website_news:2022120706

រដ្ឋាភិបាលត្រូវរង់ចាំ MoU សម្រាប់ស្ត្រីបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី

https://www.khmertimeskh.com/ ឈុន ស៊ុនលី July 12, 2022

កម្ពុជានឹងរង់ចាំការស្នើសុំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលក្រសួងធនធានមនុស្សម៉ាឡេស៊ី គ្រោងនឹងដាក់ជូនគណៈរដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីនាំពលករបរទេស ជាពិសេសអ្នកបម្រើការងារតាមផ្ទះដែលកាន់សាសនាមូស្លីមពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។ ក្រសួងការងារកម្ពុជាបាននិយាយថាក្រសួងមិនទាន់ទទួលបានដំណឹងពីម៉ាឡេស៊ីទាក់ទងនឹងចេតនានាំស្ត្រីបម្រើការងារតាមផ្ទះពីកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីទេ។

នៅពេលទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងបាននិយាយថា វាអាស្រ័យលើបុគ្គលម្នាក់ៗ ប្រសិនបើគាត់ចង់ទៅធ្វើការនៅបរទេស។ លោកបន្តថា៖ «ពួកគេមានសិទ្ធិក្នុងការជ្រើសរើស ប៉ុន្តែក្រសួងនឹងសិក្សា MoU ដែលបានស្នើឡើង ហើយនឹងផ្តល់យោបល់ដល់ពលរដ្ឋយើងទៅតាមនោះ»។ កាសែត ខ្មែរថាមស៍ បានទាក់ទងទៅលោក ហេង សួរ ដើម្បីសុំការអត្ថាធិប្បាយបន្ទាប់ពីរបាយការណ៍របស់កាសែត Straits Times ដែលដកស្រង់សម្តីលោក M.Saravanan រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី ថាក្រសួងរបស់លោកនឹងបង្ហាញ MoU ដែលស្នើទៅគណៈរដ្ឋមន្ត្រី ដើម្បីនាំពលករបរទេស ជាពិសេសស្ត្រីបម្រើការងាតផ្ទះដែលកាន់សាសនាឥស្លាមពីកម្ពុជា។ លោកបាននិយាយកាលពីថ្ងៃសៅរ៍ថាក្រសួងរបស់លោកបានឆ្លងកាត់ដំណាក់កាលជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ ហើយ MoU ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ លោកបន្តថា៖ «យើងកំពុងស្ថិតក្នុងដំណើរការ (នៃការបញ្ចប់ព័ត៌មានលម្អិត) ហើយវានឹងត្រូវការពេលវេលា ប៉ុន្តែយើងកំពុងព្យាយាមបង្កើនល្បឿនហើយ»។ លោកត្រូវបានគេដកស្រង់សម្តីថា៖ «ខ្ញុំបានពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ហើយពួកគេនឹងផ្តល់ឱកាសដល់យើង (ដើម្បីនាំអ្នកបម្រើការងារតាមផ្ទះមកធ្វើការវិញ)»។ លោក ហេង សួរ បាននិយាយថា លោកមិនប្រាកដថាតើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីនោះទេ។ លោកបន្តថា៖ «ប្រហែល ២០ ភាគរយនៃកម្មករចំនួន ១០០.០០០ នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសម៉ាឡេស៊ី ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែអ្នកបម្រើមួយចំនួននៅតែបន្តលាក់ខ្លួន និងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីមកដល់សព្វថ្ងៃនេះ»។

លោក មឿន តុលា នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សមិនពេញចិត្តនឹងការបញ្ជូនពលរដ្ឋខ្មែរទៅធ្វើការជាអ្នកបម្រើនៅបរទេស។ លោកនិយាយថា៖ «ខ្ញុំដឹងពីករណីរំលោភបំពានអ្នកបម្រើយ៉ាងហោចណាស់ប្រាំមួយករណី រួមមានការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការធ្វើការដោយគ្មានប្រាក់ខែ»។ លោកបន្តថាមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងស្ត្រីបម្រើការងារនៅបរទេស ហើយរដ្ឋាភិបាលត្រូវតែសិក្សាករណីនេះឲ្យបានហ្មត់ចត់ និងបង្កើតគោលនយោបាយ និងយន្តការនានា ដើម្បីធានាថាប្រជាពលរដ្ឋរបស់យើងត្រូវបានការពារ និងយកចិត្តទុកដាក់នៅពេលទៅធ្វើការនៅក្រៅប្រទេស។ លោកថា៖ «ការបំពានត្រូវតែ បញ្ឈប់។ រដ្ឋាភិបាលមិនត្រូវប្រញាប់ប្រញាល់ចុះហត្ថលេខាលើ MoU នោះទេ ប៉ុន្តែត្រូវចំណាយពេលរៀបចំយន្តការដើម្បីទប់ស្កាត់រាល់បញ្ហាដែលអាចកើតឡើង។ យើងត្រូវតែការពារសិទ្ធិរបស់ស្ត្រី»៕

website_news/2022120706.txt · Last modified: 2022/07/12 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki