website_news:2022120908

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោក

https://cen.com.kh/archives/528204.html Posted ByPen Srey NeatSeptember 9, 2022

ភ្នំពេញៈ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា (Dato’ Sri Saifuddin Abdullah) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លីនៅ រាជធានីភ្នំពេញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងសមភាគីម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក។ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា បានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្តល់ «ជំនួយជាច្រើន» និងបានបំពេញ «ការងារដ៏ល្អ» ក្នុងការជួយសង្រ្គោះជនរងគ្រោះ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ផងដែរថា មានជនជាតិ ម៉ាឡេស៊ីជាច្រើននាក់ដែលចូលមកកម្ពុជា ដើម្បីធ្វើជំនួញ និងធ្វើការយ៉ាងជោគជ័យ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះដែលរងគ្រោះដោយសារការបោកប្រាស់ការងារ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីការបរទេស ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា ថា ឧក្រិដ្ឋកម្មទាំងនេះកើតឡើងនៅគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬធំនោះទេ ហើយយើងទាំងអស់គ្នាត្រូវតែប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ ដោយគូសបញ្ជាក់ថាមធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវរួមដៃគ្នា និងមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានធានាចំពោះសមភាគីរបស់ឯកឧត្ដម អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការជាមួយស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ៕ ដោយៈចេស្តារ

website_news/2022120908.txt · Last modified: 2022/09/12 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki