website_news:2022130701

ជនជាតិវៀតណាមដែលត្រូវបានគេជួញដូរមកកម្ពុជា ត្រូវបានសន្យាផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលពួកគេមិនអាចបដិសេធបាន

https://www.khmertimeskh.com/ July 12, 2022

ឈ្មួញកណ្តាលបានប្រើប្រាស់រូបថតអគារប្រណីតៗ និងពិធីជប់លៀងក្រុមហ៊ុនថតនៅកម្ពុជា ដើម្បីទាក់ទាញពលករវៀតណាម បន្ថែមពីលើការសន្យាផ្តល់ការងារសមរម្យ ជាមួយនឹងប្រាក់ខែខ្ពស់។ បន្ទាប់ពីត្រូវបានជួយសង្គ្រោះកាលពីខែមិថុនា Nguyen Van Chien អាយុ១៩ ឆ្នាំបានទៅរកភ្នាក់ងារស៊ើបអង្កេតសន្តិសុខនៃប៉ូលីសខេត្ត Thanh Hoa ដើម្បីទៅរាយការណ៍អំពី Trang Ngoc Chung អាយុ១៩ឆ្នាំ។ Chien បាននិយាយថា គាត់ស្គាល់ Chung ដែលមកពី Sam Son Town រយៈពេល៧ ឆ្នាំមកហើយ ហើយគាត់បានឮពីChung កាលពីខែកុម្ភៈថា មានការងារដែលមានប្រាក់បៀវត្សរ៍ប្រចាំខែពី៥០០-១០០០ ដុល្លារក្នុងប្រទេសកម្ពុជា។ Chung បានប្រាប់គាត់ថាការចំណាយ និងការរៀបចំការធ្វើដំណើរទាំងអស់នឹងត្រូវបានចេញដោយថៅកែ។ Chien មានការចាប់អារម្មណ៍ និងទទួលយកការផ្តល់ជូននេះ ដោយសារតែគាត់មិនមានការងារពិតប្រាកដនៅពេលនោះ ហើយគិតថា Chung ជាមិត្តជិតស្និទ្ធ។ នៅដើមខែមីនា Chung បានប្រាប់ Chien ឱ្យមកហាងកាហ្វេអ៊ីនធឺណិតក្នុងក្រុង Sam Son ហើយ “មាននរណាម្នាក់នឹងមកទទួល”។ Chien បានជួបមនុស្សបីនាក់ផ្សេងទៀត ដែលនឹងទៅប្រទេសកម្ពុជាតាមការណែនាំរបស់ Chung។

អ្នកបើកតាក់ស៊ីម្នាក់បានមកយកពួកគេទាំងបួននាក់នៅម៉ោងប្រហែល ២ទៀបភ្លឺ ហើយបាននាំពួកគេទៅតាមឡានក្រុងឆ្ពោះទៅទីក្រុងហូជីមិញ។ នៅផ្លូវរថភ្លើងក្រោមដី មានក្រុមមួយបានដឹកពួកគេឡើងទៅតំបន់ភ្នំក្នុងខេត្តឡុងអាន ដើម្បីរង់ចាំដល់យប់ទើបឆ្លងដែនដោយម៉ូតូ។ ពេលនោះគឺងងឹត ពួកគេត្រូវបានជនមិនស្គាល់មុខម្នាក់ នាំពួកគេឆ្លងព្រៃមកប្រទេសកម្ពុជា។ ពួកគេបានមកដល់នៅម៉ោងប្រហែល៤ទៀបភ្លឺ។

Chien បានប្រាប់ថា ការងាររបស់គាត់រួមមានកុំព្យូទ័រ និងទាក់ទាញមនុស្សឱ្យលេងហ្គេមកាតអនឡាញ និងបង្កើនការប្រាស្រ័យទាក់ទងគ្នានៅលើបណ្តាញសង្គម។ គាត់នៅជាន់ទីពីរនៃអគារការិយាល័យខ្ពស់មួយ ហើយជាន់អគារនោះមានបុគ្គលិកប្រហែល ៣០០ នាក់ ដែលភាគច្រើនជាជនជាតិវៀតណាម។ គាត់បានប្រាប់ប៉ូលីសថា ពួកគេជាច្រើននាក់ត្រូវបានវាយដំយ៉ាងឃោរឃៅក្នុងរយៈពេលមួយខែដែលគាត់នៅទីនោះ។ «អ្នកខ្លះហូរឈាមច្រមុះបន្ទាប់ពីគេវាយយ៉ាងចាស់ដៃ ព្រមទាំងប្រើដំបងឆក់វាយយើងទៀតផង។ “ការស្រែកឈឺចាប់អាចត្រូវបានគេឮជាញឹកញាប់នៅក្នុងអគារ” ។ មានបន្ទប់ដាក់ទណ្ឌកម្មនៅជាន់ទី២សម្រាប់នណារម្នាក់ព្យាយាមរត់គេចមិនព្រមធ្វើការ ឬឈ្លោះជាមួយថៅកែ ហើយគាត់នឹងឮថ្ងូរឈឺចាប់រាល់ពេលដែលគាត់ដើរកាត់បន្ទប់នេះទៅបន្ទប់ទឹក។ “មិនមានការងារដែលមានប្រាក់ខែខ្ពស់ដូចការសន្យានោះទេ។ «យើងត្រូវបានគេគំរាមកំហែងឥតឈប់ឈរ និងបង្ខំឲ្យធ្វើអ្វីខុសច្បាប់»។ គាត់ត្រូវធ្វើការ ១៣-១៥ ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវបានពិន័យប្រសិនបើគាត់មិនអាចសម្រេចគោលដៅបាន ឬព្យាយាមតវ៉ា។ អ្នកដែលចង់លាឈប់ពីការងារ ត្រូវបង់លុយពី ១២០-១៥០ លានដុង (៥.១០០-៦.៤០០ ដុល្លារ) ហើយអ្នកណាដែលព្យាយាមរត់គេច ឬរាយការណ៍ទៅប៉ូលីសត្រូវប្រឈមមុខនឹងការធ្វើបាប។ បុគ្គលិកម្នាក់បានស្លាប់បន្ទាប់ពីធ្វើការបានជាងមួយខែ ហើយប៉ូលីសចុះទៅដល់ និងស៊ើបអង្កេត។ «ពេលយើងឃើញអាជ្ញាធរ យើងស្រែកឲ្យគេជួយ»។

នៅថ្ងៃទី២៩ ខែមេសា Chien និងអ្នកមួយចំនួនទៀតបានត្រឡប់ទៅវៀតណាមវិញ។ “យើងមានសំណាងណាស់ដែលត្រូវបានរកឃើញ និងជួយសង្គ្រោះទាន់ពេល”។ Chien ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ក្នុងខេត្ត Thanh Hoa ដែលត្រូវបានបោកបញ្ឆោតមកធ្វើការនៅកម្ពុជាដោយក្រុមជនពាលជួញដូរ។ Tran Chi Duy អាយុ ១៩ ឆ្នាំមកពីតំបន់ Sam Son ថ្មីៗនេះត្រូវបានសាច់ញាតិលោះបន្ទាប់ពីធ្វើការច្រើនខែនៅក្នុងកាស៊ីណូនៅប្រទេសកម្ពុជា។ គាត់និយាយថាគាត់នៅតែ “ភ័យខ្លាច” គ្រប់ពេលដែលគាត់គិតអំពីពេលវេលារបស់គាត់នៅទីនោះ។ ដោយសារជីវភាពក្រីក្រ Duy និងសាច់ញាតិធ្លាប់ឆ្លងដែនទៅធ្វើការនៅប្រទេសចិន ប៉ុន្តែវាប្រថុយពេក ហើយគាត់ក៏ប្តូររកការងារនៅជិតផ្ទះវិញ។ ពេលកំពុងស្វែងរកការងារ មិត្តចាស់ម្នាក់មកពីខេត្ត Nam Dinh ភាគខាងជើងបានប្រាប់គាត់អំពី “ការងារដែលបានប្រាក់ខែល្អ” នៅក្នុងប្រទេសកម្ពុជា ហើយគាត់ក៏បានទទួលការផ្តល់ជូននេះ។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីនៅដើមឆ្នាំ២០២២ 2022 Duy និងមិត្តភក្តិបានធ្វើដំណើរទៅទីក្រុងហូជីមិញ ដើម្បីជួបបុរសម្នាក់ ហើយត្រូវបានគេនាំទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិ Long Binh ក្នុងខេត្ត An Giang ដើម្បីឆ្លងចូលប្រទេសកម្ពុជា។ Duy ត្រូវបានគេនាំទៅកាស៊ីណូក្បែរព្រំដែន។ ពេលគាត់ចូលទៅដល់ភ្លាមក៏បាត់ការទាក់ទងជាមួយនឹងមេខ្យល់។ ក្រោយមកថៅកែកាស៊ីណូបានប្រាប់គាត់ថាគាត់ត្រូវបានលក់ក្នុងតម្លៃ ២,៧០០ ដុល្លារ។ ទោះបីជាដឹងថាចាញ់បោកគេក៏ដោយ ក៏គាត់គ្មានជម្រើសអ្វីក្រៅពីយល់ព្រមទៅធ្វើការដោយសង្ឃឹមថានឹងអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ដើម្បីត្រឡប់ទៅផ្ទះវិញ។ បន្ទាប់ពីធ្វើការជាអ្នករត់តុនៅកាស៊ីណូអស់រយៈពេលបីខែDuyត្រូវបានគេប្រាប់ថាគាត់ត្រូវបានគេលក់ទៅកាស៊ីណូមួយផ្សេងទៀតក្នុងតម្លៃ4៦០០ដុល្លារ។

នៅកន្លែងថ្មី គាត់ត្រូវបានគេផ្តល់កុំព្យូទ័រ និងទូរស័ព្ទដើម្បីបញ្ចុះបញ្ចូលអតិថិជនអោយលេងល្បែងតាមអនឡាញ។ “រៀងរាល់ថ្ងៃ ខ្ញុំត្រូវធ្វើការ ១៤-១៥ ម៉ោង ខណៈដែលត្រូវបានសន្តិសុខត្រួតពិនិត្យជាប់ជានិច្ច ដោយពួកគេមានកាន់កាំភ្លើង និងគំរាមខ្ញុំ។ គាត់មិនបានទទួលប្រាក់ខែទេ ដោយអ្នកគ្រប់គ្រងនិយាយថាប្រាក់ខែរបស់គាត់បានចំណាយទៅលើការរស់នៅរបស់គាត់។ បន្ទាប់ពីគេងមិនលក់ជាច្រើនយប់ដោយសារតែការភ័យខ្លាច Duy និងមិត្តម្នាក់និយាយថាពួកគេចង់ត្រឡប់ទៅប្រទេសវៀតណាមវិញ ប៉ុន្តែត្រូវបានថៅកែប្រាប់ពួកគេថាពួកគេត្រូវការបង់ប្រាក់ចំនួន១៤០ លានដុង ឬនឹងត្រូវលក់ទៅកាស៊ីណូផ្សេងទៀត។ ត្រង់ចំណុចនេះ Duy ត្រូវបង្ខំចិត្តទូរស័ព្ទទៅផ្ទះ និងស្វែងរកជំនួយពីក្រុមគ្រួសារ។ គ្រួសារគាត់បានបញ្ចាំផ្ទះដើម្បីយកប្រាក់លោះ។

យោងតាមលោកវរសេនីយ៍ឯក Nguyen Thanh Binh ប្រធាននាយកដ្ឋានសន្តិសុខប៉ូលីសខេត្ត Thanh Hoa ភាគច្រើននៃជនរងគ្រោះទាំង១៩ នាក់ដែលទើបត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរកម្ពុជាត្រូវបានបោកបញ្ឆោតដោយមនុស្សដែលពួកគេបានស្គាល់ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងការផ្តល់ជូនអត្ថប្រយោជន៍ដ៏គួរឱ្យទាក់ទាញ។ ជនរងគ្រោះទាំងអស់សុទ្ធតែជាយុវជនដែលមានសុខភាពល្អ គ្មានការងារធ្វើជាប់លាប់ ដែលចូលចិត្តលេង និងចេះប្រើប្រាស់កុំព្យូទ័រ។ ឈ្មួញកណ្តាលជួយអ្នកនៅក្នុងប្រទេសកម្ពុជា ទាក់ទាញជនរងគ្រោះដោយប្រើរូបថតនៃពិធីជប់លៀង និងអគារនានាក្នុងប្រទេសកម្ពុជាដើម្បីធ្វើជានុយ។

យោងតាមនាយកដ្ឋានសន្តិសុខខាងក្រៅ មានករណីចំនួន ៣៨១នាក់ដែលទៅធ្វើការដោយខុសច្បាប់នៅកម្ពុជា។ ក្នុងចំណោមពួកគេ ១៧៩នាក់ បានត្រឡប់មកផ្ទញវិញ ខណៈអ្នកនៅសេសសល់កំពុងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ក្នុងនោះមាន ២១នាក់នៅទីតាំងល្បែងស៊ីសង។ រហូតមកដល់ពេលនេះ ប៉ូលីសបានចោទប្រកាន់ចំនួន ៨ នាក់ពីបទឆបោក និងជួញដូរមនុស្សមកកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះថា មកទល់នឹងពេលនេះ អាជ្ញាធរវៀតណាម និងកម្ពុជា បានសហការគ្នាធ្វើមាតុភូមិនិវត្តន៍ ជនជាតិវៀតណាមចំនួន ៤០០នាក់ ដែលត្រូវបានក្រុមជួញដូរបោកបញ្ឆោត និងលក់នៅកម្ពុជា។

ក្រសួងសន្តិសុខសាធារណៈបានក្រើនរំលឹកប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ននឹងការចាញ់បោកដោយសន្យាផ្តល់ការងារមានប្រាក់ខែខ្ពស់នៅកម្ពុជា។ មុនពេលសម្រេចចិត្តទៅធ្វើការ ចាំបាច់ត្រូវធ្វើការស្រាវជ្រាវឲ្យបានត្រឹមត្រូវអំពីទិសដៅ និងអត្តសញ្ញាណរបស់អ្នកដែលផ្តល់ការងារនោះ។ VnExpress

website_news/2022130701.txt · Last modified: 2022/07/13 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki