website_news:2022111101

ទូតគុយវ៉ែត ប្ដេជ្ញាជំរុញការអនុវត្តព្រមព្រៀងលើការហោះហើរត្រង់រវាងកម្ពុជា-គុយវ៉ែត និងការផ្ដល់ការងារដល់ពលករកម្ពុជា

https://www.kampucheathmey.com/local-news/408737 ថ្ងៃសុក្រ ៤ វិច្ឆិកា ២០២២ ដោយ sopheak khoun

ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំកម្ពុជា បានប្ដេជ្ញាជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរមានកន្លងមក។ ក្នុងនោះ មានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ និងការផ្ដល់ការងារដល់ពលករកម្ពុជា ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត ជាដើម។ ការប្ដេជ្ញាយ៉ាងដូច្នេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក មហាម៉ាត់ សាអ៊ីត អាល់ហាជរី (Mohamad S SHS Alhajri) ឯកអគ្គរដ្ឋទូតគុយវ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

នៅក្នុងជំនួបនេះ លោក មហាម៉ាត់ សាអ៊ីត អាល់ហាជរី បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជានាពេលនេះ លោកនឹងខិតខំប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។ ក្នុងនោះ លោកបានប្ដេជ្ញាថា នឹងជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរមានកន្លងមក។ ក្នុងនោះ មានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជា ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរជាដើម។ ជាមួយគ្នានោះផងដែរ លោកឯកអគ្គរដ្ឋទូតគុយវ៉ែត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដល់មមាញឹក ទទួលជួបលោកនាពេលនេះ។ លោកក៏បានគោរពជូនពរសម្ដេចតេជោ ឲ្យទទួលបាននូវភាពជោគជ័យ ក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាននាពេលដល់ខ្លីខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក មហាម៉ាត់ សាអ៊ីត អាល់ហាជរី ដែលត្រូវបានតែងតាំងជាឯកគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរ ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកពង្រឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការអនុវត្តលើកិច្ចព្រមព្រៀងជាមួយគ្នា ដែលបានចុះហត្ថលេខាហើយនោះ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ដល់លោកឯកអគ្គរដ្ឋទូតគុយវ៉ែតថា គប្បីណាពិនិត្យមើលលើវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចសហការគ្នាបាន ពីព្រោះប្រទេសគុយវ៉ែតមានថាមពល ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញមានស្បៀងអាហារ ដែលសម្ដេចគិតថា វិស័យទាំងពីរនេះ អាចជំរុញលើវិស័យពាណិជ្ជកម្មបាន ដើម្បីធ្វើយ៉ាងណាឲ្យមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមកផងដែរ នាពេលខាងមុខ៕

website_news/2022111101.txt · Last modified: 2022/11/11 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki