website_news:2022121206

រដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនកូរ៉េ លើការងារបញ្ជូនពលករទៅបរទេស

https://www.postkhmer.com/national/2022-12-10-1530-244562.html អោម ប៊ុនធឿន | Publication date 10 December 2022 | 15:30 ICT

សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ អភិបាលរងខេត្ត លោក ពិន ប្រាកដ នៅថ្ងៃទី៩ ខែធ្នូ បានជួបពិភាក្សាការងារជាមួយ លោក Kim Mu Young នាយកប្រតិបត្តិក្រុមហ៊ុន EUM Place នៃសាធារណរដ្ឋកូរ៉េ ស្ដីពីការលើកកម្ពស់អាជីវកម្ម ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព។ រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិភាក្សាលើការងារបញ្ជូនពលករទៅបរទេសការកសាងបទដ្ឋាន លក្ខណៈវិនិច្ឆ័យ និងនីតិវិធីឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងអប់រំបណ្តុះបណ្តាល ដើម្បីបំពេញសំណូមពរ និងលក្ខខណ្ឌការងារប្រកបដោយតម្លាភាពសម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេស។

រដ្ឋបាលខេត្តនេះបញ្ជាក់ថា៖ «ជំនួបនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ រៀបចំ និងចាត់ចែងបែបបទបញ្ជូន និងគ្រប់គ្រងពលករដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េរហូតត្រឡប់មកកម្ពុជាវិញ»។ ជំនួបនេះក៏ជាការទំនាក់ទំនងជាមួយភាគីកូរ៉េ ដើម្បីក្តាប់ព័ត៌មាន និងតម្រូវការទីផ្សារការងារ ហើយដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។ រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា កម្ពុជាមានក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បង្កើតឡើងស្របតាមអនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០០៦ ស្តីពីការបង្កើតក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស និងត្រូវបានកែសម្រួលតាមរយៈអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ស្ដីពីកំណែតម្រូវឈ្មោះក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ទៅជាគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស៕

website_news/2022121206.txt · Last modified: 2022/12/12 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki