website_news:2022111104

អង្គការឆាលហ្វាន ដាក់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២២- ២០២៥ ការពារកុមារពីការរំលោភបំពានផ្សេងៗ នៅក្នុងយុគសម័យអ៊ីនធឺណិត

https://postkhmer.com/national/2022-11-02-1651-243047.html មុំ គន្ធា | Publication date 02 November 2022 | 16:51 ICT

ភ្នំពេញៈ ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២២- ២០២៥ កម្រាស់ ១២ ទំព័រ ស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអុីនធឺណិត របស់អង្គការឆាលហ្វាន កម្ពុជា នឹងធ្វើការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ នៅដើមខែវិច្ឆិកានេះ ក្នុងគោលបំណងដើម្បីការពារកុមារពីការរំលោភបំពានផ្សេងៗ នៅក្នុងយុគសម័យដែលអ៊ីនធឺណិតមានការវិវឌ្ឍយ៉ាងខ្លាំង។

អង្គការឆាលហ្វាន កម្ពុជា បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២ ខែវិច្ឆិកាថា គម្រោងដែលមានឈ្មោះថា «swipe safe» ដែលផ្តួចផ្តើមដោយអង្គការឆាលហ្វាន ដែលមានគោលបំណងការពារកុមារតាមប្រព័ន្ធអុីនធឺណិត នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ៣ ខែវិច្ឆិកា នេះតទៅ ដោយវិនិយោគច្រើនលើការរៀបចំមេរៀនបណ្តុះបណ្តាល ការបង្កើតអេប (App) សម្រាប់ទូរស័ព្ទ។ ប្រភពដដែលថា ក្នុងនោះក៏មានការបណ្តុះបណ្តាលក្រុមកុមារ និងយុវជន ក្រុមឪពុកម្តាយ អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថា កុមារមានសុវត្ថិភាពនៅពេលប្រើប្រាស់អុីនធឺណិតរៀនតាមអនឡាញ ឬប្រើប្រាស់ សម្រាប់សកម្មភាពកម្សាន្តនានា ហើយពួកគេអាចស្វែងរកជំនួយបាន នៅពេលមានការរំលោភបំពានតាមអនឡាញកើតឡើង។

អង្គការឆាលហ្វាន កម្ពុជា បានឱ្យដឹងថា៖ «សម្រាប់ផែនការ ៤ ឆ្នាំទៅមុខទៀត អង្គការឆាលហ្វាន ដែលជាអង្គការបរទេស និងធ្វើការផ្តោតលើកុមារ នឹងបន្តអាទិភាពរបស់ ខ្លួនលើវិស័យអប់រំ កិច្ចគាំពារកុមារ ការសិក្សាសង្គម និងផ្លូវចិត្ត ការឆ្លើយតបនឹងគ្រោះមហន្តរាយ រួមទាំងការស្តារឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ ១៩»។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសនៃអង្គការឆាលហ្វាន កម្ពុជា បានថ្លែងថា ការផ្សព្វផ្សាយផែនការនាពេលនេះ បានកត់សម្គាល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសម្រាប់អង្គការឆាលហ្វាន ដែលកុមារច្រើនជាង ១លាននាក់ បានចូលរួមដោយប្រយោល និងប្រហែល ២២ ម៉ឺននាក់ បានចូលរួមដោយផ្ទាល់ជាមួយគម្រោងអភិវឌ្ឍន៍នានារបស់ឆាលហ្វាន កន្លងមក ជាពិសេសនៅក្នុងវិស័យអប់រំ និងកិច្ចគាំពារកុមារ។ លោកថា៖ «សមិទ្ធផលនេះបានពង្រឹងប្រតិបត្តិការរបស់អង្គការឆាលហ្វាន នៅកម្ពុជា និងជាកតាលីករជួយជំរុញ ការព្យាយាមរបស់ឆាលហ្វាន ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់កុមារ ជាពិសេសកុមារដែលងាយរងគ្រោះបំផុត»។ ជាមួយដំណើរឆ្ពោះទៅមុខរបស់ខ្លួន អង្គការឆាលហ្វាននឹងវិនិយោគលើការប្រើប្រាស់បច្ចេកវិទ្យានានាឱ្យអស់លទ្ធភាព ដើម្បីកែទម្រង់គម្រោងកម្មវិធីអភិវឌ្ឍន៍របស់ខ្លួន ឱ្យបានផលកាន់តែច្រើនដល់កុមារដែលនៅដាច់ស្រយាលបំផុត។

អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកស្រី ស៊ន សាបោន ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមរយៈអនឡាញ គឺជាបញ្ហាសកលដែលកើតឡើងក្នុងទម្រង់ផ្សេងៗគ្នា និងបានក្លាយជាក្ដីបារម្ភមួយទៀត ដែលទាមទារឱ្យភាគីពាក់ព័ន្ធ មានអាណាព្យាបាលកុមារ សង្គមស៊ីវិល និងអាជ្ញាធរ ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត។

ទាក់ទងនឹងករណីនេះដែរ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានថ្លែងឱ្យដឹងដែរថា ប្រទេសកម្ពុជា ជាប្រទេសដែលបោះជំហានទៅមុខ ក្នុងការចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារ។ លោកស្រី ខៀវ បូរី ថ្លែងថា៖ «ការចំណាយពេលតាមប្រព័ន្ធអនឡាញ នាំមកនូវហានិភ័យ និងការគំរាមកំហែងពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែលមិនអាចទទួលយកបាន ដោយចៀសមិនផុត ក្នុងនោះក៏មានហានិភ័យ និងការគំរាមកំហែង មួយចំនួនដែលកុមារបាននិងកំពុងជួបប្រទះនៅក្នុងកន្លែងដទៃទៀតផងដែរ ហើយហានិភ័យ និងការគំរាមកំហែងមួយចំនួនមានលក្ខណៈដោយឡែកចំពោះតែបរិបទអនឡាញប៉ុណ្ណោះ»។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរកឃើញថា ១១% នៃកុមារដែលប្រើអុីនធឺណិត មានអាយុចន្លោះពី ១២-១៧ ឆ្នាំ ត្រូវបានរាយការណ៍ថា ជួបប្រទះដោយសារការកេងប្រវ័ញ្ចផ្លូវភេទតាមរយៈអនឡាញ៕

website_news/2022111104.txt · Last modified: 2022/11/11 10:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki