website_news:2022130101

សាលាឧទ្ធរណ៍ជំនុំជម្រះជនជាតិចិនម្នាក់ ជួលស្ត្រីខ្មែរពពោះបង្កើតកូន

https://www.postkhmer.com/national/ គឹម សារុំ | Publication date 11 January 2022 | 13:24 ICT

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ ជំនុំជម្រះនៅថ្ងៃទី ១០ មករា ក្នុងសំណុំរឿងជួលស្ត្រីខ្មែរម្នាក់ ឱ្យពពោះជំនួសបង្កើតកូន ដែលប្រព្រឹត្តក្នុងអំឡុងខែមិថុនាឆ្នាំ ២០១៧ នៅប្រទេសចិន និងនៅរាជធានីភ្នំពេញ បន្ទាប់ពីត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ។

ក្នុងបន្ទប់សវនាការនៅថ្ងៃទី ១០ មករា ដែលមានសមាសភាពចៅក្រម ៣ រូប និងមានលោកចៅក្រមស៊ីន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនោះ បុរសជាប់ចោទឈ្មោះ XU WENJUN អាយុ ៣៥ ឆ្នាំ ជាជនជាតិចិនដីគោកនិយាយប្រាប់ចៅក្រមថា គាត់បានរៀបការជាមួយស្ត្រីជនជាតិចិនម្នាក់ នៅប្រទេសចិន ប៉ុន្តែគាត់បានលែងលះគ្នា ព្រោះរៀបការច្រើនឆ្នាំតែគ្មានកូន។ ជនជាប់ចោទបន្តថា មុនមកប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ២០១៧ គាត់បានទាក់ទងក្រុមហ៊ុនមួយដែលគាត់មិនចាំឈ្មោះនៅក្នុងប្រទេសចិន ឱ្យជួយរកស្ត្រីពពោះ ដើម្បីយកកូន។ រីឯភាគីខាងក្រុមហ៊ុននោះបានប្រាប់គាត់ថា ប្រទេសដែលអាចជ្រើសរើសនារីពពោះជំនួសបានមានប្រទេសថៃ ហុងកុង ប្រទេសរុស្ស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ដែលតម្លៃជួលស្ត្រីពពោះមានពី ៩ ម៉ឺនដល់ ១០ ម៉ឺនដុល្លារអាមេរិក។

ជនជាប់ចោទថា៖ «ខ្ញុំមិនបានចាប់យកប្រទេសកម្ពុជាទេ តែខាងក្រុមហ៊ុនឱ្យខ្ញុំចាប់យកប្រទេសកម្ពុជាហើយតម្រូវឱ្យខ្ញុំបង់លុយ ៥ ម៉ឺនដុល្លារ។ គ្រូពេទ្យបានយកទឹកកាមខ្ញុំមកប្រទេសកម្ពុជា ហើយថតរូបស្ត្រីម្នាក់ឈ្មោះ ហ៊ុន ដាណែត គឺជាមនុស្សដែលត្រូវបញ្ជូលមេជីវិតខ្ញុំ ដើម្បីឱ្យនាងពពោះឱ្យ»។ ជនជាប់ចោទឱ្យដឹងទៀតថា គាត់បានធ្វើដំណើរពីប្រទេសចិនមកកម្ពុជា ដើម្បីមើលស្ត្រីឈ្មោះ ហ៊ុន ដាណែត ដែលពពោះជិតគ្រប់ខែ រហូតដល់នាងបង្កើតបានកូនប្រុសម្នាក់។ ក្រោយមកកូនប្រុសនោះមានអាយុជាង ១ ឆ្នាំ (២០១៨) គាត់ក៏ធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីរត់ការយកក្មេងប្រុសនោះ ទៅនៅប្រទេសចិនជាមួយគាត់។ នៅពេលនោះ គាត់បានទៅពឹងពាក់អង្គការក្រៅរដ្ឋាភិបាលមួយធ្វើការខាងគាំពារកុមារ ដើម្បីពិគ្រោះយោបល់ តែបុគ្គលិកអង្គការនោះបាននាំគាត់ទៅជួបនគរបាលប្រឆាំងការជួញដូរមនុស្សហើយនគរបាលបានឃាត់ខ្លួនគាត់តែម្តង ប៉ុន្តែស្ត្រីឈ្មោះ ហ៊ុន ដាណែត ដោះលែងវិញ។ គាត់បានឱ្យគ្រូពេទ្យនៅកម្ពុជា និងនៅវៀតណាម ពិនិត្យ DNA រវាងគាត់ និងក្មេងប្រុសម្នាក់នោះហើយគ្រូពេទ្យបានបង្ហាញលទ្ធផលថា គាត់ និងក្មេងប្រុសនោះមាន DNA ដូចគ្នា។

សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ១៥ ឆ្នាំ ចោទពីបទអំពើលក់ដូរមនុស្ស សម្រាប់នាំឆ្លងដែនតាមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ។ ប៉ុន្តែដោយមិនសុខចិត្តនឹងសាលក្រមនេះទើបគាត់ប្តឹងឧទ្ធរណ៍។ ជនជាប់ចោទ ប្រាប់ចៅក្រមក្នុងបន្ទប់សវនាការថ្ងៃទី ១០ មករា ថា៖ «ស្ត្រីឈ្មោះ ហ៊ុន ដាណែត ប្រាប់ខ្ញុំថា ក្មេងប្រុសនោះពិតជាកូនរបស់ខ្ញុំមែនហើយ។ ក្មេងនោះខ្ញុំមានបំណងយកទៅប្រទេសចិន ចិញ្ចឹមថែរក្សាព្រោះជាកូនរបស់ខ្ញុំ។ ខ្ញុំសូមតុលាការដោះលែងខ្ញុំឱ្យមានសេរីភាពវិញ»។ លោក ជុំ សែនសុទ្ធា តំណាងមហាអយ្យការ សន្និដ្ឋានថា ជនជាប់ចោទប្រាប់តុលាការថា គាត់បានធ្វើលិខិតឆ្លងដែន និងសំបុត្រកំណើតឱ្យក្មេងប្រុសនោះ តែមិនឃើញមានដាក់បញ្ជូលក្នុងសំណុំរឿងទេ។ រីឯស្ត្រីឈ្មោះ ហ៊ុន ដាណែត ក៏មិនទាន់បានសាកសួរផងទេ។ លោក សែនសុទ្ធា ថ្លែងថា៖ «ខ្ញុំស្នើសុំចៅក្រមប្រឹក្សា កោះហៅស្ត្រីរូបនេះចូលអះអាងជាសាក្សី ដើម្បីបញ្ជាក់ក្នុងរឿងនេះ»។

លោក ម៉ៃ វណ្ណាឌី ជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ XU WENJUN សន្និដ្ឋានថា តុលាការបានចោទកូនក្តីលោកពាក់ព័ន្ធអំពើលក់ដូរមនុស្ស។ ប៉ុន្តែបើតាមការអះអាងថា ក្មេងម្នាក់នោះមាន DNA ដូចកូនក្តីលោកដែរ។ ហេតុដូច្នេះ គ្មានហេតុផលណា ដែលឪពុកយកកូនខ្លួនឯងទៅលក់ដូរនោះទេ ខណៈដែលគាត់ជាម្ចាស់រោងចក្រមួយដែរនោះ។ លោកថ្លែងថា៖ «បើគាត់មានចេតនាប្រព្រឹត្តបទល្មើសគឺគាត់មិនចាំបាច់ទៅពឹងពាក់អង្គការហើយឱ្យអង្គការនោះនាំទៅឱ្យសមត្ថកិច្ចចាប់ខ្លួនទេ។ ខ្ញុំស្នើសុំតុលាការដោះលែងកូនក្តីខ្ញុំវិញផង»។

ក្រោយជំនុំជម្រះរយៈពេលជិត ១ ម៉ោងមក លោកចៅក្រម ស៊ិន វិសាល ថ្លែងថា សាលដីកានៃសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី ២៤ មករា៕

website_news/2022130101.txt · Last modified: 2022/01/13 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki