website_news:2022111103

សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សរបស់កម្ពុជា

https://www.rfi.fr/km//20221106-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 06/11/2022 - 06:59

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាអះអាងប្រាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សរបស់កម្ពុជា។ នេះជាការបញ្ជាក់តាមរយៈជំនួបមួយ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា បន្ទាប់ពីកម្ពុជាកើតមានបទល្មើសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានារយៈពេលចុងក្រោយនេះ។ ក្នុងជំនួប កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបាន អះអាងថា ជំនួបនោះធ្វើឡើង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងដើម្បីពិភាក្សាអំពីការងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក-កម្ពុជា ឆ្លើយតបនឹងបញ្ហាឧក្រិដ្ឋកម្ម និងពង្រឹងស្តង់ដារ។ នេះបើតាមបណ្តាញសង្គមTwitter ផ្លូវការរបស់លោក កាលពីថ្ងៃទី០៥ ខែវិច្ឆិកា។

លោក Patrick Murphy បានកត់សម្គាល់ឃើញថា មួយរយៈនេះ មានបទល្មើសមួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួនត្រូវចាញ់បោកឧក្រិដ្ឋជននាំមកឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ស ខេង ដែលបានស្រង់ការបញ្ជាក់របស់ លោក Patrick Murphy ក្នុងជំនួបកាលពីថ្ងៃទី០៤ ខែវិច្ឆិកា។ លោក Patrick Murphy ថា សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការងារនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិកក៏កំពុងតែធ្វើការនេះជាមួយអន្តរក្រសួងផ្សេងទៀតក្នុងរាជរដ្ឋាភិបាលកម្ពុជាដូចជាក្រសួងកិច្ចការនារីជាដើម។

ជាការឆ្លើយតប លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ លោក ស ខេងបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។ លោកបន្តថា បច្ចុប្បន្ននេះទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួល ដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្លាប់បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី០៤ ខែវិច្ឆិកាថា រដ្ឋាភិបាលបានដាក់ចេញវិធានការប្រតិបត្តិការស្រាវជ្រាវ និងបោសសំអាតនូវបទល្មើសទាំងអស់នោះ។ សូមជម្រាបជូនថា កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាត្រូវបានដាក់ចូលក្នុងបញ្ជីក្រហម ឬចំណាត់ថ្នាក់កម្រិតទី៣ ក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីការទប់ស្កាត់បទល្មើសជួញដូរមនុស្ស មិនទាន់មានប្រសិទ្ធិភាព៕

website_news/2022111103.txt · Last modified: 2022/11/11 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki