website_news:2022130407

ពលករចំណាកស្រុកជាច្រើននាក់កាន់ឯកសារចាក់វ៉ាក់សាំងដែលមិនអាចផ្ទៀងផ្ទាត់បាន

https://www.khmertimeskh.com/ យឹម ស្រីលីន / តាំង រីនិត្យ / Khmer Times April 12, 2022

ខណៈពេលដែលពលករចំណាកស្រុករាប់ពាន់នាក់ត្រឡប់មកកម្ពុជាពីថៃ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ ពលករជាច្រើនបានបង្ហាញឯកសារចាក់វ៉ាក់សាំង ឬ កាតដែលមានលេខ QR កូដមិនអាចស្កេនបញ្ជាក់បានឡើយ។ ប្រការនេះនាំឱ្យមានការសង្ស័យថាពួកគេប្រហែលជាទទួលបានឯកសារក្លែងក្លាយដោយមិនដឹងខ្លួននៅប្រទេសថៃ។ ពលករចំណាកស្រុកទាំងនេះ ដែលអះអាងថា បានចាក់វ៉ាក់សាំងពេញលេញ មុនពេលត្រឡប់មកកម្ពុជាវិញ ត្រូវបានដាក់ក្នុងមណ្ឌលចត្តាឡីស័ក គឺជារឿងដែលពួកគេមិននឹកស្មានដល់។

កាសែតខ្មែរថាមស៍ ក្នុងសប្ដាហ៍នេះបានចុះទៅមណ្ឌលចត្តាឡីស័ក និងច្រកព្រំដែននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយបានរកឃើញថា ពលករខ្មែរជិត ៣០០នាក់ ដែលត្រឡប់មកកម្ពុជាពីថៃ គឺបានជាប់គាំងនៅក្នុងមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅ មណ្ឌលចត្តាឡីស័កសំពៅលូន ខេត្តបាត់ដំបង និងមណ្ឌលកូបធំ ខេត្តបន្ទាយមានជ័យ។ ពលករចំណាកស្រុកទាំងនោះ បានកាន់ឯកសារចាក់វ៉ាក់សាំងថតចម្លង និងច្បាប់ដើម ជាច្រើនប្រភេទពីប្រទេសថៃ។ អ្នកខ្លះបានអះអាងថា ពួកគេបានចាក់វ៉ាក់សាំងដល់ទៅបីដូស ប៉ុន្តែមន្ត្រីសុខាភិបាលមិនអាចស្កេនQRកូដបញ្ជាក់បានឡើយ។ ឯកសារពិតប្រាកដដែលត្រូវបានស្កេនរួច នឹងបង្ហាញព័ត៌មានលម្អិតអំពីការចាក់វ៉ាក់សាំង ប៉ុន្តែ នៅពេលដែលស្កេនឯកសារក្លែងក្លាយ វានឹងបង្ហាញ Line App ឬលេខស៊េរី។

លោក ពេជ្រ ថាន អាយុ ៣៥ឆ្នាំ ដែលបានត្រឡប់មកពីខេត្តចាន់បុរី កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលសំពៅលូន បាននិយាយថា គាត់បានចាក់វ៉ាក់សាំងស៊ីណូហ្វាម Sinopharm ចំនួនពីរដូសរួចហើយនៅឯប្រទេសថៃ ហើយគាត់បានទទួលឯកសារចាក់វ៉ាក់សាំងរបស់គាត់ពីនិយោជករបស់គាត់ផ្ទាល់។ លោក ពេជ្រ ថាន មានប្រសាសន៍ថា៖«ពេលខ្ញុំត្រឡប់ មកកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង លោកគ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ពីព្រោះ QR កូដ នៅលើឯកសារមិនបានភ្ជាប់ទៅនឹងទិន្នន័យស្ថានភាពចាក់វ៉ាក់សាំងរបស់ប្រទេសថៃនោះឡើយ»។ លោកបន្តថា៖«ខ្ញុំប្រញាប់ប្រញាល់ត្រឡប់មកផ្ទះដើម្បីចូលឆ្នាំថ្មី ហើយឥឡូវនេះ ខ្ញុំត្រូវជាប់នៅក្នុងមណ្ឌលចត្តាឡីស័ករយៈពេល១៤ ថ្ងៃ។ ខ្ញុំខកចិត្តយ៉ាងខ្លាំង ព្រោះខ្ញុំមិនដឹងថា ហេតុអ្វីបានជា QRកូដនៅលើវិញ្ញាបនបត្រចាក់វ៉ាក់សាំងមិនអាចភ្ជាប់ទៅនឹងទិន្នន័យនោះទេ»។

អ្នកស្រី ជឿ ណេ អាយុ ៣០ ឆ្នាំ បាននិយាយថា គាត់បានចាក់វ៉ាក់សាំងស៊ីណូហ្វាក់ Sinovac រួចហើយ ប៉ុន្តែគាត់ក៏ជួបប្រទះបញ្ហាដូចគ្នាផងដែរ។ អ្នកស្រីបន្តថា៖«លេខ QRកូដ នៅលើវិញ្ញាបនបត្រចាក់វ៉ាក់សាំងរបស់ខ្ញុំ មិនអាចភ្ជាប់នឹងទិន្នន័យបានទេ។ ខ្ញុំបានទូរស័ព្ទទៅវេជ្ជបណ្ឌិតដែលចាក់វ៉ាក់សាំងឲ្យខ្ញុំនៅប្រទេសថៃដើម្បីពិភាក្សាជាមួយគ្រូពេទ្យនៅទីនេះ ប៉ុន្តែគាត់មិនព្រមនិយាយសោះ។ ខ្ញុំអស់សង្ឃឹម ដែលមិនបានចំណាយពេលចូលឆ្នាំថ្មីជាមួយគ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះ ខ្ញុំកំពុងជាប់នៅមណ្ឌលចត្តាឡីស័កទៀត»។

កញ្ញា អ៊ាង សូឡា អាយុ ២៥ឆ្នាំ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក កូបធំ បាននិយាយថា នាងពិតជាមិនសប្បាយចិត្តនោះទេ នៅពេលដែលនាងជាប់ក្នុងមណ្ឌលចត្តាឡីស័ក បើទោះជានាងបានចាក់វ៉ាក់សាំង ចំនួនពីរដូសរួចហើយក៏ដោយ។ កញ្ញាបានបញ្ជាក់ថា៖«គ្រូពេទ្យនៅច្រកព្រំដែនម៉ាឡៃប្រាប់ខ្ញុំថា វិញ្ញាបនបត្រចាក់វ៉ាក់សាំងរបស់ខ្ញុំក្លែងក្លាយ ហើយវាមិនបានបញ្ជាក់អំពីកាលបរិច្ឆេទ និងប្រភេទវ៉ាក់សាំងនោះទេ។ ខ្ញុំមិនមានវិញ្ញាបនបត្រដូចអ្នកដទៃទេ មានតែកាតលឿងដែលបង្ហាញអំពី ឈ្មោះ អាយុ ប៉ុណ្ណោះ»។ កញ្ញាបន្តថា៖«ខ្ញុំមានការខកចិត្តជាខ្លាំងដែលជាប់នៅក្នុងមណ្ឌលចត្តាឡីស័ក។ ប្រសិនបើខ្ញុំបានដឹងជាមុននៅក្នុងប្រទេសថៃថា ប័ណ្ណចាក់វ៉ាក់សាំងមិនផ្តល់ព័ត៌មានច្បាស់លាស់ ហើយខ្ញុំត្រូវធ្វើចត្តាឡីស័កនោះ ខ្ញុំប្រាកដជាត្រូវដោះស្រាយបញ្ហានេះជាមុនសិនហើយ»។

លោក សុខ ជាតិ អាយុ ២៧ ឆ្នាំ ដែលបម្រើការងារជាកម្មករសំណង់នៅខេត្តចាន់បូរី បានចំណាយប្រាក់ជាង ៧៧ ដុល្លារដើម្បីមកកម្ពុជា បាននិយាយថា ឥឡូវនេះគាត់កំពុងជាប់នៅក្នុងមណ្ឌលចត្តាឡីស័ក។ លោក សុខ ជាតិ បាននិយាយថា៖«វេជ្ជបណ្ឌិតប្រាប់ខ្ញុំថា លេខQR កូដរបស់ខ្ញុំ មិនអាចភ្ជាប់ទៅទិន្នន័យមន្ទីរពេទ្យថៃដែលខ្ញុំបានចាក់វ៉ាក់សាំងនោះទេ»។

លោក មុំ ចាន់ថន មន្ត្រីសុខាភិបាលនៅមណ្ឌលសំពៅលូន ស្រុកកំរៀង មានប្រសាសន៍ថា ពលករចំណាកស្រុកទាំងអស់ដែលត្រូវបាននាំយកទៅទីនោះ នឹងត្រូវគេស្កេនឯកសារចាក់វ៉ាក់សាងរបស់ពួកគេឡើងវិញ ប្រសិនបើពួកគេមានឯកសារ។ លោកបន្តថា៖«ប្រសិនបើព័ត៌មានពាក់ព័ន្ធលេចឡើងនៅពេលស្កេន QRកូដ ពួកគេនឹងត្រូវអនុញាតឱ្យត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ។ ប្រសិនបើវាមិនបង្ហាញព័ត៌មានលម្អិតទេ ពួកគេត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃសិន សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ក្រោយធ្វើតេស្តរហ័សអវិជ្ជមានរួច»។ លោកបន្ថែមថា៖«អ្នកដែលធ្វើតេស្ដវិជ្ជមានត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ហើយបច្ចុប្បន្នមានពលករចំណាកស្រុករហូតដល់ ១០០ នាក់ដែលកំពុងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ»។

លោក ថន សែ អនុប្រធានមន្ទីរសុខាភិបាលស្រុកកំរៀង បានមានប្រសាសន៍ថា ពលករចំណាកស្រុកជិត ២.០០០នាក់ បានវិលត្រឡប់មកវិញកាលពីម្សិលមិញ ហើយពួកគេខ្លះត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីមានបញ្ហាជាមួយឯកសារចាក់វ៉ាក់សាំងរបស់ពួកគេ។ លោកបន្តថា៖«ព័ត៌មានស្តីពីវិញ្ញាបនបត្រចាក់វ៉ាក់សាំងរបស់ពួកគេមិនអាចចូលប្រើបានទេ ដោយសារកន្លែងធ្វើការរបស់ពួកគេមិនបានបញ្ជូនព័ត៌មានចាក់វ៉ាក់សាំងរបស់ពួកគេទៅកាន់ក្រសួងសុខាភិបាលក្នុងប្រទេសថៃ។ ពួកគេខ្លះជាពលករចំណាកស្រុកខុសច្បាប់ ដូច្នេះកន្លែងធ្វើការមិនអាចផ្ញើឈ្មោះទៅក្រសួងបានឡើយ»។

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍កាលពីម្សិលមិញថា ក្រុមមន្ត្រីកំពុងយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការហូរចូលរបស់អ្នកដែលមានលិខិតបញ្ជាក់វ៉ាក់សាំងក្លែងក្លាយ។ លោកបានបន្តថឱ្យដឹងថា៖«យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជាក់អំពីស្ថានភាពនៃការចាក់វ៉ាក់សាំង។ យើងនឹងពិភាក្សាបន្ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ពលករចំណាកស្រុកដែលប្រឈមនឹងបញ្ហានេះ»៕

website_news/2022130407.txt · Last modified: 2022/04/18 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki