website_news:2022130601

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលុបបំបាត់ពលកម្មកុមារជាការងារអាទិភាព

https://cen.com.kh/ Posted ByPen Srey NeatJune 11, 2022

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា ការលុបបំបាត់ពលកម្មកុមារជាការងារអាទិភាព ដោយនៅប្រទេសកម្ពុជា ការដកហូតនិងទប់ស្កាត់ ពីពលកម្មកុមារ និងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ដោយផ្តល់ឱកាសដល់ពួកគេទទួលបានការអប់រំ បំណិនជីវិត និងបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង។

នេះជាការលើកឡើងរបស់ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទសកលស្តីពី “កិច្ចគាំពារសង្គមជាសកល ដើម្បីបញ្ចប់ពលកម្មកុមារ” រៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា បើទោះបីជាមានការរីករាលដាលជំងឺកូវីត-១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តផ្តល់កិច្ចអន្តរាគមន៍ស្នូលដល់កុមារ រងគ្រោះ និងងាយរងគ្រោះដោយសារពលកម្មកុមារ តាមបណ្តាខេត្តគោលដៅ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ សរុបជាង៦០ម៉ឺនគ្រួសារ ដើម្បីសំរាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្រី្ត និងកុមារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តលុបបំបាត់ពលកម្មកុមារ តាមផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០១៦-២០២៥) ដែលស្របទៅនឹងគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព (២០១៥-២០៣០)។ បច្ចុប្បន្ននេះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ(គ.ជ.ព.) និងនាយកដ្ឋានការងារកុមារ ដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខភាព សុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមរោងចក្រ សហគ្រាស ដើម្បីសមធម៌ កំណើនសេដ្ឋកិច្ច និងការងារសមរម្យសម្រាប់យុវជន លើសពីនេះ ក្រសួងបានរៀបចំលិខិតបទដ្ឋានគតិយុត្តិមួយចំនួន ដើម្បីការពារឧត្តមប្រយោជន៍ របស់កុមារពីគ្រោះថ្នាក់ការងារផ្សេងៗ។

លោកជំទាវ ស៊ើង សរសុចិត្តា មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាចំពោះកុមារ តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិពាក់ព័ន្ធនឹងកុមារ និងការបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួល ពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមស្តីពីស្ថានភាពកុមារនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ដើម្បីសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍សកលប្រកបដោយចីរភាព(២០១៥-២០៣០) ដែលចែងអំពីការបញ្ចប់ពលកម្មកុមារ នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាមានវិធានការនិងប្តេជ្ញាចិត្តដូចតទៅ៖

•បន្តពង្រឹងយន្តការអនុវត្តច្បាប់និងអធិការកិច្ចការងារ និងសហការជាមួយអង្គការនិយោជិត និយោជក ដើម្បីដោះស្រាយករណីវិវាទពលកម្មកុមារ និងសុវត្ថិភាពការងារឱ្យបានទាន់ពេលវេលា ជាពិសេសជំរុញនិយោជក គោរពច្បាប់ និងបទដ្ឋានគតិយុត្តនានា និងការដាក់ពិន័យកម្រិតធ្ងន់សម្រាប់រោងចក្រសហគ្រាស ដែលប្រើប្រាស់ពលកម្មកុមារ។

•ពង្រីកកិច្ចសហការអន្តរវិស័យ និងស្វែងរកដំណោះស្រាយសមស្រប ចំពោះបញ្ហាពលកម្មកុមារដែលមានចរិតលក្ខណៈពហុវិស័យ ដើម្បីធានាឧត្តមប្រយោជន៍របស់កុមារកម្ពុជា និងកសាងមូលធនមនុស្សស្របតាមបរិបទការងារសមរម្យ។

•ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធសហការគ្នា ដើម្បីធានាសុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង និងអំពាវនាវសាធារណៈជន រាយការណ៍អំពីករណីពលកម្មកុមារនៅកន្លែងធ្វើការ។ ទន្ទឹមនឹងនេះ ណែនាំដល់អាណាព្យាបាល និងនិយោជកករណីរំលោភបំពានពលកម្មកុមារ ជាពិសេសកុមារបម្រើការងារក្នុងផ្ទះ គឺជាបទល្មើសព្រហ្មទណ្ឌ ដើម្បីកាត់បន្ថយការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។

•ស្វែងរកការគាំទ្រ ធនធាននិងបច្ចេកទេស ដើម្បីស្រាវជ្រាវ និងចងក្រងប្រកាសពាក់ព័ន្ធនឹងពលកម្មកុមារ នៃសកម្មភាពសេដ្ឋកិច្ចដែលវិវត្តន៍ថ្មីៗ និងយុទ្ធនាការឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅកម្រិតថ្នាក់ឃុំសង្កាត់។

គួរបញ្ជាក់ជូនដែរថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយនាំមុខក្នុងចំណោមប្រទេសទាំង៥ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ និងមានលក្ខខណ្ឌការងារល្អប្រសើរ មានគោលនយោបាយច្បាស់លាស់ ក្នុងការប្រឆាំងនឹងពលកម្មកុមារ និងជាប្រទេសនាំមុខមធ្យម ក្នុងចំណោមប្រទេសនាំមុខទាំង១៣ នៅលើពិភពលោកក្នុងវឌ្ឍនភាពប្រឆាំងពលកម្មកុមារ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022130601.txt · Last modified: 2022/06/13 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki