website_news:2022130502

កងទ័ពកម្ពុជា ចូលរួមប្រជុំ ដើម្បីបង្កើនទំនាក់ទំនងជាមួយវៀតណាម និងថៃ

https://kohsantepheapdaily.com.kh/ ភ្នំពេញ១១ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ១៨:៤៤

ភ្នំពេញ៖ គណៈប្រតិភូកងទ័ពកម្ពុជា ២ក្រុម បានអញ្ជើញទៅចូលរួមកិច្ចប្រជុំដាច់ដោយឡែកពីគ្នា នៅប្រទេសវៀតណាម និងប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពប្រទេសជាប់ព្រំដែនកម្ពុជា និងវៀតណាម ព្រមទាំងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំជាមួយលោកឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២២។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនរាប់ចាប់តាំងពីឆ្នាំ២០០៤ មក ហើយមកដល់ឆ្នាំ២០២១ កន្លងទៅនេះ ក៏បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី រវាងកងឯកភាពទាំងពីរ ដែលជាមូលដ្ឋានក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការកសាងព្រំដែនគោកនៃប្រទេសទាំងពីរ ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កន្លងទៅ ដោយក្នុងនេះកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ បានបន្តកិច្ចសហការជាមួយគ្នាយ៉ាងសកម្មលើការចូលរួមចំណែកទប់ស្កាត់អំពើភេរវកម្ម និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការសម្រេចបាននូវការដោះស្រាយភារកិច្ចការងារព្រំដែនផ្សេងទៀត ទទួលបានលទ្ធផលល្អប្រសើរ ទោះបីជាប្រទេសទាំងពីរ បានជួបប្រទះនូវបញ្ហាប្រឈមដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩យ៉ាងណាក្តី ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏បានផ្តល់ការឧបត្ថម្ភជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ។

លទ្ធផលសំខាន់ៗ ដែលសម្រេចបានមកនេះ ពិតជាបានចូលរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ និងការថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន ដែលជាការបង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសងខាង ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

សម្រាប់ទិសដៅឆ្នាំ២០២២ ភាគីទាំងពីរ បានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែង សហការអនុវត្តភារកិច្ចស្របតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងការជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់រវាងកងឯកភាពទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងរវាងកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមគ្នា ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា៖ ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

ដោយឡែក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៨ រវាងយោធភូមិភាគទី៥ (កម្ពុជា) និងកងទ័ពភូមិភាគទី១(ថៃ) បានបិទកិច្ចប្រជុំ ក្រោយពីបានប្រព្រឹត្តធ្វើឡើងអស់ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅកន្លែងលំហែកាយ កងទ័ពជើងគោកថៃ ស្ថិតនៅសួនសុនប្រាឌិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ភាគីកម្ពុជា ឯភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណងប៊ួឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ ជាសហប្រធាននៃអង្គប្រជុំរួម។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សារកទិសដៅដោះស្រាយ និងរំលឹកឡើងវិញនូវភាពរីកចម្រើននៃការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពាក់ព័ន្ធទៅនឹងសម្ព័ន្ធភាពកងទ័ព និងសន្តិសុខតាមព្រំដែន ដោយពិចារណា ក្នុងការកំណត់ទស្សនវិស័យក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ។ អង្គប្រជុំបានរំលឹកឡើងវិញ អំពីលទ្ធផលនៃការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពុជា លើកទី២៧ រវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១ ដោយនាំលទ្ធផលនៃការប្រជុំដូចបានពោលខាងលើ ដើម្បីយកមកពិចារណា និងរៀបចំធ្វើកំណត់ហេតុរួមក្នុងការប្រជុំលើកនេះ។ ក្នុងរយៈពេលបីថ្ងៃនេះ អង្គប្រជុំមានការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកពាក់ព័ន្ធនិងបញ្ហាផ្សេងៗ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) ក្រៅពីនេះភាគីទាំងពីរបានលើកស្ទួយឲ្យមានការអនុវត្តន៍ ទៅតាមអនុស្សារណៈ នៃការយោគយល់គ្នា ស្តីអំពីការត្រួតពិនិត្យ និងរៀបចំបោះបង្គោលសីមាព្រំដែន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ មានប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរ បានឯកភាពរួមគ្នាឲ្យមានការប្រជុំពិភាក្សា ដើម្បីកំណត់ទិសដៅក្នុងការទប់ស្កាត់ការលបលួចកសាងសំណង់ខុសច្បាប់ និងការចោលសំណល់រឹង បង្ហូរសំណល់រាវចូលអូរព្រំដែន កម្ពុជា-ថៃ ភាគីទាំងពីរ បានឯកភាពគ្នា ស្នើឲ្យមានការដើរល្បាតដោយមានការទំនាក់ទំនងគ្នាតាមបណ្ដោយព្រំដែន កិច្ចសហប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន តាមបរិវេណព្រំដែន ទាំងការល្បាតផ្លូវអាកាស តាមបណ្តោយព្រំដែនស្នើឲ្យមានការទំនាក់ទំនងជាមុនសិនមុននឹងមានការហោះហើរ និងទប់ស្កាត់ការីករាលដាលនូវជំងឺកូវីដ-១៩។ អង្គប្រជុំបានឯកភាពរៀបចំការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២៩ នៅព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ការកំណត់ពេលវេលា និងទីកន្លែង នឹងមានការជូនដំណឹងតាមរយៈក្រុមលេខាភាគីទាំងពីរ៕

website_news/2022130502.txt · Last modified: 2022/05/13 15:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki