website_news:2022120903

សម្ដេចក្រឡាហោម៖ កម្ពុជាក្លាយជាប្រទេសរងគ្រោះក្នុងអំពើជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍

https://www.kampucheathmey.com/local-news/370209 ថ្ងៃព្រហស្បតិ៍ ៨ កញ្ញា ២០២២ដោយ Sokhom Khon

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្ពុជា ជាប្រទេសរងគ្រោះ ក្រោយពីមេខ្លោងជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍ យកកម្ពុជាធ្វើជាទីកន្លែងប្រព្រឹត្តិបទល្មើសជួញដូរមនុស្ស។ សម្តេចក្រឡាហោម បានមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ សម្ដេចក្រឡាហោម បានបន្តថា «ជនល្មើសជាមេខ្លោងជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍នេះ កំពុងយកកម្ពុជា ដើម្បីទីកន្លែងប្រព្រឹត្តិបទល្មើសនោះ ចឹងកម្ពុជាយើង ជាទីកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តិបទល្មើសដែលជាមេខ្លោងនោះ ៩៩.៩៩ភាគរយ គឺមិនមែនខ្មែរ ហើយមេខ្យល់ដែលរៀបចំបញ្ជូនមនុស្សចេញពីប្រទេសរបស់ខ្លួននោះក៏មិនមែនជាជនជាតិខ្មែរដែរ»។

សម្ដេចក្រឡាហោម បានបន្ដថា មេខ្លោងនៃការជួញដូរមនុស្សនេះ គឺជាជនជាតិវៀតណាម ជនជាតិចិនតៃវ៉ាន់ ជនជាតិ ចិន ជនជាតិឥណ្ឌូនេស៊ី ជនជាតិម៉ាឡេស៊ី និងជនជាតិថៃ ជាដើម។ សម្ដេចក្រឡាហោម បានបន្ដទៀតថា ថ្មីៗនេះសម្ដេច ក៏បានទទួលពាក្យបណ្ដឹងចំនួន២បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយបញ្ជូនជនរងគ្រោះទាំងនោះត្រឡប់ទៅប្រទេសដើមវិញផងដែរ។ សម្ដេចក្រឡាហោម បានបបន្តទៀតថា «ឥឡូវនេះ មានបទល្មើសថ្មីមួយដែលលិចឡើងយ៉ាងសាហាវចុងក្រោយ នៅកម្ពុជារបស់យើងនេះ។ ខ្ញុំយកឱកាសនេះបញ្ជាក់ថា វាមិនមែនជាបទល្មើសប្រពៃណីទេ ជាបទល្មើសមុនប្រពៃណី នោះគឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ហើយជាបញ្ហាកំពុងកើតមានសព្វថ្ងៃនេះ»។ សម្ដេចក្រឡាហោមបានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាឱ្យបានសកម្មបន្ថែមទៀត ក្នុងកិច្ចការទប់ស្កាត់នូវបទល្មើសនៃការជួញដូរមនុស្សនេះ ខណៈបទល្មើសនេះបានកំពុងកើតឡើងនៅលើទឹកដីកម្ពុជាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនោះ៕ អត្ថបទ៖ សំអឿន

website_news/2022120903.txt · Last modified: 2022/09/12 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki