website_news:2022130504

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរចំនួន ១៣នាក់ ឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់

https://www.rfa.org/khmer/ ដោយ ថា ថៃ2022.05.11

អាជ្ញាធរថៃ ចាប់ខ្លួនពលករខ្មែរចំនួន ១៣នាក់ ក្នុងនោះមានស្ត្រី ៥នាក់ កាលពីថ្ងៃទី១០ ខែឧសភា។ ហ្វេសប៊ុករបស់ទាហានថៃ ប្រចាំនៅខេត្តស្រះកែវ (Sakeo) ចុះផ្សាយនៅយប់ថ្ងៃទី១០ ថា ពលករខ្មែរទាំងនោះ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនក្នុងពេលដែលពួកគេធ្វើដំណើរតាមរថយន្តរបស់មេខ្យល់ជាជនជាតិថៃ នៅតំបន់ព្រំដែនខេត្តស្រះកែវ (Sakeao) ប្រទេសថៃ ដោយខុសច្បាប់។ ពេលសមត្ថកិច្ចថៃសួរនាំនោះ គឺជនជាតិខ្មែរទាំង ១៣នាក់ បានប្រាប់ថា ពួកគេធ្វើដំណើរទៅខេត្តចន្ទបុរី (Chanthaburi) ខេត្ត រៈយ៉ង (Rayong) និងខេត្តនន្ទបុរី (Nonthaburi) ដើម្បីរកការងារធ្វើ ។ ក្រោយពីសួរចម្លើយពលករខ្មែរទាំង ១៣នាក់ និងមេខ្យល់ថៃ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកាន់កម្លាំងជំនាញ ដើម្បីចាត់ការតាមច្បាប់។

ស្នងការរងទទួលបន្ទុកការពារព្រំដែនខេត្តបន្ទាយមានជ័យ លោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា តាម រយៈសារតេឡេក្រាមថា ពលករទាំងនោះ នឹងបញ្ជូនមកដល់កម្ពុជាវិញនៅល្ងាចថ្ងៃទី១០ ខែឧសភា ។ លោកបញ្ជាក់ថា អាជ្ញាធរថៃតែងចាប់បញ្ជូនពលករខ្មែរ មកឲ្យអាជ្ញាធរកម្ពុជាវិញជារៀងរាល់ថ្ងៃ គ្រាន់តែថ្ងៃខ្លះមានចំនួនច្រើនថ្ងៃខ្លះមានចំនួនតិចប៉ុណ្ណោះ។

ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍ នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា កត់សម្គាល់ថា ការបើកច្រកព្រំដែន គឺបើកជាផ្លូវការ ប៉ុន្តែពលករខ្មែរចំណាកស្រុកទាំងនោះ គឺឆ្លងដែនតាមច្រករបៀងជាច្រកមិនផ្លូវការ ទើបមានការចាប់ខ្លួនជាបន្តបន្ទាប់ ។ លោកបន្ថែមថា ពលករគ្មានឯកសារស្របច្បាប់នោះទេ ព្រោះថា បើពួកគេទៅស្របច្បាប់តម្រូវឱ្យដាក់ពាក្យតាមក្រុមហ៊ុនពលករណាមួយ ហើយការរង់ចាំពេលយូរ អស់ប្រាក់ច្រើន អ៊ីចឹង គាត់មានតែជម្រើសឆ្លងដែនខុសច្បាប់ គឺលឿន ហើយចង់ទៅពេលណា គឺបានពេលហ្នឹង៖ «គួរតែសម្រួលធ្វើឯកសារប៉ាស្ព័រ (Passport) ហ្នឹង តាមជាយដែនហ្នឹងណា៎ ហើយប្រកាសជាផ្លូវការទៅ ក្នុងតម្លៃដែលមិនថ្លៃ ដែលគាត់អាចធ្វើបាន អីជាដើមចឹង អាហ្នឹងវាជាជម្រើសមួយពាក់ព័ន្ធការផ្តល់ឯកសាររបស់រដ្ឋាភិបាល ទី២ គឺពាក់ព័ន្ធនឹងរឿង ប្រសិនគាត់ហៅថាឆ្លងដែនមិនមានជម្រើសល្អហើយ មានតែមិនស្របច្បាប់អ៊ីចឹង រដ្ឋាភិបាលកម្ពុជា ក៏ត្រូវតែអន្តរាគមន៍ ជួយពួកគាត់ឱ្យបានជាបន្ទាន់ពាក់ព័ន្ធ និងរឿងការចាប់ខ្លួន ដើម្បីកុំឱ្យគាត់ប្រឈមអំពីការដាក់ទោសទណ្ឌពិន័យជាប្រាក់អីថែមជាដើម»។ លោក ឌីថេ ហូយ៉ា ព្រួយបារម្ភថា ប្រសិនបើបញ្ហាទាំងនេះ មិនត្រូវបានយកចិត្តទុកដាក់ដោះស្រាយទេ នឹងបង្កឲ្យមានបញ្ហាសង្គមធ្ងន់ធ្ងរនៅពេលខាងមុន។ លោកបន្ថែមទៀតថា ដំណោះស្រាយយូរអង្វែង គឺរដ្ឋាភិបាលត្រូវបង្កើនការងារក្នុងស្រុក ដោយបង្កើនវិនិយោគក្នុងស្រុកច្រើន ពិសេសវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្មកែច្នៃ និងទីផ្សារកសិកម្មដល់ពលរដ្ឋ។

បើគិតត្រឹមថ្ងៃទី១១ ខែឧសភានេះ ពលរដ្ឋខ្មែរ ១០០នាក់ជាងហើយ ត្រូវអាជ្ញាធរថៃចាប់ខ្លួន និងបញ្ជូនមកកាន់កម្ពុជាជាបន្តបន្ទាប់ បើទោះបីជាមានការបើកច្រកអន្តរជាតិរួចរាល់ហើយក៏ដោយ ពលរដ្ឋនៅតែបន្តឆ្លងដែនដោយខុសច្បាប់ដដែល៕

website_news/2022130504.txt · Last modified: 2022/05/13 15:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki