website_news:2022120801

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា”

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១២ សីហា ២០២២ដោយ sopheak khoun

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ១២ ខែសីហានេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា” នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ វាគ្មិនកិត្តិយស ដែលនឹងអញ្ជើញចូលរួម រួមមាន៖ តំណាងមកពីក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និងអង្គការដៃគូ។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបឲ្យទាន់សភាពការណ៍ ដែលសហរដ្ឋអាមេរិក បានសរសេរក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្ដីពី ការជួញដូរមនុស្សនៅលើពិភពលោក របស់ក្រសួងការបរទេសអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ ៣ ស្មើនឹងកម្ពុជា មិនបានធ្វើអ្វីសោះដែលជារឿងមិនពិត ជាហេតុផលនៃការដាក់ទណ្ឌកម្មថែមទៀត គឺជារឿងអយុត្តិធម៌មិនអាចទទួលយកបាន។ សេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល ដៃគូជាតិ និងអន្តរជាតិ បានឲ្យដឹងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទទួលបានលទ្ធផលជាច្រើន។

ក្រសួងការបរទេសអាមេរិក កាលពីអំឡុងខែកក្កដាកន្លងទៅនេះ បានចេញរបាយការណ៍ប្រចាំឆ្នាំ ស្តីពីការជួញដូរមនុស្សនៅលើពិភពលោក ហើយក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ របាយការណ៍នេះ បានទម្លាក់កម្រិតកម្ពុជាពីចំណាត់ថ្នាក់ទី២ មកចំណាត់ថ្នាក់ទី៣ ដែលជាចំណាត់ថ្នាក់ទាបមួយ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ ក្នុងនោះសម្ដេច ក៏បានមានប្រសាសន៍ដល់ការដាក់ចំណាត់ថ្នាក់របស់ក្រសួងការបរទេសអាមេរិកមកលើកម្ពុជាថា ជាប្រទេសគ្មានឆន្ទៈប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផង ដែរ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការ បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងថាទោះជាភាគីអាមេរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះជាមូលដ្ឋានមួយ ក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ៕ អត្ថបទ៖ ឃួន សុភ័ក្រ

website_news/2022120801.txt · Last modified: 2022/08/12 12:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki