website_news:2022130403

ពលករខ្មែរ ៣៦៤ នាក់ ត្រូវអាជ្ញាធរថៃចាប់បញ្ជូនវិលត្រឡប់មកកម្ពុជាវិញ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ១១ មេសា ២០២២ដោយ Sorn Phanith

ពលករខ្មែរ ៣៦៤ នាក់ ត្រូវអាជ្ញាធរថៃចាប់បញ្ជូនវិលត្រឡប់មកកម្ពុជាវិញ នៅត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពលករខ្មែរ ៣៦៤ នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានចេញទៅទទួល កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២។

លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានឱ្យដឹងថាកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង ៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងបានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ០៨ លើក សរុបចំនួន ៣៦៤ នាក់ ស្រី ១៤៧ នាក់ ក្មេង ៥៨ នាក់ ក្មេងស្រី ២៨ នាក់។

លោកវរសេនីយ៍ឯក ប្រាក់ សាយ បានបន្តថា ក្រោយពីទទួលបានកម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ រួចប្រគល់បងប្អូន ចំនួន ២៦ នាក់ ស្រី ១២ នាក់ ក្មេង ៨ នាក់ ក្មេងស្រី ១ នាក់ ទៅឲ្យក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារអន្តរជាតិគីឡូ ១៣ និងបងប្អូនចំនួន ៣៣៨ នាក់ ស្រី ១៣៥ នាក់ ក្មេង ៥០ នាក់ ក្មេងស្រី ២៧ នាក់ ទៅឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើការត្រួតពិនិត្យសុខភាព និងស្កែនប័ណ្ណចាក់វ៉ាក់សាំងនៅនឹងប៉ុស្តិ៍ជាលទ្ធផលអវិជ្ជមានទាំងអស់ បន្ទាប់មកក្រុមពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ៕

website_news/2022130403.txt · Last modified: 2022/04/18 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki