website_news:2022120402

អភិបាលខេត្ត៖ ពលករជាង ១ពាន់នាក់ មួយថ្ងៃ ត្រឡប់ពីថៃចូលកម្ពុជា តាមច្រកខេត្តឧត្តរមានជ័យ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៨ មេសា ២០២២ដោយ Sophal Tuon

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរជាង ១ពាន់នាក់ ក្នុងមួយថ្ងៃ វិលត្រឡប់ពីថៃចូលស្រុកវិញ គោលបំណងចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។ ថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៨ ខែ មេសា លោក ប៉ែន កុសល្យ បានឱ្យដឹងថា ពលករភាគច្រើនចូលតាមច្រកអូរស្មាច់ ដោយគិតត្រឹមព្រឹកថ្ងៃនេះ មានចំនួនខ្ទង់ ៦០០នាក់ហើយ។ លោកបញ្ជាក់ថា ភាគច្រើននៃពលករត្រឡប់ចូលកម្ពុជានេះ គឺដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ លោកអភិបាលខេត្ត គូសបញ្ជាក់ទៀតថា អាជ្ញាធរសម្របសម្រួលនីតិវិធីដល់ពលករ ដោយមិនឱ្យមានការលំបាកអ្វីឡើយ ហើយក៏មិនមានការយកប្រាក់ពីពលករនោះដែរ។ លើសពីនេះទៀត អាជ្ញាធរក៏ធ្វើតេស្តពលករមុនអនុញ្ញាតឱ្យចូលផងដែរ។ លោក ប៉ែន កុសល្យ ថ្លែងដូច្នេះថា «យើងពិនិត្យមើលពួកគាត់ បើគាត់មានកាតវ៉ាក់សាំងពីរឬបីដូស ហើយពុំមានអាការៈឈឺក្បាលវិលមុខអីទេ គឺឱ្យគាត់ទៅផ្ទះតែម្តង…តែបើពួកគាត់មានអាការៈមិនស្រួលយើងធ្វើតេស្តរហ័សភ្លាម»។ បើតាមលោក ប៉ែន កុសល្យ ក្នុងមួយថ្ងៃ អាជ្ញាធររកឃើញពលករម្នាក់ ឬពីរនាក់ ដែលមានវិជ្ជមានកូវីដ-១៩។ អ្នកដែលរកឃើញវិជ្ជមាន គឺត្រូវចូលមណ្ឌលសម្រាកព្យាបាល ជាទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះបាន៕ អត្ថបទ៖ ទួន សុផល

website_news/2022120402.txt · Last modified: 2022/04/18 09:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki