង និងក្រុមឧក្រិដ្ឋដែលប្រព្រឹត្តឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា។ ពួកគាត់ស្នើដល់រដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្ដល់ទំនុកចិត្ត និងផលប្រយោជន៍សម្រាប់មហាជន និងជនបរទេសកំពុងរស់នៅកម្ពុជា។ ការបិទបាំងនូវរឿងឧក្រិដ្ឋកម្មនានាពីសំណាក់រដ្ឋាភិបាល លោក ហ៊ុន សែនហាក់មិនមែនជារឿងចម្លែកអ្វីនោះទេ។ សៀវភៅណែនាំស្ដីពីសុវត្ថិភាពអ្នកសារព័ត៌មានរបស់ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) បានសរសេរថា មេដឹកនាំដែលប្រកាន់របបផ្ដាច់ការនិយម គឺពួកគេតែងតែព្យាយាមរាំងខ្ទប់ព័ត៌មាននូវរាល់បទឧក្រិដ្ឋនានា និងរឹតត្បិតការជជែកវែកញែកលើសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន។ សៀវភៅដដែលសរសេរថា មូលហេតុដែលមេដឹកនាំទាំងនោះខិតខំធ្វើដូច្នេះ គឺដោយសារខ្លាចប៉ះពាល់ដល់មុខមាត់កិត្ដិយស និងការក្រាញអំណាចរបស់ខ្លួន៕

website_news/2022111005.txt · Last modified: 2022/10/11 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki