website_news:2022121203

ពលករ មីយ៉ាន់ម៉ា ជិត ៣០០នាក់ប្រមូលផ្តុំគ្នាទាមទារដំណោះស្រាយចំពោះមេខ្យល់ ថៃ

https://www.kampucheathmey.com/global-news/428325 ថ្ងៃសុក្រ ៩ ធ្នូ ២០២២ដោយ Sonya

ប្រភពព័ត៌មានបានរាយការណ៍ថា នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ មានពលករមីយ៉ាន់ម៉ាប្រមាណ ៣០០នាក់បានប្រមូលផ្តុំគ្នានៅមុខការិយាល័យគាំពារ និងសុខុមាលភាពការងារខេត្តសាមុតសាខន ដើម្បីតវ៉ាទាមទារឱ្យមន្ត្រីរដ្ឋាភិបាលថៃដែលពាក់ព័ន្ធជួយពន្លឿនការដោះស្រាយបញ្ហាមេខ្យល់ថៃដែលបានប្រមូលលុយពីពលករមីយ៉ាន់ម៉ាក្នុងម្នាក់ៗជាង១ម៉ឺនបាត ជាថ្នូរនឹងការបានចូលធ្វើការងារនៅក្នុងរោងចក្រផលិតត្រីខកំប៉ុងនាំចេញមួយកន្លែង ស្ថិតនៅក្នុងស្រុក/ខេត្តសាមុតសាខន ដែលអស់រយៈពេលជាង៤ខែបានកន្លងមកហើយ ប៉ុន្តែពលករភាគច្រើននៅតែមិនទាន់មាននរណាហៅឱ្យចូលធ្វើការឡើយ។ យោងតាមការសាកសួរស្ត្រីម្នាក់ដែលជាអ្នកសម្របសម្រួលក្រុមពលករមីយ៉ាន់ម៉ាដែលដឹងរឿងរ៉ាវនេះបានឱ្យដឹងថា មានមេខ្យល់ថៃម្នាក់ដែលគេស្គាល់ថា ឈ្មោះ ធី បានទាក់ទងនិងទារប្រាក់ពីពលករមីយ៉ាន់ម៉ាចំនួន ៤០០នាក់ ក្នុងម្នាក់ៗជាង ១ម៉ឺនបាត ជាថ្នូរនឹងការបានចូលធ្វើការងារក្នុងរោងចក្រផលិតត្រីខកំប៉ុងនាំចេញមួយកន្លែង ដោយបានធ្វើឯកសារនិងប្រមូលប្រាក់ពីពលករមីយ៉ាន់ម៉ាចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់អាចនាំពលករទាំងអស់ចូលធ្វើការបាននៅឡើយ ដែលក្រុមពលករទាំងនោះធ្លាប់បានប្តឹង រដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ប៉ុន្មានដងមកហើយ ប៉ុន្តែនៅតែមិនមានការវិវត្តទៅមុខដដែល៕ គង់ សំអាន

website_news/2022121203.txt · Last modified: 2022/12/12 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki