website_news:2022120403

ពលករជាង ៨០០ នាក់ បានវិលពីថៃតាមស្រុកចំនួន ២ ខណៈថ្ងៃចូលឆ្នាំជិតចូលមកដល់

https://www.postkhmer.com/ គឹម សារុំ | Publication date 08 April 2022 | 10:37 ICT

បាត់ដំបងៈ ពលករប្រុសស្រី និងកូនៗរបស់ពួកគេចំនួន ៨៦៥ នាក់បានវិលត្រឡប់មកពីថៃវិញ តាមស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបងពីថ្ងៃទី ៦ មេសា ខណៈថ្ងៃចូលឆ្នាំថ្មីជិតចូលមកដល់ ក្នុងនោះមានពលករ ១២ នាក់ត្រូវបានគ្រូពេទ្យបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។ នេះបើតាមសមត្ថកិច្ចទទួលពលករនៃស្រុកទាំង ២។

លោក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ ប្រចាំការនៅតាមបន្ទាត់ព្រំដែននៅចំណុចតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង បានឱ្យដឹងនៅថ្ងៃទី ៧ មេសាថា ពលករប្រុសស្រីចំនួន ៤៥៥ នាក់ (ស្រី ១៨៦ នាក់ និងក្មេង ៥៤ នាក់) កាលពីថ្ងៃទី ៦ មេសាបានឆ្លងដែនពីថៃចូលមកចំណុចប៉ុស្តិ៍អូរអន្លក់ក្នុងភូមិអូរអន្លក។ ដំណើរវិលមកវិញរបស់ពួកគាត់នេះ មិនមែនពួកគាត់ប្រព្រឹត្តបទល្មើស ហើយត្រូវបានទាហានថៃចាប់បញ្ជូនមកទេ តែពួកគាត់មកស្របច្បាប់។ ក្នុងចំនួនពលករទាំង ៤៥៥ នាក់ ដែលចូលតាមស្រុកកំរៀងគឺមានតែ ១២ នាក់ប៉ុណ្ណោះដែលខាងជំនាញពេទ្យបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ដោយសារអាចមកពីចាក់វ៉ាក់សាំងមិនទាន់គ្រប់ដូស។ លោកបន្តថា៖ «ឃើញពលករខ្មែរយើងសម្រុកមកច្រើនមុនបុណ្យចូលឆ្នាំខ្មែរយើង។ ខ្ញុំសួរពួកគាត់ ហើយប្រាប់ថា ពួកគាត់មកលេងស្រុកពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ម្យ៉ាងនៅថៃមិនសូវសម្បូរការងារធ្វើផង ម្យ៉ាងគាត់នៅថៃយូរឆ្នាំផង»។ បើតាមលោក ម៉ង់ ស៊ី ចំនួនពលករទៅធ្វើការនៅប្រទេសថៃ ហើយវិលមកតាមប៉ុស្តិ៍អូរន្លក់ គឺពួកគាត់ឆ្លងដែនមកជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ តែមានចំនួនមិនដល់ ៥០ នាក់ទេ ក្នុង ១ ថ្ងៃៗ។ ប៉ុន្តែនៅពេលជិតដល់ថ្ងៃចូលឆ្នាំខ្មែរ ទើបពលករនាំគ្នាសម្រុកឆ្លងដែនមកស្រុកកំណើតច្រើន ដែលមានរហូតដល់រាប់រយនាក់ឯណោះ។ ពាក់ព័ន្ធនឹងវិធានការការពារ និងការយល់ដឹងពីជំងឺកូវីដវិញលោកថា តាមការសង្កេត បងប្អូនពលករខ្មែរមានការយល់ដឹងច្រើនហើយពួកគាត់ម្នាក់ៗក៏ហាក់ដូចជាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការពារមេរោគកូវីដនេះដែរ។ លោកប្រាប់ថា៖ «ជាគោលការណ៍របស់លោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោស្នងការខេត្តបាត់ដំបងគឺយើងបានជួយសម្រួលដល់បងប្អូនពលករយើងមិនមានបញ្ហាអីទេ»។

ដោយឡែកលោក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានឱ្យដឹងនៅថ្ងៃទី ៧ មេសាថា កម្លាំងរបស់លោកដែលមានគ្រូពេទ្យរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍គីឡូ ១៣ ក្នុងភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូនបានទទួលពលករប្រុសស្រីចំនួន ៤១០ នាក់ (ស្រី ១៤៨ នាក់ ក្មេង ៥៤ នាក់ ក្មេងស្រី ២២ នាក់) កាលពីថ្ងៃទី ៦ ខែមេសា ។ ទន្ទឹមនឹងនេះ ទាំងកម្លាំងសមត្ថកិច្ចរបស់លោកទាំងគ្រូពេទ្យក៏បានណែនាំពន្យល់អប់រំដល់ពលករទាំងនោះឱ្យយល់ពីបញ្ហាឆ្លងនៃជំងឺកូវីដ និងវិធីការពារខ្លួនផងដែរ។ លោកថ្លែងថា៖ «ពលករខ្មែរយើងប្រុស និងក្មេងៗជាកូនរបស់ពួកគាត់ទាំងនោះមិនមានជំងឺកូវីដទេ ហើយភាគច្រើនពួកគាត់បានចាក់វ៉ាក់សាំងកូវីដរួចអស់ហើយ»៕

website_news/2022120403.txt · Last modified: 2022/04/18 09:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki