website_news:2022121201

មហាជនជាង បីពាន់នាក់ នឹងជួបជុំគ្នាប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃស្អែកនេះ

https://www.btv.com.kh/article/18079 2022/12/11 07:49:02 am

មហាជនប្រមាណជាង ៣០០០ អង្គ/នាក់ មកពីគ្រប់អង្គភាព ស្ថាប័នទាំងអស់ នឹងមានការជួប ជុំគ្នានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ដើម្បីប្រារព្ធ ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២២ ខណៈកម្មវិធីនេះនឹងក្លាយទៅជាយុទ្ធនាការអប់រំដ៏ធំមួយ សម្រាប់ជាការពញ្ញាក់ស្មារតី ឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពី អំពើជួញដូរមនុស្ស និង ចូលរួមបង្ការទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលទូរទស្សន៍ BTVទទួលបាននាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ នេះ ត្រូវបានប្រារព្ធធ្វើនៅថ្នាក់ជាតិ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ ដោយមានការជួបជុំពីថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរថ្នាក់ ក្រោមជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កុងស៊ុល និងតំណាងប្រចាំនៅកម្ពុជា ប្រធាន ឬតំណាងអង្គការ សហប្រជាជាតិ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងគ្រប់និកាយសាសនា សាស្ត្រាចារ្យ សិស្ស និសិ្សត បញ្ញវន្ត និងវិស័យឯកជន ប្រមាណជាង ៣០០០ អង្គ/នាក់ ។

សេចក្តីជូនដំណឹងបានបន្តថា ការប្រារព្ធកម្មវិធីនេះគឺក្នុងគោលបំណង បង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។ ជាការបំផុសការយល់ដឹងយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្ស។ ធ្វើការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធជាតិ អន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាព និងការអភិវឌ្ឍន៍ជាតិ ។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់បន្ថែមថា ដើម្បីក្លាយជាយុទ្ធនាការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស សូមលើកទឹកចិត្ត ដល់គ្រប់គណៈកម្មាធិការ រាជធានី-ខេត្ត (គ.រ.ប.ជ/គ.ខ.ប.ជ) បន្តកិច្ចសហការជាមួយវិស័យពាក់ព័ន្ធ និងដៃគូជាតិ អន្តរជាតិ ឃុំ សង្កាត់ និងសាលារៀន ចាត់តាំងការរៀបចំ ផ្សព្វផ្សាយ តាមរូបភាពផ្សេងៗ នូវសារទាំងឡាយ នៃទិវា ១២ធ្នូ ប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ៖ «រួមគា្នលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព» សម្រាប់ជាការពញ្ញាក់ស្មារតី ឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពី អំពើជួញដូរមនុស្ស និង ចូលរួមបង្ការទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស ។

នេះជាការរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ សន្តិសុខ សុវត្ថិភាពសង្គម និងសន្តិភាពជាតិ ឲ្យមានស្ថេរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព តាមការគ្រោងទុក៕ អត្ថបទ៖ បាន ចក់

website_news/2022121201.txt · Last modified: 2022/12/12 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki