website_news:2022130102

កម្ពុជា-ហ្វីលីពីន ជំរុញកិច្ចសហប្រតិបត្តិការ វិស័យសន្តិសុខ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន គ្រឿងញៀន បទល្មើសបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងការងារពង្រីកសម្ព័ន្ធមេត្រីភាព

https://cen.com.kh/ Posted ByPen Srey NeatJanuary 12, 2022

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការឯកភាព ចំពោះការលើកឡើងរបស់លោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីន នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្របខណ្ឌក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ជាពិសេសវិស័យសន្តិសុខ ដែលមានកិច្ចសហប្រតិបត្តិការលើការងារ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន បញ្ហាបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស និងការងារពង្រីកសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ(កម្ពុជា-ហ្វីលីពីន)។

នារសៀលថ្ងៃពុធទី១២ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី សង្ឃឹមយ៉ាងមុតមាំថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន នឹងកាន់តែបន្តរីកចម្រើនថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការក្របខណ្ឌគ្រួសារអាស៊ានផងដែរ។

ខណៈនៅក្នុងឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតថា សម្ដេចក៏សង្ឃឹមថា ប្រទេសហ្វីលីពីន នឹងបន្តចូលរួមគាំទ្រ ដល់ការបំពេញតួនាទីនេះ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ លើវិស័យ ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលរួមមានទីមួយគឺវិស័យសន្តិសុខ និងទីពីរ គឺពាក់ព័ន្ធនឹងកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិជាតិនោះ សម្ដេចក្រឡាហោម បានសម្ដែងក្ដីសង្ឃឹមថា ភាគីទាំងពីរ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការចែករំលែកបទពិសោធន៍ទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាក៏បានយកឱកាសនេះ ជម្រាបជូនលោកជំទាវ ពាក់ព័ន្ធទៅនឹងដំណើរការកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាដែរ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាល កំពុងអនុវត្តផែនការជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២របស់ខ្លួន។ សម្ដេចក៏បានជម្រាបជូនទៀតថា សម្ដេចពិតជាមានមោទនភាព ដែលបានមើលឃើញនូវលទ្ធផល នៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅកម្ពុជា នាពេលកន្លងមក និងថានៅដំណាក់កាលទី២នេះ ក៏ជាដំណាក់កាលដ៏មានសារៈសំខាន់ ក្នុងការផ្ទេរនូវធនធាន និងអំណាច ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែរ។

ជាការឆ្លើយតបលោកជំទាវ Maria Amelita C.Aquino បានជម្រាបសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី នូវការចូលរួមសម្ដែង ការអបអរសាទរ ចំពោះជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវីដ ១៩ និងបានសម្ដែងការវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកយ៉ាងសកម្ម របស់ក្រសួងមហាផ្ទៃ ក្នុងការសម្រេចបាននូវជោគជ័យ ទៅលើការងារគ្រប់គ្រង ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩។ លោកជំទាវក៏បានជម្រាបជូនសម្ដេចក្រឡាហោមទៀតថា ហ្វីលីពីននៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្រ រាល់ព្រឹត្តិការណ៍ដែលក្រសួងមហាផ្ទៃ ត្រូវធ្វើជាប្រធានដឹកនាំ នៅក្រោមក្របខណ្ឌនៃអាស៊ាននេះផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងក្របខណ្ឌអាស៊ាន លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសនៅក្នុងវិស័យសន្តិសុខ ដែលមានកិច្ចសហប្រតិបត្តិការលើការងារ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន បញ្ហាបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរ មនុស្សជាដើម ដែលកិច្ចការទាំងនេះ មួយផ្នែកធំស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា។ ទន្ទឹមនេះដែរលោកជំទាវ ក៏បានសម្តែងនូវបំណង ក្នុងការពង្រីកទំនាក់ទំនង រវាងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ហ្វីលីពីន និងកម្ពុជា តាមរយៈការបង្កើតឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច និងការចងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋ បាលថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរផងដែរ។ លោកជំទាវក៏យកឱកាសនេះ ថ្លែងអំណរគុណសម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ដែលកន្លងមក និងជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩ បានជួយសម្រួលការងារពាក់ព័ន្ធ នឹងអន្តោប្រវេសន៍ ចំពោះពលរដ្ឋហ្វីលីពីនមួយចំនួន ដែលជួបការលំបាក ក្នុងកាលទេសៈនៃជំងឺកូវីដ-១៩នេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃទៅលើលទ្ធផលជាវិជ្ជមាន នៃការងារគ្រប់គ្រងជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា និងអរគុណចំពោះការវាយតម្លៃ ទៅលើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជានិងហ្វីលីពីន។ សម្ដេចក៏បានសម្ដែងការឯកភាព ចំពោះការលើកឡើងរបស់លោកជំទាវ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្របខណ្ឌក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពិសេសការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារពង្រីកសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022130102.txt · Last modified: 2022/01/13 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki