website_news:2022120902

សម្តេច ស ខេង៖ ការដាក់កម្ពុជាចូល «បញ្ជីប្រផេះ» និងការទម្លាក់ចំណាត់ថ្នាក់ទី៣ នៃការជួញដូរមនុស្ស ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់កម្ពុជា ដែលទាមទារឱ្យចូលរួមទប់ស្កាត់ទាន់ពេលវេលា

http://freshnewsasia.com/index.php/en/localnews/256592-2022-09-08-08-43-46.html 2022-09-08 03:43pm

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បញ្ហាចំនួន២ គឺការដាក់កម្ពុជា ឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់ និងការទម្លាក់កម្ពុជាទៅក្នុងចំណាត់ថ្នាក់ទី៣ ឬបញ្ជីខ្មៅ នៃការជួញដូរមនុស្សឆ្នាំ២០២២ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងលើមុខមាត់កម្ពុជា។ ការបញ្ជាក់បែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំកម្ពស់៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានបញ្ហា២ របស់យើងសព្វថ្ងៃនេះ សម្រាប់មុខមាត់មុខមាត់ប្រទេសជាតិ ទី១៖ ការចាត់កម្ពុជាទៅក្នុងបញ្ជីប្រផេះ នៅក្នុងវិស័យធនាគារ ដោយគេចាត់ទុកថា ការចរាចរណ៍លុយនៅស្រុកខ្មែរ វាខ្មៅ យើងមិនមែនគាំទ្រការវាយតម្លៃនោះទេ តែយើងក៏មិនអាចបដិសេដ យើងត្រូវតែមើលឱ្យបានច្បាស់ថា មានករណីនេះអត់? ទី២៖ ការទម្លាក់កម្ពុជា ទៅក្នុងចំណាត់ថ្នាក់ទី៣ ឬបញ្ជីខ្មៅ នៃការជួញដូរមនុស្ស»។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រសិនបើមិនខិតខំប្រឹងប្រែងរំដោះកម្ពុជា ឱ្យចេញពីបញ្ជីប្រផេះនោះទេ វាអាចនឹងថ្ងៃណាមួយត្រូវបានទម្លាក់ចូលក្នុងបញ្ជីខ្មៅ នៃការចរាចរណ៍លុយបន្ថែមទៀត ដែលអាចធ្វើការប្រើថវិកាទាំងរដ្ឋ និងឯកជនមានការលំបាក។

ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មាធិការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បាននឹងកំពុងខិតខំប្រឹងដើម្បីដោះស្រាយបញ្ហាទាំងនេះជាដើម។ សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា៖ «កាល២សប្តាហ៍មុន សមត្ថកិច្ចកម្ពុជាចាប់ជនជាតិចិនជាង៣០នាក់ ដែលធ្វើដំណើរតាមទូកពីប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាម ចូលមកកំពង់សោម ខេត្តព្រះសីហនុ ដែលគ្មានឯកសារអ្វីបន្តិចជាប់នឹងខ្លួន»។ ជុំវិញបញ្ហាទាំង២ ចំណុចនេះ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យមានចូលរួមគាំទ្រឱ្យកាន់ខ្លាំងក្លាយបន្ថែមទៀត ពីសំណាក់ក្រសួង ស្ថាប័នពាក់នានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង២ ខាងលើនេះ ឱ្យកាន់តែមានប្រសិទ្ធខ្ពស់។

សូមជម្រាបថា ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា បានសម្រេចបន្តដាក់កម្ពុជាឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ។

កាលពីឆ្នាំ២០២០ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកម្ពុជា។ វិស័យដែលរងហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅកម្ពុជា រួមមាន៖ វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និងវិស័យកាស៊ីណូ។ បើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងរយៈ៦ខែដើមឆ្នាំ២០២២នេះ អាត្រាជួញដូរមនុស្សនៅកម្ពុជា មានការថយចុះច្រើនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ៕

website_news/2022120902.txt · Last modified: 2022/09/12 09:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki