website_news:2022130401

ទូតម៉ាឡេស៊ីស្នើប៉ូលិសដោះលែងជនជាតិម៉ាឡេស៊ី ៥០នាក់ ដែលត្រូវបានចាប់បង្ខាំងឲ្យធ្វើការនៅកម្ពុជា

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី2022-04-10

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក អេលឌីន ហូសៃនី មូហាហ្ស៊ីម (Eldeen Husaini Mohd Hashim) បានសរសេរលិខិតមួយច្បាប់ ស្នើទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន កាលពីដើមខែមេសា ឲ្យជួយអន្តរាគមន៍ដោះលែងជនជាតិម៉ាឡេស៊ី ៥០នាក់ ដែលត្រូវបានចោទប្រកាន់ថា ពួកគេរងការបង្ខិតបង្ខំឱ្យធ្វើសកម្មភាពខុសច្បាប់ នៅខេត្តព្រះសីហនុ។

កាសែតខ្មែរថាមស៍ ដែលបានដកស្រង់លិខិតរបស់ស្ថានទូត ចុះផ្សាយនៅថ្ងៃទី ៩ខែមេសា ឲ្យដឹងថា ជនជាតិម៉ាឡេស៊ីរងគ្រោះដោយសារការជួញដូរមនុស្ស ចំនួន២០នាក់ ក្នុងនោះ ប្រុស ១៦ នាក់ ស្រី៤ នាក់ ត្រូវបានគេឃុំឃាំង និងបង្ខំឱ្យធ្វើការ ១៤ម៉ោងក្នុងមួយថ្ងៃ ទទួលរងការគំរាមកំហែង និងវាយដំ ប្រសិនបើពួកគេមិនគោរពតាមបញ្ជា និងមានចេតនាចង់រត់ចេញ។

កាលពីដើមសប្តាហ៍នេះ សមត្ថកិច្ចបានជួយសង្គ្រោះ យុវជនម៉ាឡេស៊ីចំនួន ១៥នាក់។ ក្រោយពីបានសួរចម្លើយ ពួកគេមិនត្រូវបានចាញ់បោកគេដូចការលើកឡើងនោះ ប៉ុន្តែត្រូវបានគេជួលឲ្យធ្វើការស្របច្បាប់នៅកាស៊ីណូមួយក្នុងក្រុងព្រះសីហនុ។ ពួកគេខ្លះចង់នៅធ្វើការ និងខ្លះទៀតចង់វិលត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ។

ជុំវិញរឿងនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ខ្មែរថាមស៍ថា យុវជនម៉ាឡេស៊ីចំនួន ១៥ នាក់ ពួកគេត្រូវបានបញ្ជូនទៅកាន់នគរបាលរាជធានីភ្នំពេញរួចហើយ ដើម្បីសួរចម្លើយ និងសម្រេចចិត្តចុងក្រោយ ថាតើនឹងត្រូវនិរទេសពួកគេឬអត់។ លោកបន្តថា ជនរងគ្រោះត្រូវបានបោកបញ្ឆោតជាមួយនឹងការផ្តល់ការងារជាអ្នកលក់តាមប្រព័ន្ធទូរគមនាគមន៍ ដោយបានប្រាក់ខែពី៣ពាន់ដុល្លារ ដល់ ៤ពាន់ដុល្លារ ក្នុងមួយខែ៕

website_news/2022130401.txt · Last modified: 2022/04/18 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki