website_news:2022120904

អ្នកនាំពាក្យមហាផ្ទៃ៖ បទល្មើសជួញដូរមនុស្ស ភាគច្រើនកើតនៅតាមកាស៊ីណូ និងទីតាំងល្បែងអនឡាញ

https://btv.com.kh/article/15164 2022/09/09 12:13:51 pm

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ក្នុងយុទ្ធនាការប្រឆាំងបទល្មើសការជួញដូរមនុស្ស ភាគច្រើនធ្វើឡើងនៅតាមកាស៊ីណូ និងទីតាំងល្បែងអនឡាញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ថា អនុវត្តតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធកំពុងបន្តកិច្ចការយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា តាមរយៈក្រុមប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា ក្នុងប្រតិបត្តិការត្រួតពិនិត្យជនបរទេស មានគោលដៅចំនួន៣ រួមមាន ទី១ប្រតិបត្តិការត្រួតពិនិត្យដើម្បីជួយជនរងគ្រោះ ពីការជួញដូរមនុស្ស ទី២ ផ្តន្ទាទោសជនល្មើសដែលពាក់ព័ន្ធករណីជួញដូរមនុស្ស និងទី៣ ស្រាវជ្រាវករណីបង្ខាំងមនុស្សដែលឈានទៅទប់ស្កាត់ការលាងសម្អាតប្រាក់។

យ៉ាងណាមិញ ក្នុងយុទ្ធនាការប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា អំឡុងយុទ្ធនាការប្រឆាំងការជួញដូរមនុស្ស និងតាមរយៈបណ្តឹងរបស់គ្រួសារ ឬសាច់ញាតិជនរងគ្រោះ ភាគច្រើនករណីជួញដូរមនុស្សកើតមាននៅតាមកាស៊ីណូ និងទីតាំងបទល្មើសអនឡាញ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ទៀថា តាមរយៈបណ្តឹងពីគ្រួសារ និងសាច់ញាតិដែលបានប្តឹងមកក្រសួងមហាផ្ទៃកន្លងមកពាក់ព័ន្ធនឹងការបង្ខាំងមនុស្ស ដូចនេះក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសពាក់ព័ន្ធការជួញដូរមនុស្ស បន្តត្រួតពិនិត្យរាល់ការស្នាក់នៅរបស់ជនបរទេស សំដៅស្វែងរកឯកសារដូចជា លិខិតឆ្លងដែន ទិដ្ឋាការ សៀវភៅការងារជាដើម។ គិតមកទល់ពេលនេះ បន្ទាប់ពីមានបទបញ្ជាក្រុមប្រតិបត្តិការចុះឆែកឆេរជនបរទេសនៅតាមសណ្ឋាគារ កាស៊ីណូ និងកន្លែងមួយចំនួនទៀត សមត្ថកិច្ចបានឃាត់ខ្លួនមេការ និងមេខ្លោងជូញដូរមនុស្សបានមួយចំនួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕អត្ថបទ សេក ឧត្តម

website_news/2022120904.txt · Last modified: 2022/09/12 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki