website_news:2022130406

ពលករខ្មែរខ្ទង់ពាន់នាក់ធ្វើការនៅថៃ វិលចូលស្រុកវិញក្នុង ១ ថ្ងៃៗ នាខែមេសានេះ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 12 April 2022 | 09:14 ICT

បន្ទាយមានជ័យ/ឧត្តរមានជ័យៈ នាដើមខែមេសានេះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់ចូលស្រុកវិញក្នុង ១ថ្ងៃៗ ខ្ទង់ពាន់នាក់ ខណៈពលករមួយចំនួនទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឬបន្លំឯកសារវ៉ាក់សាំងត្រូវបានដាក់ឱ្យនៅមណ្ឌលចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានសុខភាព។

អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក សេក សុខុម ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ មេសា ថា ពលករ ដែលវិលចូលតាមច្រកចំនួន ៣ ក្នុងខេត្តនេះមានការកើនឡើងចាប់ពីដើមខែមេសាជាបន្តបន្ទាប់ ពោលគឺកើនឡើងប្រមាណពី ២៥០ ទៅជិត ១ ០០០ នាក់ ក្នុង ១ ថ្ងៃ។ ក្នុងចំណោមនោះពលករភាគច្រើនបានចាក់វ៉ាក់សាំងដូសទី ២ រួចហើយ រីឯអ្នកមិនទាន់ចាក់វ៉ាក់សាំងមានចំនួនតិចតួច។ លោកថ្លែងថា៖ «បើគាត់អត់មានឯកសារចាក់ វ៉ាក់សាំងទេ យើងឃុំគាត់ ១៤ ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ហើយក្នុងនោះពិនិត្យឃើញមានពលករខ្លះបន្លំឯកសារចម្លងកាតវ៉ាក់សាំងកូវីដដែរ តែមិនច្រើនទេ ហើយក៏មិនពិន័យអីដែរ ប៉ុន្តែ ដាក់ឃុំគាត់ ១៤ ថ្ងៃដូចផ្សេងអ៊ីចឹង»។លោកបន្តថា ចំពោះពលករដែលវិលចូលស្រុកវិញនោះក្នុងចំណោម ១០០ នាក់ មានពលករតែ ២ នាក់ប៉ុណ្ណោះមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ហើយភាគច្រើនធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩។ ទាក់ទងនឹងគម្រោងបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តស្រះកែវក្នុងកម្រិតតំបន់រវាងភាគីកម្ពុជា និង ថៃ គឺមិនទាន់ឯកភាពឱ្យបើកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះទេ ដោយសារការឆ្លងជំងឺកូវីដ ១៩ នៅថៃ មិនទាន់ធូរស្រាលនៅឡើយ។

ដោយឡែកអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ លោក ផល លឹម ថ្លែងថា ពលករដែលចូលតាមខេត្តនេះមានចន្លោះពី ៥០០ ទៅ ជិត ១ ០០០ នាក់នៅដើមខែមេសានេះ។ លោកថា តាមការសាកសួរ ពលករដែលវិលចូលស្រុកយ៉ាងគំហុកនេះ ពួកគេប្រាប់ថា ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មី ហើយពលករខ្លះគ្មានការងារធ្វើនៅថៃ។ ពលករខ្លះឆ្លងដែនខុសច្បាប់ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ គឺ តម្រួតថៃចាប់បញ្ជូនមកវិញដែរ។ លោកបញ្ជាក់ថា៖ «កាលពីថ្ងៃទី ១ ខែមេសា ពលករចូលមកជិត ៨០០ នាក់ ហើយនៅថ្ងៃទី ២ ជាង ៩០០ នាក់។ នៅថ្ងៃទី ៣ មានពលករជាង ៧០០ នាក់ ហើយភាគច្រើនពលករគាត់ថា មកចូលឆ្នាំ ហើយអ្នកខ្លះនោះគាត់ថាអត់ការងារនៅថៃ»។ លោក ផល លឹម ឱ្យដឹងដែរថា ក្នុងចំណោមពលករចូលតាមច្រកខេត្តនេះ មិនមែនសុទ្ធតែអ្នករស់នៅខេត្តឧត្តរមានជ័យនោះទេ ពោលគឺពលកររស់នៅ ២៥ រាជធានី-ខេត្ត។ លោកបន្តថា ក្នុងរយៈពេល ១០ ថ្ងៃនាដើមខែមេសានេះ មានពលករវិលចូលតាមច្រកខេត្តឧត្តរមានជ័យមានចំនួន ៧ ២៨៨ នាក់ ហើយក្នុងនោះវិជ្ជមានកូវីដតែ ៦ នាក់ប៉ុណ្ណោះ។

ទន្ទឹមនឹងមានពលករខ្មែរសម្រុកវិលចូលស្រុក ក៏មានពលករខ្លះសម្រេចចិត្តមិនវិលត្រឡប់មកខ្មែរដែរនាឆ្នាំនេះ។ លោក ឃាង ថា អាយុ ៣៨ ឆ្នាំរស់នៅខេត្តតាកែវ ដែលបានធ្វើចំណាកស្រុកទៅប្រទេសថៃអស់រយៈពេល ៨ ឆ្នាំមកហើយប្រាប់ថា មុនមានបញ្ហាកូវីដ ១៩ គាត់តែងតែមកលេងស្រុកកំណើតស្ទើរតែរៀងរាល់ឆ្នាំ។ ប៉ុន្តែលោកថា ជាង ២ ឆ្នាំចុងក្រោយនេះ លោកមិនបានមកខ្មែរនោះទេ ដោយលោកបារម្ភពីផលវិបាកក្នុងការវិលត្រឡប់ទៅធ្វើការនៅថៃវិញ។ លោកថា៖ «ខ្ញុំនៅថៃធ្វើការនៅរោងចក្រសាច់មាន់ក្នុង ១ ខែរកបានប្រាក់ ១៨ ០០០ បាត (៥៣៥ ដុល្លារអាមេរិក)។ តាមពិតខ្ញុំ ចង់ទៅខ្មែរដែរនៅឆ្នាំនេះ ប៉ុន្តែខ្ញុំខ្លាចវិលមកថៃវិញពិបាក ព្រោះយើងដឹងហើយនៅខ្មែរគេបើកឱ្យចូល តែគេអត់ទាន់បើកឱ្យចេញទេ ហើយណាមួយការងារខ្ញុំនៅទីនេះធ្វើការធម្មតាអត់ប៉ះពាល់ទេ»៕

website_news/2022130406.txt · Last modified: 2022/04/18 10:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki