website_news:2022130404

ពលករខ្មែរកំពុងរងគ្រោះចាញ់បោកមេខ្យល់ទាំងឆ្លងដែនទៅថៃទាំងត្រឡប់មកស្រុកខ្មែរវិញ

https://kohsantepheapdaily.com.kh/ បាត់ដំបង១១ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ១១:៥៥

ខេត្តបាត់ដំបង ៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះនឹងចូលមកដល់ និងស្របពេលពលករខ្មែររាប់រយនាក់ក្នុងមួយថ្ងៃៗ បាន និងកំពុងសម្រុកវិលត្រឡប់ពីប្រទេសថៃ មកកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ស្រាប់តែនៅស្រុកកំរៀង មានលេចចេញនូវក្រុមជនទុច្ចរិត(មេខ្យល់) ដែលជនខ្លះជាមន្រ្តីការពារព្រំដែនផង បានប្រើមធ្យោបាយបោកបញ្ឆោតល្បូងឲ្យក្រុមពលករខ្មែរដែលត្រឡប់មកស្រុកវិញ លួចឆ្លងដែនតាមច្រករបៀង ជាថ្នូរនឹងការបង្ខំទារប្រាក់ម្នាក់ៗចន្លោះពី៧០០បាត ទៅជាង១០០០បាត តាមលទ្ធភាពដែលពួកគេអាចជំរិតទារបាន ដោយភូតកុហក់ថា «គេមិនបើកឲ្យពលករចូលតាមច្រកទ្វារអន្តរជាតិទេ»។ កាលពីល្ងាចថ្ងៃទី៩ មេសា មានពលករខ្មែរប្រុស ស្រី ប្រហែល១០នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ ។ ពេលមកទឹកដីច្រកអន្តរជាតិ «បានឡែម» ស្រុកប៉ូណាំរ៉ន ខេត្តច័ន្ទបុរី ឈមនឹងច្រកអន្តរជាតិ «ដូង» ស្រុកកំរៀង ត្រូវបានពួកជនទុច្ចរិតនិយាយបញ្ចុះបញ្ចូលលូងលោមបោកបញ្ឆោតពួកគេឲ្យដើរឆ្លងព្រំដែនតាមខ្លួន តាម«ច្រករបៀង»មួយកន្លែងដែលគេហៅថា «ច្រកចាន់គិរី» ដោយភូតកុហកក្រុមពលករទាំងនោះថា គេមិនបើកច្រកទ្វារអន្តរជាតិ«ដូង»ឲ្យឆ្លងកាត់ឡើយ ជាថ្នូរនឹងការបង្ខំទារប្រាក់ក្នុងម្នាក់ចំនួន៧០០បាត ។

បើតាមការបំភ្លឺពីក្រុមពលករខ្មែរ ដែលសួរនាំដោយអាជ្ញាធរស្រុកកំរៀង ពួកគេបាននិយាយថា ពេលពួកគេត្រឡប់មកដល់ព្រំដែនខាងទឹកដីថៃ ស្រាប់តែមានមេខ្យល់មកបញ្ចុះបញ្ចូលពួកគាត់ ដោយអះអាងថា ពួកគេអាចនាំឆ្លងដែនតាមច្រករបៀងចូលដីខ្មែរបានទាំងយប់ ហើយលឿនទៀតផង ព្រោះនៅច្រកទ្វារអន្តរជាតិ«ដូង» គេមិនបើកឲ្យចេញចូលទេ។ ប៉ុន្តែមេខ្យល់នោះបានទាមទារប្រាក់ពីពួកខ្លួន(ពលករ) ក្នុងម្នាក់ចំនួន៧០០បាត ជាថ្នូរនឹងការនាំឆ្លងដែនតាមច្រករបៀង ដែលគេស្គាល់ថា «ច្រកចាន់គិរី»។ ក្រុមពលករបានបញ្ជាក់ថា ក្រោយពីពួកខ្លួនបានបង់ប្រាក់គ្រប់ចំនួន នៅវេលាម៉ោងជិត៣រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ មេសា មេខ្យល់នោះបាន ត្រឹមតែចង្អុលបង្ហាញផ្លូវឆ្លងអូរព្រំដែន រួចហើយជននោះបានគេចខ្លួនបាត់ស្រមោល។ ពលករបាននិយាយថា នៅពេលពួកខ្លួននាំគ្នាឆ្លងអូរផុតចូលដល់ដីខ្មែរបានបន្តិច ស្រាប់តែលេចមុខក្រុមមនុស្សស្លៀកពាក់ឯកសណ្ឋានយោធា និងនគរបាលការពារព្រំដែនផង បានស្ទុះមកកាក់ពួកគាត់សួរនាំ។ ក្រោយមកពួកជនឯកសណ្ឋាននោះ បានទាមទារប្រាក់ពីពួកគាត់ក្នុងម្នាក់ៗចនួន១២០០បាតទៀត ដោយអះអាងថា នឹងជួនពួកគាត់ឡើងរថយន្តតាក់ស៊ីចេញទៅស្រុកកំណើតទាំងយប់ ដោយមិនចាំបាច់ឲ្យគេពិនិត្យ ឬ ធ្វើតេស្ដកូវីដ១៩ឡើយ ។ ដោយសារតែខ្លាចអាជ្ញាធរសួរនាំរកលិខិតឆ្លងដែនផង និងខ្លាចចាប់ធ្វើសេត្តរោគសញ្ញាកូវីដ១៩ផង ទើបពួកគាត់សម្រេចសូកប៉ាន់ក្រុមឆ្មាំប្រចាំច្រករបៀងនេះ (ច្រកចាន់គីរី) គ្រប់ចំនួនតាមការទាមទារ ។ ប៉ុន្តែក្រោយពីទទូលប្រាក់ដល់ដៃគ្រប់ចំនួន មិនបានមួយប៉ព្រិចភ្នែកផង ស្រាប់តែបាត់មុខក្រុមស្លៀកពាក់ឯកសណ្ឋានទាំងនោះអស់ពីមាត់ច្រកភ្លាមៗផងដែរ ។

គ្រាហ៍នោះ ពួកគាត់ក៏ធ្វើដំណើរទៅថ្នល់ជាតិ រកម៉ូតូឌុបជិះទៅរករថយន្តកាត់ស៊ី ដើម្បីបន្តដំណើរបន្តទៅស្រុក។ ប៉ុន្តែពេលកំពុងធ្វើដំណើរតាមផ្លូវ ក៏ត្រូវកម្លាំងសមត្ថកិច្ចកាក់ជាប់ទៀត រួចនាំពួកគេទៅសួរនាំអំពីដំណើររឿងរ៉ាវឆ្លងដែនខុសច្បាប់នេះ។ នៅកន្លែងសាកសួរ មន្រ្តីស្រុកបានស្ដីបន្ទោសដល់ក្រុមពលករខ្មែរទាំងនោះ ដែលជឿស្លុងនឹងការបោកបញ្ឆោតរបស់ពួកមេខ្យល់ទុច្ចរិត ។ មន្រ្តីរដ្ឋបាលស្រុកកំរៀង បានប្រាប់ទៅកាន់ក្រុមពលករទាំងនោះថា សម្រាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ អាជ្ញាធរខ្មែរ និង អាជ្ញាធរថៃ បានព្រមព្រៀងគ្នាបើកច្រកទ្វារអន្តរជាតិ «ដូង» មួយរយៈពេលខ្លី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលធ្វើការងារនៅប្រទេសថៃ វិលត្រឡប់មកធ្វើបុណ្យ ជួបជុំគ្រួសារនៅស្រុកកំណើត ។ ចុះហេតុអ្វី បានជាបងប្អូនមិនចូលតាមច្រកដូង បែរជាទៅជឿតាមមេខ្យល់បោកប្រាស់ទៅវិញ ?

សូមបញ្ជាក់ថា បើយោងលើសេចក្ដីជូនដំណឹងរវាងអាជ្ញាធរខេត្តបាត់ដំបង និងអាជ្ញាធរខេត្តចាន់បុរី ច្រកទ្វារអន្តរជាតិ «ដូង» ស្រុកកំរៀង ដែលភាគីថៃហៅ ច្រកទ្វារអន្តរជាតិ «បានឡែម» ត្រូវបានបន្ធូរបន្ថយ បើកឲ្យដំណើរការចេញចូលក្នុងរយៈពេលខ្លី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ ប៉ុន្តែខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ការឯកភាពគ្នាបើកបន្ធូរបន្ថយច្រកចេញចូលនេះ គឺសម្រាប់តែ «ពលករខ្មែរ ដែលធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មានបំណងទៅចូលឆ្នាំថ្មី នៅស្រុកកំណើតរបស់ខ្លួនតែប៉ុណ្ណោះ» ។ បើតាមមន្រ្តីព្រំដែនបានបញ្ជាក់ថា ច្រកទ្វារអន្តរជាតិ«ដូង» បានបើកឲ្យពលករខ្មែរវិលត្រឡប់ពីថៃ ចូលស្រុកខ្មែរវិញ ចាប់តាំងពីថ្ងៃទី៨ មេសា រហូតថ្ងៃបិទបញ្ចប់ចូលឆ្នាំខ្មែរ ទើបច្រកទ្វារអន្តរជាតិ«ដូង» នេះបិទទ្វារបញ្ចប់ដំណើរការចេញចូលរបស់ពលករដែរ ។

ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រកទ្វារចេញចូលនេះ ក៏ត្រូវពិនិត្យរាល់លិខិតឯកសារនានា លើជនបរទេសទាំងឡាយណា ដែលឆ្លងដែនដោយខុសច្បាប់យ៉ាងល្អិតល្អន់ផងដែរ។ ជុំវិញករណីដែលពលករខ្មែរ ត្រូវជនខិលខូចបោកប្រាស់យកប្រាក់អស់រាប់ពាន់បាតខាងលើនេះ ជាថ្នូរនឹងការនាំឆ្លងដែនតាមច្រករបៀងខុសច្បាប់វិញ បើតាមមន្រ្តីស្រុកកំរៀង បានលើកឡើងថា បើពិនិត្យ និង ស្រាវជ្រាវ លើសកម្មភាពក្រុមសង្គមងងិតដែលជំរិតទារប្រាក់ពីពលករខ្មែរប៉ុន្មាននាក់ខាងលើនេះ គឺពួកគេជាក្រុមឆក់ឱកាស ដើម្បីទាញយកផលប្រយោជន៍ពីពលករខ្មែរ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅទឹកដីថៃ។ តាមការស្រាវជ្រាវកន្លងមក គេអាចសន្និដ្ឋានបានថា សមាសភាពក្រុមសង្គមងងិតទាំងនោះ មានជនស៊ីវិលផង និងមានសមត្ថកិច្ចនៅតាមតំបន់ព្រំដែនមួយចំនួនផង ដែលពួកគេឃុបឃិតគ្នាធ្វើជាមេខ្យល់នាំមនុស្សឆ្លងដែន បណ្ដាក់គ្នាមានលក្ខណៈជាប្រព័ន្ធតែម្ដង។ ហើយអ្នកដែលររងគ្រោះពិតមិនឈប់ឈរម្ដងហើយ ម្ដងទៀត គឺជាប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកស្វែងរកការងារធ្វើ តាមតំបន់ព្រំដែន ឬ មានគោលបំណងឆ្លងដែនទៅរកការងារនៅទឹកដីថៃ។ ដូច្នេះ អាជ្ញាធរស្រុក និងខេត្ត គួតែធ្វើការស៊ើបអង្កេតលើករណីនេះ ឲ្យបានជាក់លាក់ដើម្បីវែកមុខក្រុមជនសង្គមងងិតទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ចៀសវាងការបង្កផលលំបាកដល់ជនចំណាកស្រុកនានាដល់សង្គម និងបង្កឲ្យប៉ះពាល់ដល់សន្តិសុខតាមតំបន់ព្រំដែនទៀតផង៕

website_news/2022130404.txt · Last modified: 2022/04/18 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki