website_news:2022130402

ប្រទេសថៃនឹងទទួលពលករប្រមាណ១៦ម៉ឺននាក់ មកពីប្រទេសកម្ពុជា ឡាវ និងភូមា

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី2022-04-09

ប្រទេសថៃនឹងនាំចូលពលករប្រមាណ ១៦ម៉ឺននាក់ មកពីប្រទេសកម្ពុជា ឡាវ (Lao) និងមីយ៉ាន់ម៉ា ឬភូមា (Myanmar) សំរាប់តម្រូវការកង្វះខាតកម្លាំងពលកម្ម ខណៈដែលអាជ្ញាធរថៃ កំពុងពិនិត្យពីលទ្ធភាពផ្តល់ទិដ្ឋាការបន្តដល់ពលករបរទេស ប្រមាណជាង ២លាន២សែននាក់ ដែលស្ថិតនៅក្នុងប្រទេសថៃ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារថៃ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយ ជាមួយប្រទេសកម្ពុជា ឡាវ (Lao) និងមីយ៉ាន់ម៉ា ឬភូមា (Myanmar)។

មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី៨ ខែមេសា ថា ការនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ តាមរយៈអនុស្សារណៈយោគយល់គ្នា (MoU) នេះ មានភាពស្មុគ្រស្មាញច្រើននិងប្រើពេលយូរ។ បញ្ហានេះហើយ ដែលជាហេតុនាំឲ្យពលរដ្ឋខ្មែរ ចូលចិត្តធ្វើដំណើរឆ្លងកាត់ព្រំដែនទៅរកការងារធ្វើ តាមរយៈមេខ្យល់វិញ៖ «តាមដែលខ្ញុំធ្វើការផ្ទាល់ក្នុងរឿងហ្នឹង ខ្ញុំសង្កេតឃើញថា ការទៅធ្វើការតាម MoU មកដល់ពេលនេះ មិនសូវដំណើរការបានល្អនៅឡើយទេ។ ព្រោះពលរដ្ឋខ្មែរ យើងគាត់ជ្រើសរើសតាមរយៈមេខ្យល់ តាមផ្លូវកាត់ ដោយសារចំណាយតិច គាត់ទៅធ្វើការបានលឿន ទៅពីព្រឹកល្ងាចទៅដល់។ ម្យ៉ាងវិញទៀត ពលរដ្ឋខ្មែរយើង មិនចង់ទេ ព្រោះវាមានស្មុគស្មាញសំរាប់គាត់ផង និងចំណាយលុយច្រើន ហើយពួកគាត់មិនដឹងពីរបៀបរបបដាក់ពាក្យទាំងនោះ»។

ប្រធានអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារថៃ លោក ប៉ារ័យ ចូទិកាសាទីន (Pairoj Chotikasathien) ត្រូវបានសារព័ត៌មានអនឡាញដកស្រង់សំដីថា ក្រសួងការងារ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ លោកបន្តថា ប្រទេសថៃត្រូវការពលករខ្មែរ ជិត៤ម៉ឺននាក់ (៣៨.៩៣៣) ពលករឡាវ ជិត ១ម៉ឺន២ពាន់នាក់ (១១.៩៩៩) និងពលករមីយ៉ាន់មា ឬភូមា ជាង១១ម៉ឺន ៧ពាន់នាក់ (១១៧.០២៩)។ មន្ត្រីនាយកដ្ឋានការងារថៃរូបនេះ ឲ្យដឹងថា អាជ្ញាធរថៃ នឹងផ្តល់ទិដ្ឋាការឲ្យពលករបរទេសទាំងនោះសរុប ចំនួនជាង២លាននាក់ ដើម្បីឲ្យពួកគេ អាចបន្តការងារនៅក្នុងប្រទេសថៃបន្តទៀតបាន។លោក ប៉ារ័យ ជំរុញឲ្យនិយោជក ឬថៅកែថៃ កុំឲ្យជួលពលករខុសច្បាប់ ដោយត្រូវគិតពីសុវត្ថិភាពសុខភាពសាធារណៈជាមុនសិន ជាពិសេស ការរាលដាលនៃជំងឺកូវីដ១៩ ហើយត្រូវអនុវត្តតាមកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីនាំពលករស្របច្បាប់មកធ្វើការនៅក្នុងប្រទេសថៃ។

ចាប់តាំងពីការរាតត្បាតសកលនៃជំងឺកូវីដ១៩មក ពលករបរទេសយ៉ាងច្រើន បាននាំគ្នាសម្រុកត្រឡប់ទៅប្រទេសកំណើតវិញ ស្របពេលដែលអាជ្ញាធរថៃបានបិទព្រំដែន និងរឹតបន្តឹងការធ្វើដំណើរជាដើម ដែលជាហេតុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងស្រុក និងអាជីវកម្មជាច្រើន ត្រូវក្ស័យធន។ ទោះជាយ៉ាងនេះក្តី ក៏មានពលករខ្មែរ ឡាវ និងភូមា រាប់ពាន់នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ពីបទលួចឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ទៅរកការងារធ្វើ ក្នុងប្រទេសថៃ កាលពីអំឡុងឆ្នាំ២០២១៕

website_news/2022130402.txt · Last modified: 2022/04/18 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki